កំពង់ធំ= ខេត្តកំពង់ធំបានប្រារព្វទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រោមអធិតិយភាព េឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្ត ដោយមានការចូលរួមពីមន្ដ្រីរាជការមកពីតាមបណ្ដាមន្ទីរជុំវិញខេត្ត កងប្រដាប់អាវុធទាំង៣ប្រភេទ នគរបាល កងរាជអាវុធហត្ថ យោធា សិស្ស និសិត្ស
ជាច្រើនរយនាក់កាលពីព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៥ ។
លោក កែវ សុផល ស្នងការរងខេត្តទទួលបន្ទុកផ្នែកប្រយុទ្ធប្រឆាំងគ្រឿងញៀនបានអានរបាយការណ៍ លទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនប្រចាំឆ្នាំ២០១៤និងប្រចាំឆ្នាំ២០១៥ ដោយបញ្ចាក់ថាក្នុងភូមិសាស្ដ្រខេត្តកំពង់ធំ មានការប្រើប្រាស់គ្រឿងញៀនតិចតួច លំនាំចូលមកពីខេត្តកំពង់ចាម ព្រះវិហារ និងភ្នំពេញ ហើយបានលបលួចប្រើប្រាស់នៅតាមផ្លូវគោគ ប្រៃសណីយ៍ និងតាមច្រករបៀងនិងខេត្តជាប់ព្រំប្រទល់ ក្នុងនោះយើងបានបង្គ្រាប់ ទប់ស្កាត់ បញ្ចូនទៅតុលាការបានជាច្រើនករណី ក្នុងនោះដែរយើងក៏បានប្រមូលបានវត្ថុតាងមួយចំនួនធំព្រមទាំងធ្វើការផ្សព្វផ្សាយណែនាំពីផលប៉ះពាលនៃការប្រើប្រាស់គ្រឿងញៀនជាសារធារណះដើម្បីអោយយុវជន យុវតីយើងបានយល់ច្បាប់ពីផលប៉ះពាលផ្សេងៗនៃគ្រឿងញៀន។
បន្ទាប់ មក ឧត្តម ប្រាក់សារ៉ាតអភិបាលរងខេត្ត បានអានសារលិខិត សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្នមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឪកាសប្រារព្វទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដោយមានក្លឹមសារដូចខាងក្រោម ដោយកម្ពុជា ជាសមាជិកតែងតែប្រារព្វពិធីនេះជាប្រចាំស្របតាមស្មារតីមហាសន្និបាទអង្គការសហប្រជាជាតិឆ្នាំ១៩៨៧បានកំណត់យកថ្ងៃទី២៦ ខែមិថុនា ជារៀងរាល់ឆ្នាំជាថ្ងៃប្រារពទិវាប្រយុទ្ធប្រឆាំងគ្រឿងញៀនដើម្បីលើកទឹកចិត្តនិងជុំរុញប្រទេសសមាជិកទាំងអស់ចូលរួម គ្រប់ ក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការសង្គមស៊ីវិល អន្ដរជាតិ ម្ចាស់ជំនួយ បន្ដការផ្សព្វផ្សាយពីផលប៉ះពាល់នៃគ្រឿងញៀន ទប់ស្កាត់ និងលើកពីផលប៉ះពាលយ៉ាងខ្លាំងចំពោះមនុស្សជាតិ សង្គម បំផ្លាញអនាគតន៍ជាដើម ចុងបញ្ចប់ ខ្ញុំសូមអំពាវនាវដល់ដៃគូរអន្ដជាតិ បណ្ដាប្រទេសជាមិត្តជិតខាងទាំងអស់ សូមបន្ដចូលរួមគាំទ្រ និងឧបត្ថមដល់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននេះដើម្បីកម្ពុជាកាន់តែមានលទ្ធភាពសមត្ថភាពខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនទាំងក្នុងប្រទេសកម្ពុជា ក៏ដូចជាការចូលរួមចំណែកធ្វើអោយអាស៊ាន និងពិភពលោកជៀសផុតពីការគំរាមគំហែងនៃគ្រឿងញៀន។
ចុងក្រោយ យុវតី៤រូបតំណាងអោយសិស្ស និសិត្ស បានឡើងប្ដេជ្ញាចិត្ត ថា មិនប្រើប្រាស់សារជាតិញៀន រួមគ្នាកំចាត់ចោលគ្រឿងញៀន ជួយទប់ស្កាត់ការរីករាលដាល់គ្រឿងញៀន ផ្ដល់ពត័មានពីការប្រើប្រាស់គ្រឿងញៀន ជៀសឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀន បំផ្លាញអនាគតន៍ បំផ្លាញក្រុមគ្រួសារ ធ្វើអោយអសន្ដិសុខក្នុងប្រទេស កើតការឆក់ប្លន់ កាប់សំលាប់ ឈ្លោះទាស់ទេង អាចនិយាយបានថាគ្រឿងញៀនជា ឃាតករសំលាប់មនុស្ស និងម្យ៉ាងការជួញដូរ ការចែកចាយ ការប្រើប្រាស់គ្រឿងញៀន ជាអំពើខុសច្បាប់ ៕
ប៊ុន រិទ្ធី








































