ខេត្តកំពង់ធំ៖ ទិដ្ឋភាពក្រោយពេលបុណ្យចូលឆ្នាំ ប្រជាពលរដ្ឋខ្មែរ ដែលកាន់សាសនាព្រះពុទ្ធ ព្រមទាំងព្រះសង្ឃលោកតា លោកយាយ ទាំងប្រុសទាំងស្រី ទាំងចាស់ទាំងក្មេង ក៏នៅតែសប្បាយរីករាយ ក្នុងការធ្វើបុណ្យទាន រំលឹក គុណបារមី អ្នកមានគុណ និងចាស់ព្រឹទ្ធាចារ្យ ជាពិសេសនៅតាមបណ្តាវត្តអារាម ក៏តែងតែប្រារព្វពិធីស្រោច ស្រពសុគុទ្ធារី ពិធីអភិសេកព្រះពុទ្ធរូបផ្សេងៗ ដែលប្រពៃណីនេះ ត្រូវបានរក្សាតៗគ្នាតាំងពីបូរាណកាលមក ហើយ ។
ព្រះសត្ថាបារមី សៀង សុខ ព្រះមន្នីរង្សីរាជាខណៈថ្នាក់កត្តិយស់ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះមេគណខេត្តកំពង់ធំ បានមានសង្ឃដិការថា ឆ្លៀតពេលនៃឳកាសស្រោចស្រពសុគុទ្ធរី និងអភិសេករូបសំណាក់ ផ្សេងៗនៅក្នុងវត្ត គឺបានធ្វើពិធី ស្រោចស្រពព្រះសត្ថាបារមី អាន ផៃ អតីតព្រះចៅអធិការវត្តកំពង់ធំ ដែល ព្រះអង្គបានអនិ្ចចកម្ម ក្រោយមកព្រះបរមធាតុព្រះអង្គ ត្រូវបានចោលួចយកទៅ ហើយក៏បានយកទៅលាក់ នៅភូមិថ្នល់បែក ឃុំ ត្រពាំងឬស្សី ត្រូវបានគេរកឃើញ ក៏ត្រូវបាននាំ ព្រះបរមតិធាតុ វិលត្រឡប់មកវិញ ទើប ធ្វើពិធីរំលឹកលើកបារមី ព្រះអង្គឲ្យគងនៅក្នុងវត្តកំពង់ធំនេះ ដើម្បីជាម្លប់ នាំមកសេចក្តីសុខ សេចក្តីចម្រើន ដល់ប្រជាពលរដ្ឋ ។
ជាក់ស្តែង នៅក្នុងវត្តឥន្ទ្រីសំវរៈ ហៅវត្តកំពង់ធំ ត្រូវបានរៀបចំ ពិធីស្រោចស្រព ព្រះបរមធាតុ របស់អតីត ព្រះ ចៅអធិការ អាន ផៃ ព្រមទាំងអភិសេករូបសំណាក់ដំរីមួយគូរ និងរូបព្រះគោព្រះកែវ ២គូរ ដែលមាន ព្រះសង្ឃ និងលោកយាយ លោតា ចូលរួមយ៉ាងច្រើនកុះករ រហូតដល់ថ្ងៃបន្ទាប់ នៅរសៀលម៉ោង ៣ .០០នាទី មានការដង្ហែរ ព្រះសត្ថាបារមី សៀង សុខ ព្រះមន្នីរង្សីរាជាគណៈថ្នាក់កត្តិយស់ ព្រះមេគណខេត្តកំពង់ធំ និងជាព្រះចៅអធិការវត្តឥន្ទ្រីសំវរៈ ហៅវត្តកំពង់ធំ ក្រោយមកបានប្រារព្វពិធី ស្រោចស្រពដល់ព្រះសង្ឃ និងចាស់ទុំ ។
នៅក្នុងពិធីដ៏អធឹកអធ័មនេះ គេសង្កេតឃើញមានការ ថែរក្សានូវប្រពៃណីទំនាមទំលាប់ខ្មែរ ព្រមទាំងលិល្បះ និងមានការលែងល្បែងប្រជាប្រិយ ស្រោចទឹក លាបម្សៅ ទាញព្រ័ត្រ ក្នុងនោះដែរគេសង្កេតឃើញវត្តមាន ឯកឧត្តម សោម សុផាត អភិបាលរងខេត្តកំពង់ធំ និងលោក ជំទាវ យស់ថា នារី អភិបាលរងខេត្តកំពង់ធំ ព្រមទាំងមន្ត្រីរាជការ ប្រជាពលរដ្ឋ ចូលរួមសប្បាយរីករាយ និងការផ្តល់នូវស្នាមញញឹម ក្នុងឳកាសស្រង់ព្រះ នាថ្ងៃនេះផងដែរ ។
អ្វីដែលគួអោយចាប់អារម្មណ៍នោះ គេសង្កេតឃើញ យុវជន យុវនារី ទាំងចាស់ទាំងក្មេង បច្ចុប្បន្នបានឲ្យតំលៃព្រះពុទ្ធសាសនា រួមគ្នាធ្វើបុណ្យទាន ចាប់កុសល់ផលបុណ្យ ហើយបានលះបង់នូវល្បែងស៊ីសង លះបង់នូវការប្រើអំពើហឹង្សាដាក់គ្នា ដោយមានភាពអត់អោនអធ្យាស្រ័យអោយគ្នាទៅវិញទៅមក ទើបពិធី បុណ្យបានប្រព្រឹត្តទៅដោយរលូន ។