ខេត្តបន្ទាយមានជ័យលោកឧត្តមសេនីយ៍ត្រីអាត់ខែមស្នងការនគបាលខេត្តបន្ទាយមានជ័យបានដាក់កម្លាំងនគរបាលស្រុកមង្គលបូរី និងបានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ចំណោមបានចុះទៅជួយសាងសង់ផ្ទះជូនប្រជាពលរដ្ឋនៅភូមិចំនួន៣រួមមានភូមិពាមរោងគោ,
រោងគោចុង និងភូមិរង្វានកើតដែលកំពុងជួបប្រទះគ្មានទីជំរកដែលទទួលបានការឧបត្ថម្ភពីលោក ឧបនាយករដ្ឋមន្ត្រី កែគឹមយ៉ានប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី៣០ខែមិថុនាឆ្នាំ២០១៥។លោកអាត់ខែមបាននិយាយថាមន្ត្រីនគរបាល ស្រុកមង្គលបូរី បានចុះជួយធ្វើផ្ទះជូនប្រជាពលរដ្ឋនៅតាមភូមិឃុំដែលមានផ្ទះតូចប្រកស្បូវដែលគ្មានលទ្ធភាពធ្វើផ្ទះខ្លួនត្រូវបានលោកឧបនាយករដ្ឋមន្ត្រីកែគឹមយ៉ានផ្តល់ជូនតាមរយះកងកម្លាំងប្រដាប់អាវុធគឺកម្លាំងនគរបាលកម្លាំងអាវុធហត្ថនិងកម្លាំងយោធាចុះទៅជួយ
សាងសង់ជូនភ្លាមៗផងដែរ។លោកអាត់ខែមបានបន្តទៀតថានគរបាលខេត្តនិងកម្លាំងនគរបាលប៉ុស្តិ៍ចំនួន១៥នាក់បានសហការជាមួយម្ចាស់ផ្ទះនិងអាជ្ញាធរមូលដ្ឋានបានធ្វើការសាងសង់ផ្ទះជូនប្រជាពលរដ្ឋដែលគ្មានលទ្ធភាពធ្វើផ្ទះរបស់ខ្លួនដើម្បីឲ្យពួកគាត់មានកន្លែងរស់នៅឲ្យបានសមរម្យ។ប្រជាពលរដ្ឋជាម្ចាស់ផ្ទះបានថ្លែងអំណរគុណយ៉ាងខ្លាំងដល់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោហ៊ុនសែននិងលោកឧបនាយករដ្ឋមន្ត្រីកែគឹមយ៉ាន ដែលបានយកចិត្តទុកដាក់និងគិតគូដល់ទីជំរករបស់ប្រជាពលរដ្ឋឲ្យមានលក្ខណៈសមរម្យ៕



































