​ ​ព្រឹត្តិការណ៍​រត់ប្រណាំង​អន្តរជាតិ ពាក់កណ្តាល​ម៉ារ៉ាតុន​-​អង្គរ​ខួប​ទី​២០ ( ឆ្នាំ​២០១៥ )មាន​កីឡាករ​ចម្រុះ​ជាតិ​សាសន៍ ប្រមាណ​ជា ៨,៥០០​នាក់ បាន​ចូលរួម

0

​ខេត្តសៀមរាប នៅ​ចុង​ស​ប្តា​ហ៏​ក្នុង​ថ្ងៃទី​៦​ខែធ្នូ​ឆ្នាំ​២០១៥​ក្រុមមនុស្ស​ចម្រុះ​ជាតិ​សាសន៍ មកពី​៧៥​ប្រទេស ប្រមាណ​១​ម៉ឺន​នាក់ បាននាំគ្នា​មក​ចូលរួម​និង​អបអរសាទរ ការរត់​ប្រណាំង​កីឡា​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​លើក​ទី​២០​នៅមុខ​ប្រាសាទអង្គរវត្ត​នៃ​ខេត្តសៀមរាប​។​
​កីឡា​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​នេះ មាន​កីឡាករ កីឡាការិនី​ជាតិ​និង​អន្តរ​ជាតិប្រមាណ​៨​ពាន់​នាក់​បាន​ស្ម័គ្រចិត្ត រត់ប្រណាំង ចម្ងាយ​៣​គីឡូម៉ែត្រ​១០​គីឡូម៉ែត្រ និង​ចម្ងាយ​២០​គីឡូម៉ែត្រ​ព័ទ្ធជុំវិញ​តំបន់​អង្គរ​។​
​ក្រុម​អ្នករត់​ប្រណាំង​ទាំង​ជនជាតិខ្មែរ និង​បរទេស​ចម្រុះ​ជាតិ​សាសន៍ ក្រៅតែពី​នាំគ្នា​រត់​ជា​ក្រុមៗ ពួកគេ​ក៏​សំដែង​អារម្មណ៍​រីករាយ បើទោះបីជា​ការរត់ ធ្វើឱ្យ​បែកញើស​ពេញ​ខ្លួន និង​នឿយហត់​ខ្លះ​ក៏ដោយ​។​
លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ មានប្រសាសន៍ថា​ព្រឹត្តិការណ៍​កីឡា​រត់ប្រណាំង​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​នេះ ក្រៅតែពី​មាន​គោលដៅ រក​មូលនិធិ​ទៅ​ជួយ​ដល់​ជនពិការ ជួយ​ដល់​កាកបាទក្រហម ជួយ​ដល់​មន្ទីរពេទ្យ​កុមារ និង​ជនរងគ្រោះ​ដោយសារ​គ្រាប់មីន វា​ក៏​ជា​ព្រឹត្តិការណ៍​ដែល​អាចជួយ​ផ្សព្វផ្សាយ​សក្ដានុពល​ទេសចរណ៍​របស់​កម្ពុជា​ផងដែរ​។
((​យើង​គិតថា​យើង​បាន​ផ្សព្វផ្សាយ​ទូលំទូលាយ ទៅខាង​ក្រៅ​តាមរយៈ​ព្រឹត្តិការណ៍​នេះ ពី​១​ឆ្នាំទៅ​១​ឆ្នាំ​។​អីចឹង​យើង​ឃើញថា​៤​ពាន់​នាក់​ដែល​មក​ចូល​រួមទាំង​កូន​ទាំង​ចៅ អាច​១​ម៉ឺន​នាក់​ជាង​ហើយ​)​។​
លោក​ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប មានប្រសាសន៍ថា​ខេត្តសៀមរាប គឺជា​ខេត្ត​មួយ​ដែល​ពឹង​ផ្អែកលើ​វិស័យ​ទេសចរណ៍​ច្រើនជាងគេ បន្ទាប់ពី​វិស័យ​កសិកម្ម​ជា​ចម្បង​។ លោក​ឃឹម ប៊ុន​សុង បញ្ជាក់ទៀតថា នៅពេលដែល​រដ្ឋាភិបាល និង​ក្រសួងទេសចរណ៍ កំពុង​ប្រឹងប្រែង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​បរទេស ឱ្យ​ចូលមក​ទស្សនា​កម្ពុ​ជា​នេះ គឺ​លោក​ជា​អាជ្ញាធរខេត្ត​ក៏​កំពុង​ប្រឹងប្រែង​រៀបចំ តំបន់​ទេសចរណ៍ធម្មជាតិ ឱ្យបាន​ច្រើន​កន្លែង​ថែមទៀត ដើម្បីឱ្យ​ភ្ញៀវ​ទេសចរណ៍​បរទេស បានមក​ស្នាក់នៅ​ខេត្តសៀមរាប​បាន​ច្រើន​ថ្ងៃ​។​
​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​លោក​ថោង ខុន ឱ្យដឹងថា​តាម​ការវាយតម្លៃ របស់​ពិភពលោក គឺ​កម្ពុជា ជា​ប្រទេសមួយ​នៅក្នុង​តំបន់​អាស៊ី​អ​គ្នេ​យ៍ ដែលមាន​ឧត្តមភាព អាច​ប្រកួតប្រជែង​ផ្នែក​ទេសចរណ៍វប្បធម៌ និង​ទេសចរណ៍ធម្មជាតិ ជាមួយ​បណ្ដា​ប្រទេស​ជាច្រើន​ទៀត នៅក្នុង​ពិភពលោក​បាន ដោយសារ​កម្ពុ​ជាមាន​ប្រាសាទបុរាណ​និង​តំបន់​ទេសចរណ៍ធម្មជាតិ រួមទាំង​ឆ្នេរសមុទ្រ​ផង​។
​លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ រំពឹងថា​សម្រាប់​ឆ្នាំ​២០២០​ខាងមុខ កម្ពុជា​អាច​នឹងមាន​ភ្ញៀវ​ទេសចរណ៍​បរទេស​ចូលមក​កំសាន្ត ប្រមាណ​ពី​៧​លាន​៥​សែន ទៅ​៨​លាន​នាក់​។​
​ក៏ប៉ុន្តែ​សម្រាប់​ឆ្នាំ​២០១៥​នេះ កម្ពុជា​ធ្លាប់​រំពឹងទុក​ថា​នឹង​អាច​ទទួលបាន​ភ្ញៀវ​ទេសចរណ៍​បរទេស​ចំនួន​៥​លាន​នាក់​នោះ គឺ​មិនទាន់​បានសំរេច​ជោគជ័យ តាម​ការរំពឹងទុក​នៅ​ឡើយ​ទេ​។​រដ្ឋមន្ត្រី​ក្រ​ទេសចរណ៍​ប៉ាន់ប្រមាណ​យ៉ាងហោចណាស់ រហូតដល់​ដំណាច់ឆ្នាំ​២០១៥ កម្ពុជា​ក៏​អាច​ទទួលបាន​ភ្ញៀវ​ទេសចរណ៍​បរទេស​ប្រមាណ​៤​លាន​៨​សែន​នាក់​ដែរ​៕AA110701.Still010 AA110701.Still007 AA110701.Still005 AA110701.Still004 AA110701.Still003 AA110701.Still002 AA110701.Still001