ខេត្តពោធិ៍សាត់ ៖ អភិបាលនៃគណអភិបាលខេត្តពោធិ៍សាត់ថ្មី បានធ្វើពិធីប្រកាសចូលកាន់តំណែង នាព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៤ ក្រោមអធិបតីភាព ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ ពិធីនេះបានប្រារព្វធ្វើនៅសាលាខេត្ត<ពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួម ពីសំណាក់សមាជិករដ្ឋសភា សមាជិករាជរដ្ឋាភិបាល សមាជិកក្រុមប្រឹក្សាខេត្ត អភិបាល អភិបាលរងខេត្ត មេបញ្ជាការ កងកំលាំងប្រដាប់អាវុធ ប្រធានមន្ទីរនានា អភិបាលក្រុងស្រុក និងមេឃុំចៅសង្កាត់។
ឯកឧត្តម ខូយ សុខា អភិបាលខេត្តចាស់ ដែលត្រូវផ្លាស់ចេញ បានស្វាគមន៍ និងរាយការណ៍ជូនថា រដ្ឋបាលខេត្តពោធិ៍សាត់ ប្រសូត្រឡើងដោយការបោះឆ្នោតអសកល កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០០៩ ។ បានកសាងផែនការអភិវឌ្ព្យន៍រយះពេល០៥ឆ្នាំ (២០១១ដល់២០១៥) និងកម្មវិធីវិនិយោគ០៣ឆ្នាំ រំកិល (២០១១ដល់២០១៣) ដែលស្ថិតក្នុងក្របខ័ណ្ឌការងារ នៃកម្មវិធីជាតិ១០ឆ្នាំ (២០១០ដល់២០១៩) ។
សមិទ្ធិផលសង្គម,ការអនុវត្តន៍គោលនយោបាយចាស់ សកម្មភាពថ្មី លើវិស័យដីធ្លី ,វារីអគ្គីសនី០២កន្លែង នៅស្ទឹងអាតៃ ដែលមានអានុភាព១២០មេហ្កាវ៉ាត់ ,សំណង់ធារាសាស្ត្រខ្នាតធំ ចំនួន២៩កន្លែង, ខ្នាតតូច១៥កន្លែង ដែលអាចស្រោចស្របលើផ្ទៃដីស្រូវវស្សា ចំនួន៧០.៥៥៩ហិកតា និងស្រូវប្រាំង១២.០០០ ហិកតា ។ តាមព្រះរាជក្រិត្យ ចុះថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៤ បានត្រាស់បង្គាប់ ផ្ទេរភារកិច្ច ឯកឧត្តម ខូយ សុខា ឋានន្តរស័ក្កិ ឧត្តមមន្ត្រីថ្នាក់លេខ១ ពីអភិបាលនៃអភិបាល ខេត្តពោធិ៍សាត់ ឲ្យមកបំរើការងារនៅទីស្តីការក្រសួងមហាផ្ទៃ ។ តែងតាំងឯកឧត្តម ម៉ៅ ធនិន ឋានន្តរស័ក្កិ ឧត្តមមន្ត្រីថ្នាក់លេខ៥ ជាអភិបាល នៃគណអភិបាលខេត្តពោធិ៍សាត់ ។ បន្ទាប់ពីប្រគល់ព្រះរាជក្រិត្យ និងត្រា និងការប្ដេជ្ញាចិត្ត របស់ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណអភិបាលខេត្តពោធិ៍សាត់រួចមក ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស ខេង បានថ្លែងកោតសរសើរ ចំពោះឯកឧត្តម ខូយ សុខា ដែលបានខិតខំប្រឹងប្រែង ដឹកនាំអភិវឌ្ព្យន៍ខេត្តពោធិ៍សាត់ រយះពេល០៥ឆ្នាំ បន្តពីអភិបាលខេត្តមុនៗ មានការរីកចំរើនគួរអោយកត់សំគាល់ ។
ឥឡូវនេះឯកឧត្តម ត្រូវបានព្រះមហាក្សត ផ្ទេរភារកិច្ច ឲ្យទៅបំរើការងារនៅទីស្ដីការក្រសួងមហាផ្ទៃវិញ ដើម្បីបានឈរឈ្មោះជាបេក្ខជន ប្រធានក្រុមប្រឹក្សាខេត្ត ដែលនឹងបោះឆ្នោតនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៤ ខាងមុខនេះ ។ ចំពោះឯកឧត្តម ម៉ៅ ធនិន ដែលបានតែងតាំងជាអភិបាលខេត្តពោធិ៍សាត់ ជំនួសឯកឧត្តម ខូយ សុខា នាពេលនេះ ក៍ជាមន្ត្រី ដែលមានបទពិសោធន៍ក្នុងការដឹកនាំ គ្រប់គ្រងរដ្ឋបាលខេត្ត ព្រោះមុននេះ លោកជាអភិបាលរងខេត្តស្ទឹងត្រែង ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ផ្ដាំផ្ញើដល់ឯកឧត្តម អភិបាលខេត្តថ្មី ដឹកនាំបន្ត ត្រូវពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង ឲ្យបានល្អនៅក្នុងក្រុមប្រឹក្សាខេត្ត គណអភិបាលខេត្ត មន្ត្រីរាជការ និងកងកំលាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋាន នៃការលើកកំពស់ប្រសិទ្ធិភាពការងារ ការគោរពច្បាប់ គោរពគោលការណ៍នានារបស់រដ្ឋ ពង្រឹងរបៀបរបបធ្វើការងារ ដើម្បីលើកកំពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្ត្រី នៅក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន ។ គួររំលឹកថា មកដល់ពេលនេះ គិតចាប់ពីឆ្នាំ១៩៧៩មក ក្នុងរយះពេល៣៥ឆ្នាំ ខេត្តពោធិ៍សាត់ បានផ្លាស់ប្ដូរគណះអភិបាល ដឹកនាំគ្រប់គ្រងខេត្តចំនួន០៥រូបហើយ ៕