ស្ទឹងត្រែង៖អាជ្ញាធរខេត្តស្ទឹងត្រែងសហការជាមួយក្រុមរុករកអដ្ឋិធាតុកងទ័ពស្ម័គ្រវៀតណាមនិងរៀបចំ ពិធីធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុចំនួន១១ ដែលបានរកឃើញនៅក្នុងទឹកដីខេត្តស្ទឹង ត្រែងយកទៅ ខេត្តយ៉ាឡាយនៃប្រទេសវៀតណាម ដើម្បីឲ្យគ្រួសារនៃសព្វមានការអស់ចិត្ត
និងស្ងាប់ អារម្ភណ៏ក្នុងពេលដែលគ្រូសារមួយបានបាត់បងសមាជិកនោះ។
ក្នុងពិធី ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទព័វៀតណាមនៅព្រឹកថ្ងៃទី ២៩ឧសភា ឆ្នាំ២០១៥កន្លងមកនេះលោក កាផា ធៀន អភិបាលរងខេត្ត យ៉ាឡាយ និងជាប្រធាន គណៈកម្មការ រុករក អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម មានប្រសាសន៍ ថា៖ នេះជាកិច្ច សហការដ៏ល្អរវាងអាជ្ញាធរនៃប្រទេសទាំងពីស្ទឹងត្រែងយ៉ាឡាយ ក្នុងការទទួលខុសត្រូវខ្ពស់ទៅលើកិច្ចការងារនយោបាយយោធាវៀតណាម និងកម្ពុជាក្នុងការរុករកអដ្ឋិធាតុ។
លោក បន្ថែមថា៖ កិច្ចសហប្រតិបត្តិការនេះបានធ្វើអោយក្រុមរុករកអដ្ឋិធាតុរក ឃើញអដ្ឋិធាតុកងទ័ពវៀតណាមចំនួន ១១ បន្ថែមទៀតដែលបានស្លាប់ក្នុងសម័យសង្គ្រាមឆ្នាំ ១៩៧៩ កន្លងមក ហើយ និងត្រូវបញ្ជូន អដ្ឋិធាតុទាំង ១១ នេះទៅកាន់ខេត្តយ៉ាឡាយ នៃសាធារណរដ្ឋសង្គមនិយម វៀតណាម ដើម្បីធ្វើពិធីបុណ្យទៅតាមប្រពៃណី ទំនៀមទំលាប់ នៃប្រទេស យើងទាំងពីរ។
លោក កុល សំអុល អភិបាលខេត្តស្ទឹងត្រែងមានប្រសាសន៏សំដែងនូវការដឹងគុណចំពោះពលិកម្មដ៏ធំ ធេងរបស់កម្មាភិបាល និងកងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានពលីជីវិតក្នុងការតស៊ូប្រយុទ្ធប្រឆាំងនឹងសត្រូវរួមក្នុងបុព្វហេតុជួយសង្គ្រោះប្រជាជនកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត នា ទសវត្ស ឆ្នាំ ១៩៧៩ ។
លោក អភិបាល ខេត្តមានប្រសាសន៍ទៀតថា៖ ការបញ្ជូនអដ្ឋិធាតុនេះបង្ហាញអោយឃើញពី ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលប្រទេសវៀតណាម នឹងរាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា ទោះបី ការពលីជីវិតរបស់កងទ័ពវៀតណាមមាន រយៈពេលជាយូរឆ្នាំមកហើយក៏ដោយ ពិសាសធ្វើឲ្យប្រជាជនវៀតណាមក៏ដូចជាឪពុក ម្តាយដែលបានបាត់បង់កូនចៅក្នុងសម័យសង្គ្រាម និងទទួលបានការជឿទុកចិត្តក្នុងការយកចិត្តទុក ដាក់របស់រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ។
សូមបញ្ជាក់ថា៖ការបញ្ជូនអដ្ឋិធាតុនេះ ជាលើកទី១៣ហើយបន្ទាប់ពីក្រុមការងាររុករកអដ្ឋិធាតុបានមកបំពេញបេសកកម្មនៅខេត្តស្ទឹងត្រែងដោយឡែកនៅដើមឆ្នាំ២០១៥នេះក្រុមការងាររុករកឃើញចំនួន៤០អដ្ឋិធាតុបន្ថែមទៀតក្នុងនោះនៅខេត្តស្ទឹងត្រែងចំនួន១១ ខេត្តរតនគីរីចំនួន១៦ និងខេត្តមណ្ឌលគីរីចំនួន១៣អដ្ឋិធាតុ ៕



































