ខេត្តឧត្តរមានជ័យ៖ អង្គភាពយោធាផ្នែកសឹករងស្រុកត្រពាំងប្រាសាទ ដឹកនាំដោយលោកវរសេនីយ៍ត្រី ស៊ុន បូរ៉ាន់ រួមនឹងនាយទាហានរង បានរៀបចំពិធីជប់លៀងជួបជុំ ពលទាហាន និងគ្រួសារយោធិនប្រចាំទិសទី២ ដើម្បីអបអរសាទរថ្ងៃបុណ្យចូលឆ្នាំថ្មី ដើម្បីជូនឱ្យមានសុខសេរីសួស្តីថ្មី និងលើកទឹកចិត្តដល់កងទ័ពដែលកំពុងតែជាប់ដៃក្នុងកាតព្វកិច្ចការពារបូរណៈភាពដែនដី ដែលមិនបានចូលរួមក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។
នៅក្នុងឱកាសជួបជុំបាយសាមគ្គីជានាយទាហាន និងពលទាហាន លោក វរសេនីយ៍ត្រី ស៊ុន បូរ៉ាន់ មេបញ្ជាការផ្នែកសឹងរងស្រុកត្រពាំងប្រាសាទ បានថ្លែងអំណគុណចំពោះវត្តមាន ឯកឧត្តមឧត្តមសេនីយ៍ទោ នួន នៅ ប្រធានគណៈបញ្ជាការឯកភាពសមរភូមិទិសទី២ និងឯកឧត្តមឧត្តមសេនីយ៍ត្រី ម៉ុន សុវណ្ណ មេបញ្ជាការផ្នែកសឹងរងខេត្តឧត្តរមានជ័យ។
លោកវរសេនីយ៍ត្រី ស៊ុន បូរ៉ាន់ តាមនាមឱ្យពលទាហានទាំងអស់ក្នុងអង្គភាព សូមប្តេជ្ញាចិត្ត គោរពវន័យ សេចក្តីថ្លៃរថ្នូរ មានសីលធម៌ល្អ និងមានឆន្ទៈស្នេហាជាតិ មានស្មារតីប្រយុទ្ធខ្ពស់ និងឈរជើងបានរឹងមាំបាន រក្សាសំភារៈសឹកប្រើប្រាស់បានល្អ គ្រប់ជំនាញពិតប្រាកដ ក៏ប៉ុន្តែក្នុងនោះបញ្ហាផ្គត់ផ្គងអាហារស្បៀង ជាពិសេសទឹកក៏ជាកត្តាសំខាន់ណាស់នៅតំបន់នេះ ដែលឃ្លាតឆ្ងាយពីប្រភពទឹក ពិបាកក្នុងការដឹកជញ្ជូនទៅដល់កងកម្លាំងយើង ដូច្នេះយើងត្រូវរកពីឌុងដាក់ទឹកឱ្យបានច្រើន យកទៅរក្សាទុកនៅនឹងលេនដ្ឋាន ធានាអាចប្រើប្រាស់បានជាច្រើនខែ នៅពេលមានសភាពការណ៍តានតឹងណាមួយកើតឡើង។
លោកវរសេនីយ៍ត្រីបន្តថា ទោះបីសមរភូមិក្រោយកំពុងអបអរសាទពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ អង្គភាពផ្នែករឹងត្រពាំងប្រាសាទ មិនភ្លេចតួនាទីភារៈកិច្ច ជានេះទៅទៀតជាអង្គភាព ប្រើប្រាស់កម្លាំងបន្ថែមការពារលើមួយកំរិតទៀតដោយប្រើប្រាស់នយោបាយចិត្តសាស្ត្រ តាមដានកម្លាំងសត្រូវ ការគ្រប់គ្រងកម្លាំង ការកសាងលេនដ្ឋានសំងាត់ និងប្រព័ន្ធវត្ថុរារាំងអាវុធសត្រូវ ការរៀបចំប្រព័ន្ធអាវុធ ផ្តល់ព័ត៌មានជូនទៅថ្នាក់លើ និងរាយការណ៍ឱ្យបានគ្រប់ជ្រុងជ្រោយពីស្ថានភាពរបស់ក្មាំងសត្រូវ អាចដោះស្រាយបានគ្រប់ពេលវេលារាល់ឧបសគ្គកើតឡើងនៅចំពោះមុខ ធ្វើឱ្យអង្គភាពយោធាមានសមត្ថខ្ពស់ទៅលើសត្រូវ។