សៀមរាប៖ លោកគឹមឆៃហៀងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាបរួម នឹងឯកឧត្តម លោកជំទាវជាសមាជិកក្រុមប្រឹក្សាខេត្តថ្នាក់ដឹកនាំមន្ទីរអង្គភាពអាជ្ញាធរក្រុងស្រុកបានជួបធ្វើសវនា ការជាមួយប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និង អង្គេត នៃ

ព្រឹទ្ធសភា ដែលដឹកនាំដោយលោក គង់ គាំប្រធានគណៈកម្មការទី១នៃព្រឹទ្ធសភានិងអស់លោកលោកស្រីជាសហការី នៅសាលប្រជុំរដ្ឋបាលសាលាខេត្តសៀមរាប
ក្នុងកិច្ចស្វាគមន៍របស់លោក គឹម ឆៃហៀង ចំពោះគណៈប្រតិភូ ដែលបានចុះមកបំពេញបេសកកម្មនៅ ខេត្តសៀមរាប ដើម្បីសិក្សាស្វែងយល់អំពីការអនុវត្តការងារពាក់ព័ន្ធរបស់ខេត្តនិង បណ្តាមន្ទីរ អង្គភាពជំនាញថ្នាក់ក្រោម ជាតិ លើការអនុវត្តតួនាទី ភារកិច្ច ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ដោយតម្លាភាព ប្រសិទ្ធភាព និង ការ ផ្លាស់ប្តូរបទពិសោធន៍លើការងារផងដែរ ។ ក្នុងនោះដែរឯកឧត្តមក៏បានលើកឡើងពីស្ថានភាព គ្រប់គ្រងមន្ត្រីរាជការ អំពីការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង ក្របខណ្ឌគោលនយោបាយ កិច្ចអភិវឌ្ឍន៍របស់ខេត្ត សំខាន់ផ្តោតទៅលើ សក្តានុពលនៃវិស័យទេសចរណ៍ កសិកម្ម ហើយជាពិសេសការគោរពនិងអនុវត្តអំពីសិទ្ធិមនុស្ស និង ការដោះស្រាយនូវគ្រប់រាល់វិវាទពិសេសអភិបាលកិច្ចដែលជាស្នូលនៃយុទ្ធសាស្ត្រចតុកោណ ក្នុងការកំណែទម្រង់រដ្ឋបាលសាធារណៈ។លោកក៏បានបញ្ជាក់ផងដែរថា ចំពោះរាល់ពាក្យបណ្តឹងដែលពាក់ព័ន្ធទៅនិងវិវាទដីធ្លីអាជ្ញាធរបានធ្វើការដោះស្រាយទៅតាមកម្រិតជំនាញ ដោយតំកល់ផលប្រយោជន៍ប្រជាជនជាធំ ។
មានប្រសាសន៍នោះដែរលោក គង់ គាំ ក៏បានលើកនូវបញ្ហាមួយចំនួន ដែលប្រជាពលរដ្ឋតាមបណ្តាក្រុង ស្រុក បានប្តឹងទៅគណៈកម្មកាទី១ នៃព្រឹទ្ធសភា ដោយផ្តោតទៅលើបញ្ហាដីធ្លី ការមិនដោះស្រាយនូវគោលនយោបាយជូន ពួកគាត់ ការទាមទារឲ្យធ្វើប័ណ្ណសំគាល់កម្មសិទ្ធដីធ្លី ការរំលោភយកដីពីសំណាក់កងទ័ព ការដកហូតដីដោយអាជ្ញាធរ អប្សរា ការធ្វើអាត្រានុកូលដ្ឋាន ,អត្តសញ្ញណប័ណ្ណ និង សុំឲ្យតុលាការដោះលែងប្រជាពលរដ្ឋពីររូបកំពុងជាប់ឃុំ ពីបញ្ហាដីធ្លីផងដែរ ។

តាមការបកស្រាយបំភ្លឺ នូវរាល់សំណួររបស់ឯកឧត្តមអភិបាលរងខេត្ត និង បណ្តាអាជ្ញាធរក្រុង ស្រុក និង ថ្នាក់ ដឹកនាំមន្ទីរ អង្គភាព ក៏បានបង្ហាញឲ្យឃើញថា នូវរាល់សំណួរនៃពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋបានលើកឡើងនោះ គឺ បញ្ហាមួយចំនួនគឺមិនបានស្ថិតនូវដែនសមត្ថកិច្ចរដ្ឋបាលរបស់អាជ្ញាធរខេត្តសៀមរាបឡើយ ហើយមួយចំនួនអាជ្ញាធរ ខេត្តបានកំពុងដោះស្រាយទៅតាមដំណាក់កាលជាជំហានៗ ។ ចំពោះបញ្ហាប្រជាពលរដ្ឋពីររូបដែលកំពុងជាប់នៅមន្ទីរឃុំនោះ វាពុំមានរឿងវិវាទដីធ្លីឡើយ គឺជារឿងបទព្រហ្មទណ្ឌ ដោយពួកគាត់បានទៅឈួសឆាយផលដំណាំរបស់ ក្រុមហ៊ុនតាខ្មៅ ។

ឆ្លងតាមសវនាការនេះដែរលោក គង់ គាំ ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរ ក្រុង ស្រុក ដែលបានធ្វើការស្រាយបំភ្លឺ នូវរាល់ទុកកង្វល់របស់ប្រជាពលរដ្ឋ ដែលបានផ្ញើជូនដល់គណៈកម្មការ ទី១ នៃព្រឹទ្ធសភា ដើម្បីជួយអន្តរាគមន៍ដោះស្រាយនូវរាល់ទុកកង្វល់របស់បងប្អូននៅតាមមូលដ្ឋានក្រុង ស្រុកនៃខេត្ត សៀមរាប ៕



































