ក្រោយពីការឃាត់ខ្លួនប្រជាពលរដ្ឋទាំងនោះបាននិយាយថា ពួកគាត់មកកាប់ព្រៃក្នុងដែនសហគមន៍ខាងលើនេះគឺតាមរយៈមន្ត្រីបរិស្ថានស្រុកអន្លង់វែងម្នាក់ឈ្មោះ លឹម ចុងឡេង និងម្នាក់ទៀតឈ្មោះ តូ បានទៅបំផុសបំផុលដល់ពួកគាត់ឱ្យមកកាប់ព្រៃនៅតំបន់នោះ ដោយពុំមានគិតជាលុយកាត់អ្វីទេ ។ ហើយពួកគាត់បានបដិសេធន៍ថា មិនព្រមមកទេ ព្រោះព្រៃសហគមន៍ តែឈ្មោះទាំង ២ខាងលើ ប្រាប់ថា ជាព្រៃសហគមន៍បែងចែកដីធ្លីឱ្យ។
កម្លាំងប្រជាសហគមន៍ប្រមាណជាង ២០នាក់ ដែលដឹកនាំដោយលោក ឡុង ប៊ុនថេង អនុប្រធានគណៈកម្មការសហគមន៍សង្គ្រោះព្រៃឈើឃុំអន្លង់វែង បានចុះយាមល្បាត ហើយបានប្រទះឃើញប្រជាពលរដ្ឋជាច្រើននាក់ កំពុងតែកាប់ទន្ទ្រានព្រៃសហគមន៍នៅចំណុចត្រពាំងក្លុង នឹងឃាត់បានប្រជាពលរដ្ឋម្នាក់ និងក្មេងប្រុសម្នាក់ រីឯប្រជាពលរដ្ឋផ្សេងទៀត បានរត់គេចខ្លួនបាត់ ដោយបន្សល់ទុកនូវគោយន្តចំនួន ២ គ្រឿង ម៉ូតូចំនួន ២គ្រឿងរួមនឹងឧបករណ៍កាប់ព្រៃ កាំបិទខ្វែវ រណាអារឈើ កាំភ្លើងខ្យល់បាញ់សត្វ ២ដើម និងសំភារៈចាន់ ឆ្នាំង កន្ទេលមុង អង្រឹង និងអង្ករជាច្រើនគីឡូក្រាម ដែលសំរាប់ដេកព្រៃបានយូរថ្ងៃ។
ក្រោយពីការឃាត់ខ្លួនប្រជាពលរដ្ឋម្នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងប្រជាសហគមន៍ នាំមកកាន់ស្នាក់ការព្រៃសហគមន៍ ដើម្បីកំណត់ហេតុ ប្រគល់ទៅឱ្យជំនាញរដ្ឋបាលព្រៃឈើស្រុកអន្លង់វែង ចំណែកឯប្រជាពលរដ្ឋដែលឃាត់ខ្លួនឈ្មោះញ៉ិល ឡេង ភេទប្រុសអាយុ ៤៦ឆ្នាំ និងក្មេងប្រុសម្នាក់ជាកូន មានទីលំនៅភូមិត្រពាំងក្រសាំង ឃុំស្រែណូយ ស្រុកវារិន្ទ ខេត្តសៀមរាប ក្រោយពីការសាកសួរ និងបានហៅប្រពន្ធមក ធ្វើកិច្ចសន្យាធានាខ្លួនទៅផ្ទះវិញ ហើយបញ្ឈប់មិនឱ្យត្រឡប់មកកាប់ព្រៃទៀតវិញឡើយ។
តាមការរៀបរាប់ពីឈ្មោះ ញ៉ិល ឡេង បាននិយាយថា ខ្លួន និងប្រជាពលរដ្ឋនៅស្រុកវ៉ារិន្ទ ជាច្រើននាក់ បានមកកាប់ព្រៃនៅក្នុងដែនសហគមន៍តាមរយៈឈ្មោះ លឹម ចុងឡេង ជាមន្ត្រីបរិស្ថានស្រុកអន្លង់វែង និងឈ្មោះ តូ នៅស្រុកវ៉ារិន្ទហើយបានហៅពួកគាត់មកវាស់ដីនៅក្នុងព្រៃសហគមន៍ ក្នុងមួយគ្រួសារ ក្បាលដីព្រៃ១០០ម៉ែត្រ ចែកទៅឱ្យមិនថ្លែនោះទេ ដោយគិតភាគរយ នៅពេលកាប់បានដីរួច ត្រូវចែកឱ្យឈ្មោះទាំង២ខាងលើ នូវក្បាលដីចំនួន៥០ម៉ែត្រមកវិញ។
ទោះបីយ៉ាងណាក៏ដោយមន្ត្រីបរិស្ថានស្រុកអន្លង់វែង លោក លឹម ចុងឡេង និងលោក តូ ដែលរងការចោទប្រកាន់មិនសុំទំនាក់ទំនងបានទេ៕