ខេត្តកំពង់ឆ្នាំង មិនទាន់មានការរៀបចំគណៈកម្មាធិការ ដាក់អោយដេញថ្លៃ លក់យកថវិកា ដើម្បីជាប្រយោជចូលជាតិ រថយន្តរាប់សិបគ្រឿង ដែលសមត្ថកិច្ចរិបអូសយកមករក្សាទុក នៅក្នុងខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ឆ្នាំង ត្រូវបានគេមើលឃើញមានការខូចខាត ច្រេះពុក រថយន្តមួយចំនួនទៀត ត្រូវបានបាត់អស់កញ្ចក់មើលក្រោយ កង់ អាគុយ ម៉ាញ៉េ ដោយសារតែការគ្រប់គ្រងមិនបានល្អ រថយន្តទាំងនេះ បានធ្វើសកម្មភាពបន្លំដឹកឈើប្រណិត ឆ្លងកាត់ទឹកដីខេត្តកំពង់ឆ្នាំង ដែលភាគច្រើន ដឹកចេញពីខេត្តពោធិសាត់ និងខេត្តបាត់ដំបង មិនមានច្បាប់អនុញ្ញាតិ ហើយក៍ត្រូវកម្លាំងសមត្ថកិច្ច ចាប់បានយកមករក្សាទុក រហូតមកដល់បច្ចុប្បន្ននេះ នៅហាលក្តៅ ហាលភ្លៀង ។
ករណីនេះ ត្រូវបានមជ្ឈដ្ឋានទូទៅ ដែលឃើញនូវទំហំ នៃការបាត់បង់ទៅៗ ហើយរដ្ឋ និងត្រូវខាតបង់ថវិកា ដោយសារតែការខូចខាតរថយន្ត មិនបានយកទៅប្រើប្រាស់ ដើម្បីប្រយោជន៍ជាតិ ពួកគាត់បានសូមសំណូមពររដ្ឋាភិបាល ឲ្យមានវិធានការណ៍ វាយតម្លៃលក់យកថវិការ ចូលជាថវិកាជាតិ ទើបចំណេញ បើមិនដូច្នោះទេ រថយន្តខាងលើទាំងអស់នេះ ថ្ងៃអនាគត នៅសល់តែគ្រោងឆ្អឹង ថ្លឹងលក់អេតចាយតែប៉ុណ្ណោះ ។
ពាក់ព័ន្ធនិងពត៌មានខាងលើ នាយខណ្ឌរដ្ឋបាលព្រៃឈើ លោក ស៊ិន កុសល បានប្រាប់អោយដឹងថា លោកមិនមានសិទ្ធិ ចាត់ចែងទ្រព្យសម្បត្តិទាំងអស់នេះទេ ប៉ុន្តែបើយោងឆ្លងការប្រជុំ កាលពីអំឡុងមុនបុណ្យចូលឆ្នាំ គណៈបញ្ជាការឯកភាព ក៍ដូចជាមន្ទីរអង្គភាពជុំវិញខេត្ត ក៍បានលើករឿងនេះ មកជជែកដោយខណ្ឌរដ្ឋបាលព្រៃឈើ រៀបចំចងក្រងសំណុំរឿង បញ្ជូន
ទៅកាន់សាលាដំបូង រួចបញ្ជូនទៅក្រសួងកសិម្មរុក្ខាប្រមាញ់ និងនេសាទ និងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ដើម្បីរៀបចំគណៈកម្មាធិការ ចុះវាយតម្លៃលក់ឡៃឡុង ទាំងវត្ថុតាងឈើ និងរថយន្ត ដើម្បីយកថវិកាចូលជាតិ ហើយការងារនេះ រដ្ឋបាលព្រៃឈើ ធ្លាប់បានធ្វើម្តងរួចទៅហើយ ប៉ុន្តែយើងពុំទាន់ធ្វើរបាយការណ៍ អោយបានចប់សព្វគ្រប់ ហើយនៅប៉ុន្មានថ្ងៃខាងមុខនេះ នឹងដាក់គណៈកម្មាធិការ វាយតម្លៃអោយមានការចូលដេញថ្លៃផងដែរ ។
ពាក់ព័ន្ធនិងពត៌មានខាងលើនេះផងដែរ ក៍មានរថយន្តរាប់រយគ្រឿង គេក៍បានសង្កេតឃើញមានរថយន្តដាក់ចោលហាលភ្លៀង ហាលថ្ងៃ ស្ថិតនៅក្នុងឃុំសំរោង ស្រុកក្រវ៉ាញ ខេត្តពោធិសាត់ មានការខូចខាត ដែលជារថយន្តរឹបអូស ពីបទល្មើសព្រៃឈើ ដោយក្រុម ស៊ីអាយ យកមកទុកចោល មិនទាន់មានវិធានការណ៍ណាមួយ រៀបចំដើម្បីលក់យកថវិកា ចូលជាតិនៅឡើយទេ ៕