គ្រូបង្វឹកជម្រើសជាតិព័រទុយហ្គាល់លោក Paulo Bento បានព្រមព្រៀងចុះកិច្ចសន្យាថ្មីមួយជាមួយនឹងសហព័ន្ធដោយបន្តឲ្យរូបលោកដឹកនាំព័រទុយហ្គាល់ចំនួន ២ ឆ្នាំទៀតបានន័យថាអតីតអ្នកចាត់ការក្លិប Sporting Lisbon រូបនេះនឹងបន្តកាន់កាប់តំណែងនេះរហូតដល់ឆ្នាំ ២០១៦ ។
ប្រធានសហព័ន្ធបាល់ទាត់ប្រទេសព័រទុយហ្គាល់លោក Fernando Gomes បាននិយាយថា “ខ្ញុំពិតជារីករាយនិងកោតសរសើរចំពោះការដឹកនាំរបស់លោក Bento ហើយខ្ញុំពេញចិត្តឲ្យគាត់បន្តមុខតំណែងនេះ” ។
លោកបានបន្តទៀតថា “ខ្ញុំជឿជាក់ថាលោក Bento នឹងអាចសម្រេចបានសមិទ្ធិផលល្អៗសម្រាប់យើងព្រោះគាត់ជាមនុស្សម្នាក់ដែលពោរពេញដោយបទពិសោធន៍ហើយខ្ញុំសង្ឃឹមថា គាត់នឹងអាចបន្តការដឹកនាំដ៏ល្អនេះទៅពេលអនាគតបន្តទៀត” ។
គួរបញ្ជាក់ថា លោក Bento បានចូលមកដឹកនាំព័រទុយហ្គាល់កាលពីខែកញ្ញាឆ្នាំ ២០១០ ហើយ២ឆ្នាំក្រោយមកលោកបានជួយឲ្យព័រទុយហ្គាល់ឈានដល់វគ្គ ៤ ក្រុមចុងក្រោយពានរង្វាន់ទ្វីបអឺរ៉ុប ៕