គ្រូបង្វឹកហង្សក្រហម Liverpool លោក Brendan Rodgers បានអះអាងថា Raheem Sterling គឺជាកីឡាករវ័យក្មេងដែលលេងបានល្អផ្តាច់គេនៅអឺរ៉ុប ។ ការលើកឡើងបែបនេះគឺបន្ទាប់ពេលដែលរូបគេបានជួយក្លិបឲ្យឈ្នះ Norwich City ៣-២ សម្រាប់ការប្រកួតកាលពីថ្ងៃអាទិត្យ ។
កីឡាករវ័យ ១៩ ឆ្នាំរូបនេះរកបាន ២ គ្រាប់ក្នុងការប្រកួតនៅទឹកដី Carrow Road ដែលធ្វើឲ្យក្លិបហង្សក្រហម បន្តឈរកំពូលតារាង Premier League ដោយមានគម្លាត ៥ ពិន្ទុពីក្រុមលេខ ២ ។
ទោះបីជាយុវជនរូបនេះមិនសូវមានបទពិសោធន៍ក្នុងការប្រកួតលំដាប់ធំៗក៏ដោយក៏ប៉ុន្តែលោក Rodgers ជឿជាក់ថា Sterling មានសមត្ថភាពគ្រប់គ្រាន់ក្នុងការលេងសម្រាប់ពានរង្វាន់ទ្វីបអឺរ៉ុប ។
គួរបញ្ជាក់ថា Liverpool នឹងបន្តដំណើរឆ្ពោះទៅកាន់ការលើកពាន Premier League របស់ខ្លួន ដោយពួកគេ ត្រូវប្រឈមមុខជាមួយក្រុមខ្លាំងតោខៀវ Chelsea នៅទឹកដី Anfield របស់នៅថ្ងៃអាទិត្យក្រោយ ៕