ខេត្តកំពង់ធំ ៖ ក្រោមការដឹកនាំរបស់គណៈប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឲ្យកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ផ្សាភ្ជាប់នូវចំណងមិត្តភាព រួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ និងកិច្ចសហការជួយមួយអាជ្ញាធរ ដើម្បីបំរើផលប្រយោជន៍ របស់ប្រជាពលរដ្ឋ ។
ជាក់ស្តែងកាលពីព្រឹកថ្ងៃទី ១១ ខែ មេសាឆ្នាំ២០១៤ លោកឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការកងរាជ អាវុធហត្ថខេត្តកំពង់ធំ និងលោក វរៈសេនីយ៍ត្រី ឃុន ប៊ុនហូ មេបញ្ជាការកងរាជអាវុធហត្ថស្រុកស្ទោង ព្រមទាំងមន្ត្រីក្រោមឳវាទនាំយកឈើ ទៅជួសជុលស្ពានឈើមួយកន្លែង ដែលមានសភាពចាស់ទ្រុឌទ្រោម មិនអាចប្រើការបាន ស្ថិតនៅភូមិ កំពង់ប្រដម ឃុំម្សាក្រងត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ។
លោក ឧត្តមសេនីយ៍ត្រី ហង្ស ថុល បានបញ្ជាក់ថា ស្ពានឈើនេះ មានអាយុកាលជាង២០ឆ្នាំហើយ ដែលបានសាងសង់អំពីឈើ រហូតមកដល់ពេលនេះ ស្ពានឈើនេះមានសភាពចាស់ មិនអាចប្រើការបាន ដោយ យល់ថាស្ពានឈើនេះ មានសារៈសំខាន់ ក្នុងការចរាចរ ដឹកទំនិញកសិកម្ម ឧស្សាហកម្ម និងផលិតផលនានា និងការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ទើបបាននាំយកឈើទាំងនេះ មកជួសជុលស្ពានដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋ ។
លោក ឧត្តមសេនីយ៍ត្រី បានបន្តថា ស្ពានឈើនេះត្រូវបានដាក់សំណើរស្នើរសុំ ទៅក្រសួងអភិវឌ្ឍន៍ជនបទ កាលពីឆ្នាំ ២០១២ ដែលមានការសម្រេចពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋនៃព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែម្រោងសាងសង់ស្ពាននេះមិនទាន់ ឃើញធ្លាក់មកនោះទេ ព្រោះនៅក្នុងគម្រោងគឺ កសាងស្ពានថ្ម ក្នុងនោះដែរក៏សូមសំណូមពរ ដល់សម្តេចនាយករដ្ឋមន្ត្រីជួយ ជំរុញកាសាងសង់ស្ពាននិង ផ្លូវនេះព្រោះជាការចាំបាច់ របស់ប្រជាពលរដ្ឋទាំងរដូវវស្សា និងរដូវប្រាំង។