ខេត្តកំពង់ធំ ៖ ក្រោមការដឹកនាំ និងយកចិត្តទុកដាក់ ដល់សិស្សានុសិស្ស ក្នុងមជ្ឈមណ្ឌល បណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកំពង់ធំ និងត្រូវបានចេញទៅហ្វឹកហាត់ការងារ នៅតាមហាងកាត់ដេរ ហាងសំអាងការ និងកន្លែង ជួសជុលម៉ូតូ តាមបណ្តាស្រុក ក្នុងខេត្តកំពង់ធំ ។ ជាក់ស្តែង នៅព្រឹកថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០១៤ ឯកឧត្តម គង់ វិមាន អភិបាលរងខេត្តកំពង់ធំ អមដំណើរដោយលោក អៀង សុភាព ប្រធានន្ទីរការងារ និង លោក ឯក ហៀង ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវរៈ ខេត្តកំពង់ធំ បានដឹកនាំគណៈប្រតិភូ មន្ទីរពាក់ព័ន្ឋ ទៅសួរសុខទុក្ខដល់សិស្ស ដែលបានបញ្ជូន មកហ្វឹកការងារ ។
ដោយឡែកសិស្សនៅក្នុងមជ្ឈមណ្ឌលសុទ្ធតែជាសិស្សក្រីក្រ កុមារកំព្រា ដែលគ្មានលទ្ធភាពក្នុងការ សិស្សាបន្តនូវចំណេះវិជ្ជាក៏ដូចជាចំណេះដឹងផ្សេង ទើបសិស្សទាំងនេះ ត្រូវបានអប់រំ ចំណេះវិជ្ជានៅក្នុង មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ រួចទើបបញ្ជូនមកហ្វឹកការងារពិតនៅតាមមូលដ្ឋាន ។
នៅព្រឹកថ្ងៃដដែល ឯកឧត្តម គង់ វិមាន អភិបាលរងខេត្តកំពង់ធំ ព្រមទាំងប្រតិភូ បានធ្វើដំណើរទៅសួរសុខ ទុក្ខដល់សិស្ស ដែលកំពុងហាត់ការងារជាក់ស្តែង នៅឃុំ ប្រឡាយ និងស្រុកស្ទោង ក្នុងនោះមាន វិជ្ជាដេរប៉ាក់ សំអាងការ ជាងជួសជុលម៉ូតូ ជាងធ្វើម៉ាញ៉េរ ដែលកំពុងតែចេញបំរើសេវាកម្មនៅតាមស្រុក ។
ឯកឧត្តម គង់ វិមាន បានមានប្រសាសន៍ ណែនាំឲ្យសិស្សទាំងអស់ ប្រឹងប្រែងយកចិត្តទុកដាក់ សិស្សារៀន សូត្រក្រេបយកចំណេះដឹង ហ៊ានសួរ ហ៊ានឆ្លើយ ដើម្បីដោះស្រាយចម្ងល់ បើចង់ចេះត្រូវចេះឆ្ងល់ បើឆ្ងល់ ត្រូវចេះសួរ ដើម្បីចំណេះដឹង ដែលមានតំលៃលើសលុប ជាទ្រព្យសម្បត្តិ ដែលគ្មាននណាម្នាក់ អាចលួចបាន នៅពេលដែលរៀនចប់ ចេះស្ទាត់ មានបំណង់ចង់ចេញទៅ ប្រកបមុខរបរផ្ទាល់ខ្លួន ក៏ខាងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត និងមានប្រាក់សម្រាប់ឲ្យសិស្សខ្ចីយកទៅ ធ្វើដើមទុនសម្រាប់បើកហាងទៀតផង។
នៃឳកាសនោះឯកឧត្តម គង់ វិមាន អភិបាលរង ខេត្តកំពង់ធំ បានអរគុណដល់ លោកគ្រូ អ្នកគ្រូ ដែលបាន ជួយបង្ហាត់បង្រៀន ដល់សិស្សក្រីក្រ ដែលបានបញ្ជូនមកនេះ សុំឲ្យមានការជួយអប់រំ ណែនាំដើម្បីឲ្យក្លាយ ទៅជាសិស្សល្អ និងជាមនុស្សមានគុណភាព យល់ពីសង្គមទីផ្សារ ក្នុងនោះដែរក៏ សំណូមពរដល់ លោកគ្រូ អ្នកគ្រូ ជួយបង្ហាត់នូវល្បិចស្នៀតឲ្យអស់ ក្បាច់ និងចំនុចពិសេសៗ ដើម្បីឲ្យសិស្សបានយល់។