ខេត្តព្រះសីហនុ ៖នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៥នេះ រដ្ឋបាលក្រុងព្រះសីហនុបានបើកការដ្ឋានជួសជុលផ្លូវអន្តរសង្កាត់លេខ១ និងលេខ២ បន្តពីផ្លូវចូលវត្តលើ តភ្ជាប់មកដល់មហោស្រពចាស់ ដែលមានចំងាយ២៤០ម៉ែត្រ និងមានទទឹង ៦ម៉ែត្រ ។ ដោយមានកាចូលរួមពីមន្ត្រីរាជការ ប្រជាពលរដ្ឋ ក្រោមអធិបតីភាពឯកឧត្តម ឈិត សុខុន អភិបាលនៃគណអភិបាលខេត្តព្រះសីហនុ ។ឯកឧត្តម ឈិត សុខុន អភិបាលខេត្តព្រះសីហនុមានប្រសាសនថា ការបើកការដ្ឋានជួសជុលផ្លូវបេតុងមួយខ្សែនេះ ដែលជាផ្លូវរណបដ៌សំខាន់មួយរបស់ក្រុងព្រះសីហនុដែលមានចរាចរមមាញឹក ម្យ៉ាងទៀតផ្លូវនេះបានជួយសំរួលចរាចរកកស្ទះផ្លូវមុខផែ មកកាន់ទៅប្រជុំជនក្រុងព្រះសីហនុ ។ ដោយសារផ្លូវអន្តរសង្កាត់លេខ១ និងលេខ២ ត្រូវភ្លៀងហូរច្រោះ និងមានរថយន្តធុនធ្ងន់បើកបរឆ្លងកាត់ធ្វើឪ្យខូចខាត ហើយផ្លូវនេះជាផ្លូវរណប
សំរាប់បញ្ចៀសចរាចរណ៌ពីចំណុចផ្លូវមុខកំពង់ផែក្រុងព្រះសីហនុ កាត់ត្រង់មកផ្សារលើក្រុងព្រះសីហនុ ។ឯកឧត្តមអភិបាលខេត្តបន្តថា ការជួសជុលផ្លូវអន្តរសង្កាត់នេះមានការយឺតយ៉ាវដោយសារអាជ្ញាធរសង្កាត់ពុំមានថវិការគ្រប់គ្រាន់ក្នុងការជួយជុល ហើយក្រៅពីផ្លូវអន្តរសង្កាត់មួយខ្សែនេះ អាជ្ញាធរខេត្តកំពុងពិនិត្យមើលលទ្ធភាព ដើម្បីធ្វើការជួសជុលផ្លូវផ្សេងៗបន្ថែមទៀតនៅក្នុងក្រុងព្រះសីហនុបន្តទៀត ដើម្បីជួយសម្រួលចរាចរណ៌របស់ប្រជាពលរដ្ឋ ក៌ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិបានងាយស្រួល ព្រោះអនាគតមានផ្លូវ គឺមានក្តីសង្ឃឹមក្នុងការកសាងអភិវឌ្ឍន៌ប្រទេសជាតិ និងធ្វើអោយជីវភាពរបស់ប្រជាពលរដ្ឋមានភាពល្អប្រសើរផងដែរ ។ឯកឧត្តម ឈិត សុខុន ក៌បានសំណូមពរឪ្យបងប្អូនប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាននៅសងខាងផ្លូវនេះ សូមជួយសហការសម្រួលឪ្យក្រុមការងារបច្ចេកទេសធ្វើការជួសជុលឪ្យបានលឿន និងសូមជួយថែរក្សាការពារផ្លូវនេះអោយបានគង់វង្ស ព្រោះផ្លូវនេះជាផ្លូវរបស់យើងទាំងអស់គ្នា មិនមែនជាផ្លូវរបស់អ្នកណាម្នាក់នោះទេ ។
ឯកឧត្តមបញ្ជាក់ថា ក្រោយពីការជួសជុលរួចរាល់ យើងនឹងរៀបចំដាក់របាំង ដើម្បីហាមឃាត់មិនឪ្យរថយន្តធុនធ្ងន់បើកបរឆ្លងកាត់ ហើយអាជ្ញាធរនឹងពិនិត្យលទ្ធភាពក្នុងការដាក់ភ្លើងបំភ្លឺផ្លូវពេលយប់បន្ថែមទៀត ដើម្បីឪ្យការធ្វើចរាចរណ៌នៅលើផ្លូវអន្តរសង្កាត់ទាំងពីរនេះ មានលក្ខណះកាន់តែមានសោភណ្ឌភាព ធានាបាននូវសុវត្ថិភាព និងសន្តិសុខសាធារណះក្នុងក្រុងព្រះសីហនុ ៕




































