សៀមរាប៖លោកឃឹមប៊ុនសុងប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបានថ្លែងនៅក្នុងពិធីខួបទី១៥១ទិវាពិភពលោកកាកបាទក្រហមអឌ្ឍចន្ទក្រហមកាលពីព្រឹកថ្ងៃទី០៦ខែឧសភាឆ្នាំ២០១៤នៅទីស្នាក់ការកាកក្រហមម្សិលម៉ិញនេះថា ដើម្បីសម្រេចបានប្រធានបទ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ( ក្រោមប្រធានបទ ខ្ញុំ និងកាកបាទក្រហម)ជាការបន្តលើកកម្ពស់ស្មារតីយើងទាំងអស់គ្នាខិតខំបន្ថែមក្នុងការពុះពារយកជ័យជំនះលើបញ្ហាប្រឈមជាសកលនិងជំនះលើផលប៉ះពាល់ទាំងឡាយបង្កដោយបម្រែបម្រួលអាកាសធាតុដែលយើងត្រូវនាំគ្នាស្រួចស្រាលក្នុងភារកិច្ចជាភ្នាក់ងារនៃការផ្លាស់ប្តូរឥរិយាបថជាមិត្តអប់រំមិត្តក្នុងការបន្សាំខ្លួនទៅនឹងអ្វីៗដែលពិភពលោកកំពុងរងផលវិបាក ។
តាមរយៈស្មារតីនៃខួបលើកទី១៥១ នៃទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហមអន្តរជាតិ ៨ឧសភា ២០១៤នេះដែរក៏មានការបរិច្ចាកថវិកាពីបងប្អូនសប្បុរសជនថ្នាក់ដឹកនាំពាណិជ្ជករអាជីវករក្រុមហ៊ុនក្នុងខេត្តដែលបានចូល រួមក្នុងពិធីនិងការជួបជុំមហាគ្រួសារកាកបាទក្រហមកម្ពុជា ដែលមានថវិកាចំនួន២៧ម៉ឺនដុល្លា អង្ករ ១៨តោនទឹកបរិសុទ្ធ ២០យូរ និង ថ្នាំពេទ្យ ៣កាតុងផងដែរ។ ពិធីនេះបានប្រព្រឹត្តទៅ ក្រោមវត្តមានចូលរួមរបស់លោកឃឹមប៊ុមសុង ប្រធានគណៈកម្មាធិការសាខាកាក បាទក្រហមខេត្ត និងសមាជិកជាច្រើនរូបទៀត។
លោកស៊ុំសំអននាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្ត បានធ្វើសេចក្តីរាយការណ៍ អំពីសកម្មភាពការងាររបស់សាខា ដែលបានអនុវត្តក្នុងឆ្នាំ ២០១៣ ដល់ខែ មេសា ឆ្នាំ ២០១៤ ដោយបានគូសបញ្ជាក់អំពីសមិទ្ធផលជាច្រើនដែលសាខា សម្រេចបាន អាស្រ័យដោយមានការចូលរួមឧបត្ថម្ភគាំទ្រ ទាំងស្មារតី ថវិកា សម្ភារៈ ពីគ្រប់មជ្ឈដ្ឋាននៃសប្បុរសជន និង អង្គការសមាគមជាតិ អន្តរជាតិ និង ដៃគូសហប្រតិបត្តិការការងារនៅតាមសហគមន៍ ។
លោកឃឹមប៊ុនសុង បានថ្លែងសេចក្ដីថ្លែងការណ៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និង មានប្រសាសន៍សំណេះសំណាលទៅកាន់ភ្ញៀវកិត្តិយស សមាជិក សមាជិកា នៃអង្គមិទ្ទិញទាំងមូលដោយផ្ដោតទៅលើការងារសំខាន់ៗជាច្រើនរបស់កាកបាទក្រហមកម្ពុជា ក៏ដូចជាសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ក្នុងនាមជំនួយការឲ្យរាជរដ្ឋាភិបាល អាជ្ញាធរសាធារណៈកន្លងមក បានខិតខំយកអស់ស្មារតីទទួលខុសត្រូវ
ខ្ពស់ទៅលើយុទ្ធសាស្ត្រ និង វិស័យស្នួលរបស់ខ្លួនក្នុងការអនុវត្តន៍សកម្មភាពនានា លើវិស័យមនុស្សធម៌ ពិសេសការយកចិត្តទុកដាក់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និង មានការគាំទ្រពីគ្រប់មជ្ឈដ្ឋានជាតិ និង អន្តរជាតិក្នុងបុព្វហេតុជួយសង្គ្រោះ ដោយអនុវត្តទៅតាមគោលការណ៍គ្រឹះទាំង៧ របស់ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម មានប្រសិទ្ធភាពខ្ពស់។