កំពង់ធំ ៖ ពិធីបញ្ចុះបឋមសិលា សាងសង់អាគារសាលប្រជុំ របស់វរៈសេនាតូចលេខ២ ដែលជាអំណោយ ដ៏ថ្លៃថ្លារបស់ ឯកឧត្តម អ្នកឧញ៉ា ហេង សំណាង ប្រធានសភាពាណិជ្ជកម្ម កំពង់ធំ ព្រះវិហារ ត្រូវបានសាងសង់ជូនកងយោធពលខេមរៈភូមិន្ត ចំណុះឲ្យតំបន់ប្រតិបត្តិការសឹករងកំពង់ធំ៕
ពិធីបានប្រារព្វឡើងយ៉ាងអធឹកអធ័ម ក្រោមអធិបតី ឯកឧត្តម អ៊ុត សំអន អភិបាល នៃគណៈអភិបាល ខេត្តកំពង់ធំ និងឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ព្រមទាំងប្រធានអនុ ប្រធានមន្ទីរជុំវិញខេត្ត និងកងយោធពល លោកតា លោកយាយចូលរួមយ៉ាងច្រើនកុះករ ស្ថិតនៅក្នុងភូមិ បុះធំ ឃុំ ក្រយា ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានសម្តែងនូវកិច្ចស្វាគមន៍ ចំពោះឯកឧត្តម លោក ឧញ៉ានិងព្រមទាំងសម្បុរសជន ដែលបានគាំទ្រ និងជម្រុញឲ្យមានការកសាង នូវសមិទ្ធិផលថ្មីមួយសម្រាប់បំម្រើសេចក្តីត្រូវការរបស់កងយោធពលខេមរៈភូមិន្ទ និងគាំទ្រពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ម៉ន មេបញ្ជាការងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ និងការបរិចាកថវិការផ្ទាល់របស់ លោកឧញ៉ាហេង សំណាង សម្រាប់កសាងអាគារសាលប្រជុំ យើងខ្ញុំសូមប្តេជ្ញាគោរព យ៉ាងម៉ឺងម៉ាត់ នូវបទបញ្ជារបស់ ថ្នាក់ដឹកនាំ អនុវត្តន៍ជានិច្ច គ្រប់សក្មភាពការងារតាមតួនាទី ក្នុងការរួមចំណែករក្សាសន្តិសុខ សុវត្តិភាព ភូមិ ឃុំ ចូលរួមការពារ ដំណើរការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាស្រុក ក្រុង ខេត្ត ឲ្យទទួលបានជោគជ័យ និង ចូលរួមគ្រប់សកម្មភាពមនុស្សធម៌ ជាពិសេសការពារមាតុភូមិ ការពារព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតឡើងពីការបោះឆ្នោត ។
ឯកឧត្តម អ៊ុត សំអន ប្រធានគណៈបញ្ជាការឯកភាពខេត្ត និងជាអភិបាលខេត្តកំពង់ធំ បានមានមតិ សំណេះសំណាលថា ទីតាំងវរៈសេនាតូចលេខ២នេះ កាលសម័យសង្គ្រាម ជាទីតាំងរបស់វរៈសេនាតូចលេខ ៨៩ យោធភូមិភាគទី២ ជាទីតាំងតស៊ូរបស់ទ័ពព្រៃ ប៉ារ៉ា និងកម្លាំងកម្ពុជាប្រជាធិបតេយក្យ បច្ចប្បន្នជាកងពលលេខ៣ ទីតាំងនេះ គឺគ្មានអាគារ គ្មានរោង ពលទាហានចងអង្រឹងតាមដើមឈើ រហូតមកដល់ពេល នេះដោយសារមានការ គៀងគររកសម្បុរសជននិងការខិតខំប្រឹងប្រែង របស់ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់សឹក បានកសាងនូវសមិទ្ធិផលជាច្រើន និងជាបន្តបន្ទាប់ ជាក់ស្តែងនៅថ្ងៃនេះកំពុងតែសាងសង់អាគារសាលប្រជុំ ដែលមានបណ្តោយ ១៣ទទឹង៦ម៉ែត្រ និងត្រូវចំណាយទឹកប្រាក់ចំនួន ១៧០០០ដុល្លា ។
ឯកឧត្តម បានបញ្ជាក់ថា អាគារសាលប្រជុំ មានសារៈសំខាន់ណាស់ សម្រាប់ប្រជុំ អប់រំ កិច្ចពិភាក្សា និងជាចំនុចចាប់ផ្តើមប្រមូលផ្តុំអង្គភាព កងកម្លាំងរបស់ទ័ព សម្រាប់ចេញប្រតិបត្តិការការពារសន្តិសុខ។