ភ្នំពេញ ៖ លោកសេង រតនៈអភិបាលរងរាជធានីភ្នំពេញក្នុងជំនួបសម្តែងការគួរសមជាមួយប្រតិភូទីក្រុងក្វាងចូវ នៃសាធារណរដ្ឋប្រជាមានិតចិនកាលពីព្រឹកថ្ងៃទី២៥ ខែមេសាបានស្នើរសុំឲ្យទីក្រុងក្វាង ចូវកសាងសមិទ្ធផលមួយនៅក្នុងរាជធានីភ្នំពេញដើម្បីទុកជាចំណងដៃក្នុងការចងសម្ព័ន្ធភាព មិត្តភាព សាមគ្គីភាព រវាងទីក្រុងទាំង២ឲ្យកាន់តែបានស៊ីជម្រៅបន្ថែមទៀត ហើយការស្នើសុំនេះប្រតិភូទីក្រុងក្វាងចូវបានសម្ដែងនូវការចាប់អារម្មណ៍ថានឹងអាចដំណើរការទៅតាមការស្នើសុំនេះក្រោយពីជួបពិគ្រោះជាមួយអភិបាលក្រុងក្វាង ចូវជាមុនសិន។
ក្នុងឱកាសជួបសំណេះសំណាលនោះដែរលោកសេង រតនៈ អភិបាលរងរាជធានីភ្នំពេញបានជំរុញ ឲ្យមានការចុះហត្ថលេខាលើកិច្ចសហការចងសម្ព័ន្ធមេត្រីភាពរវាងសាលារាជធានីភ្នំពេញ និង ទីក្រុងក្វាងចូវឲ្យបានឆាប់រហ័សក្រោយពីការចុះហត្ថលេខាលើកំណត់ហេតុរួចហើយ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៣កន្លងមកនេះ។
លោកសេង រតនៈ ក៏បានជំរាបជូនសមភាគីពីស្ថានភាពនយោបាយនៅកម្ពុជា ដែលរាជរដ្ឋាភិបាលអាណត្តិទី៥ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រីគឺកំពុងដំណើរការទៅជាធម្មតាទាំងស្ថាប័ននីតិ បញ្ញត្តិ,ស្ថាប័ននីតិប្រតិបត្តិ ក៏ដូចជីវភាពសង្គមគឺពុំមានអ្វីជាប់គាំងនោះទេទោះបីគណបក្សប្រឆាំងខិតខំបង្កឲ្យមានបាតុកម្ម ញុះញង់ឲ្យមានការរើសអើងនិងធ្វើឲ្យប៉ះពាល់ដល់ សន្តិសុខ សណ្ដាប់ធ្នាប់ក្នុងទីក្រុងយ៉ាងណាក្តី។
បច្ចុប្បន្ននៅរាជធានីភ្នំពេញបានជួបនូវ បញ្ហា១ចំនួនដូចជាបញ្ហាកកស្ទះចរាចរ,បញ្ហាអនាម័យបរិស្ថានជាដើម នៅពេលដែលប្រជាពលរដ្ឋក្នុងទីក្រុងកើនឡើងជាបន្តបន្ទាប់។ ក្នុងឱកាសនោះដែរលោកOuyang Weimin បាន លើកឡើងពីគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងទីក្រុងក្វាងចូវ និងរាជធានីភ្នំ ពេញឲ្យកាន់តែប្រសើរឡើងទៀត ពិសេសលើទំនាក់ទំនងលើវិស័យវិនិយោគ ដោយលោកលើកឡើងថានៅកម្ពុជាមានអ្នកវិយោគជនជាតិចិនធ្វើការបណ្ដាក់ទុនរកស៊ីមួយចំនួនហើយ តែលោកចង់ឲ្យមានការជួបពិភាក្សាមួយរវាងអ្នករកស៊ីខ្មែរនិងចិនដើម្បីឲ្យការធ្វើទំនាក់ទំនងរកស៊ីកាន់តែធំជាងមុនមួយកម្រិតថែមទៀត។
ក្នុងឱកាសនោះប្រតិភូចិនក៏បានអញ្ជើញប្រតិភូសាលារាជធានីភ្នំពេញទៅ ចូលរួមមហាសន្និបាតស្តីពីហិរញ្ញវត្ថុពិភពលោកនៅទីក្រុងក្វាងចូវ នាខែមិថុនា ខាងមុខ នេះផងដែរ៕