De Guzman ​ព្រមាន​ Swansea ​មិនទាន់​មាន​សុវត្ថិភាព​ពី​តំបន់​ត្រូវ​កាត់ចោល​នោះទេ​

​ខ្សែបម្រើ​កណ្តាល​របស់​ក្លិប​ក្ងាន​ខ្មៅ Swansea City ​កីឡាករ Jonathan de Guzman ​បាន​ព្រមាន​ដល់ មិត្ត​រួម​ក្រុម​របស់​ខ្លួន​ថា​ ​ពួកគេ​ត្រូវតែ​ខិតខំ​ប្រឹងប្រែង​ឲ្យបាន​ខ្លាំង​ជាង​នេះ​ដើម្បី​ជួយ​ក្រុម​ឲ្យមាន​តំណែង​សុវត្ថិភាព បន្ត​លេង​នៅ​ក្របខណ្ឌ Premier League ​នៅ​រដូវ​កាល​ក្រោយ​ ​។​

Swansea ​បច្ចុប្បន្ន​ឈរ​នៅ​លំដាប់​ទី​ ១៥ ​នៃ​តារាង​បន្ទាប់​ពី​ប្រកួត​ចាញ់ Hull City ១-០ ​កាលពី​យប់​ថ្ងៃ​សៅរ៍ ដោយ​មាន​គម្លាត​ពី​ក្រុម​ដែល​ត្រូវ​កាត់ចោល​តែ​ ៦ ​ពិន្ទុ​ប៉ុណ្ណោះ​ខណៈ​ការប្រកួត​នៅសល់​ ៥ ​ដង​ទៀត​ ​។​
De Guzman ​ប្រាប់​សារព័ត៌មាន South Wales Evening Post ​ថា​ “​យើង​មិន​ទាន់​មាន​សុវត្ថិភាព នៅឡើយ​ទេ​” ​។​ “​មាន​ក្រុម​នៅ​បាត​តារាង​ជាច្រើន​កំពុង​ត្រូវការ​ពិន្ទុ​ប៉ុន្តែ​សំខាន់​យើង​មិន​ត្រូវ​ទន្ទឹង​មើល​ក្រុម​បាត​តារាង​ទាំងនោះ​ទេ​គឺ​យើង​ត្រូវ​ប្រឹងប្រែង​ដោយ​ខ្លួនឯង​” ​។​
​គួរបញ្ជាក់​ថា​ Swansea ​នឹង​ត្រូវ​ប្រឈមមុខ​ជា​មួយ​បញ្ហា​ដ៏​ធំ​មួយ​ទៀត​គឺ​ពួកគេ​ត្រូវ​ប្រកួត​ជា​មួយ​ក្រុម​ខ្លាំង តោ​ខៀវ Chelsea ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ ៕
De Guzman