បន្ទាយមានជ័យ: ទំនាស់ដីធ្លីក្នុងយន្តការគណៈកម្មការសុរិយោដីមានការថយចុះជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ។ គិតពីឆ្នាំ២០០៧ មកដល់បច្ចុប្បន្នទូទាំងប្រទេស បណ្ដឹងវិវាទដីធ្លីមានចំនួន៦១៩៣ ដោយឡែកខេត្តបន្ទាយមានជ័យ មាន៣៣៤ ករណី។ តួលេខទាំងនេះបានស្តែងចេញឡើងក្នុងពិធីស្តីពីនិតិវិធីដោះស្រាយវិវាទដីធ្លីរបស់គណៈកម្មការសុរិយោដីនៅមន្ទីរសុរិយោដីខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៤។
វគ្គនេះមានការចូលរួមពីឯកឧត្ដម គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្ដម សៀក វណ្ណា អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ លោក លី សារី ប្រធានមន្ទីរសុរិយោដីខេត្ត មន្ទីពាក់ព័ន្ធ ព្រមទាំងសិក្ខាកាមជាច្រើននាក់ទៀត។
លោក លីសារី ប្រធានមន្ទីរសុរិយោដីខេត្តបន្ទាយមានជ័យ បានលើកឡើងពីការងារសម្រេចបាន និងបញ្ហាប្រឈម ក្នុងការដោះស្រាយទំនាស់ដីធ្លី របស់គណៈកម្មការសុរិយោដី គឺទទួលបានពាក្យបណ្តឹងចំនួន ៣៣៤ករណី ទាំងនោះបានបញ្ចប់វិវាទមាន ១០៦ ករណី លើប្រជាពលរដ្ឋ ៣៥៣ គ្រួសារ ច្រានចោល១០៣ ករណី បញ្ជូនទៅថ្នាក់ជាតិ៥ ករណី ដកពាក្យបណ្តឹង៤៣ករណី ឯកឧត្ដម សៀក វណ្ណា អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយ កម្ម និងសំណង់ បានឲ្យ
ដឹងថា ចាប់តាំងពីឆ្នាំ២០០២ ដល់២០១៤នេះ គណៈកម្មការសុរិយោដីទូទាំងប្រទេសទទួលបានពាក្យបណ្តឹងចំនួន៦១៩៣ បណ្តឹង ដោះស្រាយបញ្ចប់ចំនួន២៧២១ បណ្តឹង ច្រានចោលពាក្យបណ្តឹងបន្ទាប់ពីស៊ើបអង្កេតឃើញថា ខុសសមត្ថកិច្ចចំនួន១៩៩៥បណ្តឹង ភាគីសុំដកពាក្យបណ្តឹងចំនួន ៦១៧បណ្តឹង បច្ចុប្បន្នកំពុងដោះស្រាយចំនួន ៨៦០បណ្តឹង។
ផ្អែកលើការសម្រុះសម្រួលជាមូលដ្ឋានបញ្ចប់ទំនាស់បាន៤៣% នៃបណ្តឹងសរុប។ ជាមួយគ្នានោះលោក ក៏បានផ្តាំផ្ញើរនែនាំដល់គណៈកម្មការសុរិយោដីទាំងអស់ ត្រូវធ្វើយ៉ាងណាចាត់ការសំណុំរឿងវិវាទដីធ្លីមួយខែឲ្យបាន១ករណី និងត្រូវមានយន្តការដោះស្រាយជាបន្តបន្ទាប់ ដើម្បីលុបបំបាត់ទំនាស់ដីធ្លីនៅក្នុងសង្គមខ្មែរឲ្យប្រជាពលរដ្ឋមានភាពសុខសាន្តក្នុងការរស់នៅ។
ឯកឧត្ដម គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងដែរថា វគ្គបណ្តុះបណ្តាលដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់២៥ ខែមេសា ឆ្នាំ២០១៤ បានប្រារព្ធឡើងនាពេលនេះ គឺបានឆ្លើយតបទៅ នឹងតម្រូវការដោះស្រាយជាក់ស្តែងក្នុងស្ថានភាពទំនាស់ដីធ្លីដែលកំពុងកើតមាននៅក្នុងខេត្តបន្ទាយមានជ័យរបស់យើង ហើយវគ្គបណ្តុះបណ្តាលនឹងផ្តល់ឲ្យលោក លោកស្រី អ្នកនាងកញ្ញា ជាសិក្ខាកាមទាំងអស់ដែលទទួលការងារដោះស្រាយទំនាស់ដីធ្លីទោះបីជាមានលោក លោកស្រីមិនមែនជាសមាសភាពមន្ត្រីគណៈកម្មការសុរិយោដីក្តី ប៉ុន្តែលោក លោកស្រីក៏អាចយកចំណេះដឹង ដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ ធ្វើជាឧបករណ៍មានប្រសិទ្ធភាពក្នុងការចូលរួមអន្តរាគមន៍យ៉ាងត្រឹមត្រូវ ដើម្បីជួយដោះស្រាយវិវាទទំនាស់ដីធ្លីជូនប្រជាពលរដ្ឋយើង៕ដោយលោក ឃិន គន្ធា





































