សៀមរាបៈ បទល្មើសព្រៃឈើ ត្រូវបានស្ងាត់ពីដងផ្លូវដោយសារតែ ឈ្មួញដែលជារាស្ត្រធម្មតា ដែលធ្លាប់ ប្រើប្រាស់អាជីពជាអ្នកជំនួញ ដឹកជញ្ជូនឈើគ្រញូង បែរជាបានផ្លាស់ប្តូរមុខរបរថ្មី ស្របច្បាប់ខណៈពេល ដែលតំលៃរត់ការ និងបង់ប្រាក់តាំបណ្តាសមត្ថកិច្ច និងកុងត្រូវជជុះមិនតិចពី៣០អង្គភាពក្នុងការដឹកជញ្ជូនមួយជើង និងត្រូវចំណាយលុយយ៉ាងច្រើនសម្រាប់ចែករំលែកនៅតាមដងផ្លូវ ដើម្បីសុវត្តិភាពក្នុងការដឹកជញ្ជូន ។
ក្រោយពីសកម្មភាពរបស់ឈ្មួញបានស្ងាត់ គេសង្កេតឃើញមានការដឹកជញ្ជូន ឈើគ្រញូងតាមរយះសមត្ថកិច្ច ដែលតែងតែយកស្បែកជាទាហាន ជាប៉ូលិស ជាប៉េអ៊ឹម និងស្ថាប័នមានអំណាច មួយចំនួន បានលបលួចដឹកជញ្ជូនដោយខ្លួនឯង ជាក់ស្តែង នៅវេលាម៉ោង ២.៣០នាទី ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៥ លោក សូ ផល្លា នាយផ្នែករដ្ឋបាលព្រៃឈើជីក្រែងបានសហការជាមួយសង្កាត់ លោក ភោគ វីរៈ និង លោក ថៃ ប៊ុនសុង និងកម្លាំងនគរបាលស្រុកជីក្រែង កម្លាំងកងរាជអាវុធហត្ថ លោក ផេង ឆៃឡុន ទី២លោក សយ សុវណ្ណារិទ្ធ ស្ទាក់ចាប់ឡានពណ៌ត្រេអ៊ីទាហានមួយគ្រឿង ពុំមានផ្លាកលេខ និងអ្នកបើករថយន្តម្នាក់ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្នបន្ទាប់ពីធ្វើការឆែកឆេរនៅក្នុងឡានឃើញមានបង្កប់ឈើក្រញូងខាងក្រោមមានចំនួន ៦៦ដុំ ស្មើនឹង ៧៦០គីឡូក្រាម ត្រង់ចំណុចសង្កាត់រដ្ឋបាលព្រៃឈើកំពង់ក្តី ស្ថិតនៅក្នុងឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប។
លោក សូ ផល្លា នាយផ្នែករដ្ឋបាលព្រៃឈើជីក្រែង បានឲ្យដឹងថា មុនពេលចាប់ឃាត់រថយន្តដឹកបទល្មើសឈើគ្រញូងនេះ លោកបានទទួលព័ត៌មាន ពីបណ្តាញសម្ងាត់ថា មានរថយន្តមួយគ្រឿង ពណ៌ត្រីអ៊ី បានដឹកឈើគ្រញូងចេញពីស្រុកអន្លង់វែង ឆ្លងកាត់ស្រុកជីក្រែង ទើបលោក បានសុំយោបល់ លោក ទា គឹមសុទ្ធ នាយខណ្ទរដ្ឋបាលព្រៃឈើសៀមរាប ដើម្បីសុំកាក់ត្រួតពិនិត្យរថយន្តសង្ស័យ ក្រោយពីរថយន្ត មុខសញ្ញាមកដល់ សមត្ថកិច្ចចម្រុះបានកាក់ ត្រួតពិនិត្យ ហើយបានប្រទះឃើញបទល្មើសជាក់ស្តែង ទើបឃាត់ខ្លួនតៃកុងឡាន និងវត្ថុតាង បញ្ជូនមកកាន់ផ្នែករដ្ឋបាលព្រៃឈើជីក្រែង ដើម្បីរងចាំឲ្យតំណាងចូល មកដោះស្រាយតាមនិតិវធីនៃច្បាប់ តែករណីក្នុងមួយខែបើសាម៉ីខ្លួន ឬតំណាងមិនចូលមកដោះស្រាយទេ សមត្ថកិច្ចនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។

ដោយ រៀម រិទ្ធី



































