កំពង់ធំៈ មានមតិរិះគន់យ៉ាងចាស់ដៃទៅលើ លោក ប្រាក់ ប៊ុនអៀន ដែលជាអ្នកយកតែលុយចូលទស្សនា និងជាការ ធ្វើនំគ្មានម្សៅ ព្រមទាំងមិនយកចិត្តទុកដាក់របស់មន្ទីរទេសចរណ៍ ខេត្តកំពង់ធំ ដែលបានបណ្តែតបណ្តោយវាសនារមណីយដ្ឋានភ្នំសន្ទុក ឲ្យធ្លាក់ប្រជាប្រិយភាព ដោយសារតែភាពកខ្វក់ សំរាមរាយប៉ាយគ្មាន សណ្តាប់ធ្នាប់ គ្មានការអើពើរពីសំណាក់លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ធំ ធ្វើឲ្យរមណីយដ្ឋាន ដែលធ្លាប់តែមានសភាពអ៊ូអរ ឥលូវក្លាយជារមណីយដ្ឋានស្ងាត់ជ្រងំស្ទើរតែគ្មានមនុស្សមកកំសាន្ត។
រមណីយដ្ឋានភ្នំសន្ទុក គឺជារមណីយដ្ឋានប្រវត្តិសាស្ត្រ ពោពេញទៅដោយរឿងព្រេងជាច្រើន បង្កប់នូវភាពអាថកំបាំង ជាច្រើន ប្រជាពលរដ្ឋទាំងអស់ក្មេងគិតថា ភ្នំសន្ទុកជាកន្លែងដែលមានបារមី មានបុណ្យនិងធ្វើឲ្យពួកគេថ្វាយបង្គំព្រះ សុំប៉ងសេចក្តីប្រាថ្នាទាំងការងារតូចធំ បន់ស្រន់ឲ្យជាសះស្បើយពីជំងឺ តែមកដល់ពេលនេះ ត្រូវបានបាត់បង់ការជឿជាក់ដោយសារតែទិដ្ឋភាពនៅរមណីយដ្ឋានភ្នំសន្ទុក ពោពេញទៅដោយក្លិនស្អុយ និងចោលសំរាមពាស់វាល ពាសកាលគ្មានទីតាំងចោលសំរាមឲ្យបានត្រឹមត្រូវ ជាពិសេសការសាងសង់តូបលក់គ្មានជួរ គ្មានសណ្តាប់ធ្នាប់ មានក្មេងសុំ ទានប្រសាច ភាពមិនអើពើរបស់ប្រធានមន្ទីរទេសចរណ៍ និងអ្នកម៉ៅការរមណីយដ្ឋានភ្នំសន្ទុក បានធ្វើឲ្យមានការរិះ គន់ថាដាក់កុងត្រូវយកតែលុយ ក្នុងឡានមួយ ២០០០រៀល តែបរិស្ថានមិនទទួលខុសត្រូវ និងពុំមានការអភិវឌ្ឍន៍។
លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ បានឲ្យដឹងថា លោកធ្លាប់បានធ្វើការណែនាំដល់លោក ប្រាក់ ប៊ុនអៀន អ្នកម៉ៅការ ទទួលខុសត្រូវភ្នំសន្ទុកនេះ ជាច្រើនលើកច្រើនសារមកហើយ តែគាត់ហាក់ដូចជាមិនយកចិត្តទុកដាក់ ជាពិសេសក្រុម អជីវករលក់បាយម្ហូប គាត់មិនសូវជាមានការចូលរួមនោះទេ ដូចជានំចំណីនិងកាកសំណល់ អ្នកលក់គួរតែនាំគ្នាជីកដី កប់មិនត្រូវចោលដោយគ្មានសណ្តាប់ធ្នាប់នោះទេលោកនិងណែនាំបន្ថែមឲ្យពង្រឹងការសំរាមនេះទៀត។
ក្នុងនោះដែរប្រជាពលរដ្ឋបាន សំណូមពរឲ្យ ឯកឧត្តម អ៊ុត សំអន អភិបាលខេត្តកំពង់ធំ និងលោក ប្រធានមន្ទីរទេសចរណ៍ ធ្វើការផ្លាស់ប្តូរប្រាក់ ប៊ុនអៀន ដែលជាអ្នកម៉ៅការរមណីដ្ឋានភ្នំសន្ទុក ដោយសារតែដេញថ្លៃបានរាប់សិប ឆ្នាំមកហើយតែពុំមានការអភិវឌ្ឍន៍អ្វីទាំងអស់សូម្បីតែបន្តិចនិង មេត្តារៀបចំសំអាតបរិស្ថានក្នុងបរិវេណភ្នំសន្ទុក ទាំងជើងភ្នំ និងលើភ្នំ ឲ្យមានទីតាំងចោលសំរាមឲ្យលក្ខណៈត្រឹមត្រូវ ជៀសវាងបង្ករផលប៉ះពាល់ដល់ បរិស្ថាននិងតំបន់ព្រះពុទ្ធសាសនា ជាពិសេសតំម្លៃម្ហូបអាហារថ្លៃខុសពី ខេត្តដ៏ទៃ ថ្លៃរបៀបកោរមិនដាក់ទឹក ធ្វើឲ្យភ្ញៀវស្ទើរតែរាងចាលមិនចង់ហ៊ានមកលេងនៅភ្នំសន្ទុកនេះ ។

ដោយ ប៊ុន រដ្ឋា



































