កំពង់ធំៈ នៅរសៀលថ្ងៃទី ២២ ខែ មេសា ឆ្នាំ២០១៤ នៅក្នុងសាលប្រជុំសាលាខេត្តកំពង់ធំ មានពិធីប្រកាស និងចូលកាន់មុខតំណែង ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ធំ ក្រោមអធិបតីភាព ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងឯកឧត្តម ណាំ ទុំ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ ព្រមទាំងមន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្តកំពង់ធំ ។
លោក ប៉ែន សារ៉ាត់ ព្រះរាជអាជ្ញាអមសាលាដំបូង បានអានពីប្រវត្តការងារ ដែលបានអនុវត្តន៍ នៅក្នុងខេត្ត រួចមក ក៏ត្រូវបានប្រកាស ផ្លាស់ប្តូរមុខតំណែង អានព្រះរាជក្រឹត្យតែងតាំងដោយ ឯកឧត្តម ច័ន្ទ មនោ អគ្គនាយករដ្ឋបាល និង ហិរញ្ញវត្ថុ ក្រសួងយុត្តិធម៌ ឲ្យលោក ប៉ែន សារ៉ាត់ ទៅបំពេញការងារនៅ ខេត្តស្ទឹងត្រែង លោក អ៊ិត សុធា ព្រះរាជអាជ្ញា នៃអយ្យកា អមសាលាដំបូង ខេត្តសៀមរាប មកបំពេញការងារជាព្រះរាជអាជ្ញា នៃអយ្យកាអមសាលាដំបូងខេត្តកំពង់ធំ លោក សេង ម៉េងស្រុន ព្រះរាជអាជ្ញារង អមសាលា ដំបូងខេត្តកំពង់ធំ ទៅបំពេញការងារជា ព្រះរាជអាជ្ញារង ខេត្តកំពង់ឆ្នាំង លោក សឿន មន្នីរ័ត្ន ព្រះរាជអាជ្ញា រង ខេត្តកំពង់ធំ ទៅបំពេញការងារ ជាព្រះរាជអាជ្ញារង ខេត្តព្រៃវែង ។
ឯកឧត្តម អ៊ុត សំអន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ បានសម្តែងនូវការស្វាគមន៍ របស់លោកព្រះរាជអាជ្ញាសាលាដំបូងខេត្តកំពង់ធំ ដែលទើបតែមកកាន់ តំណែងថ្មី សូមឲ្យទទួលនូវ លទ្ធផលជោគជ័យ ក្នុងការងារ និងអនុវត្តន៍ ការងារប្រកបដោយ សច្ចះធម៌ ស្មោះត្រង់ និងយុត្តិធម៌ ជាទីពឹង ជាខ្នងបង្អែកសម្រាប់ បងប្អូនប្រជាពលរដ្ឋ ក្នុងនាមជាអ្នកអនុវត្តន៍ច្បាប់ ត្រូវប្រកាន់ភ្ជាប់នូវភាពយុត្តធម៌ និង ជាទីជម្រករបស់ប្រជាពលរដ្ឋ ។
ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានមានប្រសាសន៍ ផ្តាំផ្ញើរ ដល់លោក អ៊ិត សុធា ដែល ត្រូវបានរាជរដ្ឋាភិបាល ប្រគល់តួនាទីភារៈកិច្ច មកបំពេញការងារជាព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តកំពង់ធំ ឲ្យប្រឹងប្រែងអនុវត្តន៍ការងារ អនុវត្តន៍ច្បាប់ឲ្យមានប្រសិទ្ធិភាព និងតម្លាភាព ស្មោះត្រង់ចំពោះជាតិ ចំពោះ ព្រះមហាក្សត្រ និងប្រជាពលរដ្ឋ រក្សានូវវិន័យសេចក្តីថ្លៃថ្លូរ របស់ស្ថាប័នច្បាប់ មិនយកអំណាចទៅប្រើប្រាស់ នូវអំពើខុសច្បាប់ និងជាបង្គោលយុត្តិធម៌របស់ប្រជាពលរដ្ឋ។ ដោយ ប៊ុន រដ្ឋា