បន្ទាយមានជ័យ ៖ លំនៅដ្ឋានមួយកន្លែងក្នុងភូមិក្លាកូនចាស់ សង្កាត់កំពុងស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលឈ្មួញជាម្ចាស់ផ្ទះបម្រុងនាំឈើគ្រញូងមួយរថយន្តចេញទៅលក់នៅព្រំដែនវៀតណាម ត្រូវបានសមត្ថកិច្ចចម្រុះ ដឹកនាំដោយតំណាងអយ្យកាអមសាលាខេត្តធ្វើការឆែកឆេ ដលហូតនាំយកទៅរក្សាទុកនៅតុលាការខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី១៥ ធ្នូ ២០១៥ ។
លោកជា ផល្លី នាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តបន្ទាយមានជ័យ ក្នុងពេលចុះបង្ក្រាប បានអោយដឹងថា ដោយទទួលបានព័ត៍មាន ពីបណ្តាញថា ផ្ទះខាងលើមានស្ទុកឈើគ្រញូង និងរៀបនាំចេញទៅតាមរថយន្តកាំម៉ារីបានឡែនចង្កូតស្តាំ ពណ៌ប្រផះ គ្មានស្លាកលេខ លោកក៏បានដឹកនាំកម្លាំងក្រោយការបញ្ជាផ្ទាល់ពីលោក ផាន់ ភារម្យ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ ក៏បានធ្វើការឆែកឆេ លំនៅដ្ឋានរបស់ឈ្មោះ ម៉ៅ ឃឿត កាលពីរសៀលម៉ោង៤ និង៣០នាទី ថ្ងៃទី១៥ ធ្នូ ២០១៥ ។
ការឆែកឆេនេះ រកឃើញឈើគ្រញូងជាច្រើនដុំ ដែលឈ្មួញ ឬម្ចាស់ផ្ទះបានជញ្ជូនដាក់ ក្នុងរថយន្តបានឡែនខាងលើ ពេញឃ្លុបក្រោយ និងស្មើរកញ្ចក់ខាងក្នុង ព្រមទាំងឈើគ្រញូងជាច្រើនដុំទៀត ដែលខ្លះជាប្រភេទក្រាក់ និងជ្រុងប្រវែងកន្លះម៉ែត្រ និង១ម៉ែត្រ នៅរាយប៉ាយក្នុងបរិវេណផ្ទះ និងក្នុងបន្ទប់ ។
ជាមួយនិងការចុះបង្ក្រាបនេះ រួមមានសមត្ថកិច្ច នគរបាលសេដ្ឋកិច្ចក្រសួង នគរបាលក្រុង និងយោធាផ្នែកសើបការ ។ ចំពោះការឆែកឆេនេះ ពុំបានឃាត់ខ្លួនម្ចាស់ផ្ទះ ឬឈ្មួញណាម្នាក់ឡើយ ដោយពួកគេបានរត់គេចខ្លួនផ្លោះរបងផ្ទះខាងក្រោយអស់ ។
លោក ចេង សុផាន ក្រឡាបញ្ជីររបស់លោក ផាន់ ភារម្យ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានអោយដឹងថា ចំពោះរថយន្តបាឡែន និងឈើដែលរឹបអូសបានត្រូវយកទៅរក្សាទុកនៅតុលាការ ។ចំណែកលំនៅដ្ឋានខាងលើ ត្រូវបានចាក់សោរបិទ មិនអោយមានការគ្រប់គ្រងឡើយ ។
ក្រោយការបញ្ជូនទៅតុលាការនិងបានត្រួកពិនិត្យឈើឃើញថាឈើទាំងអស់មានចំនួន95ដើមស្មើនិង១០៥៩គីឡូក្រាម០,៨១៩ម៉ែត្រគីប។តាមការអោយដឹង ពីអ្នកជិតខាងម្ចាស់ផ្ទះខាងលើមានមុខរបរជាអ្នលរត់តាក់ស៊ី តែងលួចលាក់ដឹកឈើតាមរថយន្តរបស់ខ្លួនម្តងបន្ទិចៗ លុះបានច្រើនទើបមានឈ្មួញកណ្តាលមកទិញហើយនាំយកទៅលក់នៅព្រំដែនវៀតណាម ៕




































