អោយរបួសស្រាល៣នាក់ ទាល់តែបាញ់បំបែកហ្វូងទើបចាប់ខ្លួនជនដៃដល់បាន៣នាក់
ខេត្តកំពង់ឆ្នាំង៖ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្នាក់ការ៥០១ចំនួន ៣នាក់បានរងរបួសល្រាល និងយុវជនម្នាក់របួសធ្ងន់ នៅក្នុងអំពើហឹង្សាវាយតប់គ្នាមួយក្នុងពេលស្រវឹង រាំធុងបាស់
ពេលយប់ ថ្ងៃកាន់បិណ្ឌទី១។នៅក្នុងករណីនេះសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត បានផ្ទុះអាវុធបាញ់ទៅលើជាច្រើនគ្រាប់ ដើម្បីបង្ក្រាបអំពើហឹង្សាវាយតប់គ្នានេះ ទើបចាប់ខ្លួនជនដៃដល់បាន៣នាក់។ករណីនេះបានកើតឡើងនៅវេលាម៉ោង ១០ និង៣០នាទីយប់ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥ នៅក្នុងវត្តចំបក់រង្សី ហៅវត្តក្បាលដំរី ស្ថិតក្នុងភូមិក្បាលដំរី ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានអោយដឹងថា៖ នៅយប់នោះគឺជាថ្ងៃកាន់បិណ្ឌទី១ក្នុងវត្ត ដោយមានដាក់ធុងបាស់រាំវង់កំសាន្តផងដែរ ប៉ុន្តែក្រោយពេលម្នាក់ៗផឹកស្រវឹងរៀងៗខ្លួនមក ក៏កើតមានទំណាស់ពួកក្រុមក្មេងទំនើងវ៉ៃគ្នា មិនដឹងក្រុមណាវាយក្រុមណានោះទេ នៅពេលនោះមានមន្ត្រីកងរាជអាវុធហត្ថសា្នក់ការ៥០១ បានចូលឃាត់ក៏ត្រូវក្រុមក្មេងទំនើងទាំងនោះវ៉ៃសមត្ថកិច្ចរបូសស្រាល៣នាក់ទៀត ដោយមកនខ្លាចរអែងអ្នកណាឡើយ។ ដោយសភា ការណ៏កាន់តែធ្ងន់ធ្ងរមិនអាចទប់ស្កាត់បាន សមត្ថកិច្ចកងរាជអាវុធហត្ថ ក៏ផ្ទុះអាវុធជាច្រើនគ្រាប់ បាញ់ឡើងទៅលើ ដើម្បីបំបែកក្រុមក្មេងទំនើងទាំងនោះ ទើបឈានដល់ការចាប់ខ្លួនជនសង្ស័យបានចំនួន៣នាក់ យកមកកាន់ស្នាក់ការ៥០១ ។ 
សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបាននិយាយអោយដឹងថាៈ ជនសង្ស័យទាំង៣នាក់ ដែលបានឃាត់ខ្លួន មាន៖ ១.ឈ្មោះ ឃឹម សំអូន អាយុ២៤ឆ្នាំ ២.ឈ្មោះ កង ភេង អាយុ២៥ឆ្នាំ ទាំង២នាក់មានទីលំនៅ ភូមិ ក្បាលដំរី ឃុំ ត្រពាំង ចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង និង៣.ឈ្មោះផន ផៃ អាយុ៣៤ឆ្នាំ មានទីលំនៅ ភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិសាត់ ។ នៅក្នុងអំពើហឹង្សានេះ យុវជនម្នាក់ ឈ្មោះ ទូច ចាន់ អាយុ២៤ឆ្នាំ មានទីលំនៅភូមិក្បាលដំរី បានរងរបួសធ្ងន់ គឺបែកក្បាលនិងបាក់ដៃខាងឆ្វេង ចំណែកមន្ត្រីកងរាជអាវុធហត្ថ៣នាក់បានរងរបួសស្រាលផងដែរក្នុងពេលទប់ស្កាត់ជម្លោះ។
សមត្ថកិច្ចបានអោយដឹងទៀតថា៖ នៅពេលសមត្ថកិច្ចចាប់ឃាត់ជនសង្ស័យទាំង៣នាក់ នាំយកមកកាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្ត គឺមានក្រុមក្មេងទំនើងមួយក្រុម មានម៉ូតូជាច្រើនគ្រឿងបាន បើកស្កាត់មកចង់រំដោះយកបក្ខពួកគេ តែពេលឃើញសមត្ថកិច្ចបន្ថែមកម្លាំងនិងមានអាវុធគ្រប់ដៃទើបក្រុមក្មេងទំនើងទាំងនោះបានដកថយទៅវិញ ។
ក្នេងទំនើងទាំង៣នាក់ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួន ទៅកាន់តុលាការខេត្តដើម្បីចាត់ការតាមផ្លូវច្បាប់ ដោយចោទប្រកាន់ពីបទហឹង្សាដោយចេតនា និងវាយសមត្ថកិច្ចអោយរបួស ក្នុងពេលប្រតិបត្តិការណ៍ទប់ស្កាត់ និងបង្ក្រាបអំពើហឹង្សា៕ Bun rithy



































