កំពង់ឆ្នាំង៖ លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាមណ្ឌលកំពង់ឆ្នាំង នៅព្រឹកថៃ្ងទី១៨ ខែសីហា ឆ្នាំ២០១៥ រួមដំណើរដោយលោកជំទាវ ដោក សុទ្ធា ប្រធានក្រុមប្រឹក្សាខេត្តលោកម៉ម ឈឿម ប្រធានមន្ទីរព័ត៌មានខេត្ត,លោក ថោង ចំរើន ប្រធានមន្ទីរសង្គមកិច្ចខេត្ត បានដឹកនាំមន្ត្រីសហភាពសហព័ន្ធស្រុករលាប្អៀរ,សមត្ថកិច្ចនគរបាលស្រុកនិងកងរាជអាវុធហត្ថស្រុក ចុះសាកសួរសុខទុក្ខនាំយកអំណោយរបស់សប្បុរសជន ទៅជួយឧបត្ថម្ភលោកយាយទុរគត៌ចាស់ជរាគ្មានទីពឹងម្នាក់ និង
បានជួយសង់ផ្ទះជូនលោកយាយផងដែរ នៅភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ។
លោក ចក់ កែវចំរើន ប្រធានការិយាល័យនៃមន្ទីរសង្គមកិច្ចខេត្តបានអោយដឹងថា៖ លោកយាយសៅ ព្រីង អាយុ៧១ឆ្នាំ រស់នៅជាមួយចៅស្រីម្នាក់ អាយុ៥ឆ្នាំ នៅលើដីគេកន្លងទៅថ្មីៗនេះ ត្រូវបានខ្យល់កន្ត្រាក់បោកបក់រលំខ្ទមគាត់ដល់ដី គ្មានទីលំនៅរស់នៅ។ដោយពិនិត្យឃើញសភាពលំបាកជាក់ស្តែងលោកជំទាវ កែ ច័ន្ទមុនី,លោកជំទាវ ដោក សុទ្ធា ,ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត ,លោក ម៉មឈឿម និងលោក ថោង ចំរើន បានចំណាយថវិកាផ្ទាល់ខ្លួន និងថវិកាបានចូលរួមពីសប្បុរសជន បាននាំគ្នាធ្វើផ្ទះជូនលោកយាយ មានទំហំ៣,៥ម៉ែត្រគុណនិង៣,៥ម៉ែត្រ ធ្វើពីឈើប្រកស័ង្កសីជញ្ជាំងស័ង្កសីនិងចាក់សាបខាងក្រោម ដែលចំណាយទឹកប្រាក់អស់ចំនួន៨២៣ដុល្លា និងនាំយកអំណោយជូនលោកយាយអង្ករ៥០គីឡូក្រាមថវិកា២២ម៉ឺនរៀល ចានឆ្នាំងនិងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត។
លោកបានបន្តទៀតថា៖ថវិកាបានមកពីការជួយឧបត្ថម្ភរបស់សប្បុរសជនមួយចំនួនទៀតរួមមាន៖ ឯឧត្តម លាង សេង ,លោក ផែង វណ្ណៈ,លោក យ៉ង់ សៅវុឌ្ឍី,លោកជំទាវ កែ សុភារី,លោក ស្រី ឡុញពិសា,លោក ហ៊ុន លី,លោក ជិន សុផាត,លោក ប៊ឿន ប៊ុនថន,លោក សេង វិចិត្រ,លោកស្រី គង់ វិសាខា,លោកស្រី លី ឡាយ,លោក ឈាង ចន្ធី,លោកស្រី សោម ឡាង,ព្រះចៅអធិការ វត្តភ្នំរាប់បាត និងថវិកាខ្លួនលោកផ្ទាល់ផងដែរ។
ក្នុងឱកាសនោះលោកជំទាវ កែ ច័ន្ទមុនី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខរបស់សម្តេចអគ្គមហាសេនាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រី សម្តេចគតិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលកន្លងមកសម្តេចតែងតែនឹករលឹក គិតគូរពីសុខទុក្ខ ពីផលលំបាកក្នុងការរស់នៅរបស់បងប្អូននៅគ្រប់ទីកន្លែងនៅពេលដែលមានទុក្ខលំបាក គឺសម្តេចតែងជួយដល់បងប្អូនគ្រប់ៗគ្នាទាំងអស់ដោយមិនប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយឡើយ។
លោកជំទាវបានលើឡើតទៀតថា៖ទោះបីផ្ទះនេះវាតូចល្មម និងអំណោយនេះវាតិចតួចពិតមែនតែវាអាចជួយអោយលោកយាយស្នាក់នៅជាមួយចៅនិងបានដែរ ចំណែកអំណោយក៏អាចដោះស្រាយការលំបាកជូនលោកយាយនិងចៅបានមួយគ្រាផងដែរ។ លោកជំទាវក៏បានផ្តាំផ្ញើដល់លោកយាយ សៅព្រីង ត្រូវខិតខំថែរក្សាសុខភាពដោយរស់នៅស្អាតហូបស្អាតផឹកស្អាតទើបមានសុខភាពល្អ។
លោកយាយសៅព្រីងនិងចៅស្រី បានសម្តែងនៅទឹកចិត្តសប្បាយរីករាយយ៉ាងខ្លាំងដល់សម្តេចទាំង៣ និងលោកជំទាវ ឯកឧត្តម និងសប្បុរសជនទាំងអស់ដែលបានជួយសំរាលការលំបាករបស់គាត់និងចៅស្រី និងសូមគោរពជួនពរដល់សម្តេច,ឯកឧត្តម លោកជំទាវលោកលោកស្រីនិងសប្បុរសជនទាំងអស់ សូមទទួលបានជ័យជំនះឈ្នះមារសត្រូវគ្រប់ទិសទី ដើម្បីដឹកនាំប្រទេសជាតិប្រកបដោយសុខសន្តិភាព ឆ្ពោះទៅកាន់វឌ្ឍនភាពសម្បូរសប្បាយរុងរឿងរហូតតទៅ៕




































