ខេត្តសៀមរាប គេឃើញមានប្រជាពលរដ្ឋកម្ពុជាជាច្រើននាក់ក្នុង១ថ្ងៃៗ ជាពិសេសគឺពលរដ្ឋកម្ពុជាក្នុងមជ្ឈឹមវ័យ ដែលពុំទាន់មានសំបុត្រកំណើតប្រើប្រាស់នោះ បាននាំគ្នាទៅធ្វើសំបុត្រកំណើត ដើម្បីត្រៀមលក្ខណៈ ចូលរួមការបោះឆ្នោត ជ្រើសតាំងក្រុមប្រឹក្សាឃុំសង្កាត់
និង បោះឆ្នោតជ្រើសតំណាងរបស់ខ្លួន ក្នុងអណត្តិទី៦នៃរដ្ឋសភា នាឆ្នាំខាងមុខនេះ ។
ជាមួយនឹងសកម្មភាពនេះ គេកត់សម្គាល់ឃើញនៅសាលាសង្កាត់គោកចក ក្រុងសៀមរាប គេឃើញមានប្រជាពលរដ្ឋ ដែលមានបំណងធ្វើសំបុត្រកំណើត បានទៅដល់សាលាសង្កាត់តាំងពីមុនម៉ោង៦ព្រឹកម្លេះ គឺមុនពេលម៉ោងការងារដល់ទៅជាង១ម៉ោងឯណោះ ។ បងប្អូនប្រជាពលរដ្ឋទាំងនោះបាននិយាយថា មកមុនគេ ទើបបានចូលទៅធ្វើមុនគេ បើមិនព្យាយាមអីចឹងទេអត់បានធ្វើឡើយ ព្រោះក្នុង១ថ្ងៃៗ មន្ត្រីអនុកូលដ្ឋាន អាចសម្រេចធ្វើសំបុត្រកំណើតបានមិនដល់១០នាក់ផង ហើយ១ថ្ងៃៗ មានអ្នកមកធ្វើសំបុត្រកំណើត ច្រើនលើសលទ្ធភាពដែលគេអាចធ្វើបាន ដល់ទី២ ឬ ៣ ដងឯណោះ ។ 
លោក ហ៊ុយ ហួន ចៅសង្កាត់គោកចក ក៏បានបញ្ជាក់ឲ្យដឹងដែរថា បញ្ហានេះគឺជាការពិត ប៉ុន្តែមិនមែនមកពីកង្វះខាតមន្ត្រីបំរើការងារនេះនោះទេ តែជានីតិវិធីដែលថ្នាក់លើ បានកំណត់ឲ្យប្រើប្រាស់មន្ត្រីសម្រាប់ចុះបញ្ជីអត្រាអនុកូលដ្ឋាន ធ្វើសំបុត្រកំណើតតែម្នាក់ប៉ុណ្ណោះ ព្រោះថាការចុះបញ្ជីអត្រានុកូលដ្ឋានធ្វើសំបុត្រកំណើត គឺត្រូវចុះបញ្ជីចូលក្នុងសៀវភៅធំតែមួយ បើប្រើប្រាស់មន្ត្រីច្រើននាក់ វាខុសអក្សរគ្នា វាអាចនាំមកនូវភាពច្របូកច្របល់ ( សំបុត្រកំណើត អាចនឹងពិនិត្យច្រឡំ ថា មិនប្រក្រតី មិនមានប្រសិទ្ធិភាពផ្លូវការ ក្នុងការប្រើប្រាស់ ) ។
ដោយសារតែមានមនសិកា ក្នុងការបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ ដើម្បីបានចូលរួមក្នុងព្រឹត្តិការណ៍បោះឆ្នោតនោះ បងប្អូនប្រជាពលរដ្ឋបានបង្ហាញនូវការព្រួយបារម្ភ ក្រែងថា ដល់ពេលកំណត់ធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មី ហើយគាត់ធ្វើសំបុត្រកំណើតមិនបាន ដូច្នេះគាត់ឥតមានអត្តសញ្ញាណប័ណ្ណទៅបោះឆ្នោត ? តើគិតយ៉ាងដូចម្តេច ? ។ ការគិតបារម្ភនេះ គឺវាមិនខុសទេ ប៉ុន្តែយន្តការពន្លឿនកិច្ចការធ្វើសំបុត្រកំណើត អាចមានជម្រើស ដែរឬអត់ ? 



































