សៀមរាប៖ នាយកដ្ឋានផ្សព្វផ្សាយរបស់អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា នៅវេលាម៉ោង៩ម៉ ព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៥ ក្រុមកំណាយបូរាណវិទ្យា បានរកឃើញព្រះពុទ្ធបដិមាក្នុងឥរិយាបថ ព្រះហស្ថ ទ្របាត្រ មួយអង្គទៀតហើយ បន្ទាប់ពីបានរកឃើញព្រះកេស ព្រះបដិមា
ទ្រង់ម្កុដ កាលពីវេលាព្រឹកថ្ងៃទី២៥ ខែឧសភា កន្លងទៅ ថ្មីៗនេះ នៅក្នុងរណ្តៅកំណាយបូរាណវិទ្យា នា ប្រាសាទនាគព័ន្ធ ។
លោក ឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយរបស់អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ព្រះកេសបដិមាទ្រង់ម្កុដ ដែលបានប្រទះឃើញនោះ ត្រូវបានយកទៅរក្សាទុកជាបណ្តោះអាសន្ននៅទីស្នាក់ការអាជ្ញាធរជាតិអប្សរាហើយ ដើម្បីធ្វើការស្រាវជ្រាវបន្ត និងចុះបញ្ជីបេតិកភណ្ឌស្របតាមគោលការណ៍អភិរក្ស មុននឹងយកទៅរក្សាទុកនៅសារមន្ទីរ ។
លោក សីលា ស្ថាបត្យករដឹកនាំក្រុមស្រាវជ្រាវហានីភ័យរបស់អាជ្ញាធរអប្សរា បានបង្ហាញឲ្យដឹងថា ការធ្វើកំណាយបូរាណវិទ្យានេះ វាគឺជាប្រតិបត្តិការសិក្សាហានីភ័យជាប្រព័ន្ធនៅប្រាសាទនាគព័ន្ធ ។ លោកស្រី ហ៊ីង ចាន់ថន បុគ្គលិកនាយកដ្ឋានធនធានទឹក របស់អាជ្ញាធរអប្សរា ដែលបានចុះប្រតិបត្តិការផ្ទាល់ អំពីការធ្វើកំណាយបូរាណវិទ្យានៅប្រាសាទនាគព័ន្ធ បាននិយាយឲ្យដឹងថា ប្រតិបត្តិការនេះត្រូវបានចាប់ផ្តើមកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥ ហើយគ្រោងនឹងបញ្ចប់នៅក្នុងខែកក្កដាខាងមុខនេះ ។ ព្រះកេស បដិមាទ្រង់ម្កុដ ដែលបានប្រះទះឃើញនោះ មានទទឹង ១៦សង្ទីម៉ែត្រ និង កំពស់ ២៤សង្ទីម៉ែត្រ និងព្រះពុទ្ធបដិមាស្ថិតក្នុងឥរិយាបថ ព្រះហស្ថទ្របាត្រ មានកំពស់ ៦០សង្ទីម៉ែត្រ ទទឹង ២២សង្ទីម៉ែត្រ( បែកបាក់ឥតមានព្រះកេស និងព្រះបាតនោះទេ ) រួមជាមួយនឹងបំណែកបូរាណវត្ថុផ្សេងៗ មួយចំនួនទៀតផងដែរ ។ បូរាណវត្ថុទាំងអស់នេះ កសាងអំពីថ្មភក ។
លោក លី វណ្ណា ប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបូរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ព្រះកេស-បដិមាទ្រង់ម្កុដ និង ព្រះពុទ្ធបដិមាទ្របាត្រ ថ្វីត្បិតងតែបានជួបប្រទះនៅក្នុងរណ្តៅកំណាយជាមួយគ្នា ប៉ុន្តែសិល្បៈរចនា បានបញ្ជាក់ថា ព្រះកេស និង ព្រះកាយនៃបដិមាទាំងពី២នេះ ពុំមែនជារូបតែមួយនោះទេ ( ព្រះកេស និងព្រះកាយនៃរូបចម្លាក់ថ្មភកនេះ ដាច់ដោយឡែកផ្សេងពីគ្នា ) ។
លោក លី វណ្ណា បានបកស្រាយឲ្យដឹងថា បើតាមការសិក្សាស្រាវជ្រាវកន្លងមក ព្រះពុទ្ធបដិមារ ច្រើនបានកសាងឡើងនាចុងសតវត្សទី១២ និងដើមសតវត្សទី១៣ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ ដែលរាជ្យព្រះអង្គត្រូវបានគោរពព្រះពុទ្ធសាសនាជាចម្បង ។ លោកបានបន្តថា នៅក្នុងសម័យកាលនោះ មានព្រះពុទ្ធបដិមារចនាបទសម័យអង្គរនិងបាយ័ន ត្រូវបានក្រុមបូរាណវិទ្យា ស្រាវជ្រាវរកឃើញក្នុងឥរិយាបថជាច្រើន ក៏ប៉ុន្តែព្រះពុទ្ធបដិមាទោល កសាងអំពីថ្មភកក្នុងឥរិយាបថ ព្រះហស្ថទ្របាត្រ ដែលភាសាជំនាញហៅថា ( បដ្រា មូដ្រា ) គឺពុំដែលជួបប្រទះនោះទេ ហើយបើសិនជាមានឃើញ គឺមានតែនៅក្នុងរូបគំនូរបូរាណតែប៉ុណ្ណោះ ។
លោកបានសន្និដ្ឋានថា ព្រះពុទ្ធបដិមារ កាយវិការព្រះហស្ថទ្របាត្រ ( បដ្រា មូដ្រា ) កសាងអំពីថ្មភក់ដែលបានជួបប្រទះជាលើកដំបូងនេះ ប្រហែលជាត្រូវបានកសាងនៅក្នុងរចនាបទ ក្រោយសម័យបាយ័ន ៕




































