ខេត្តកំពង់ធំៈ ឯកឧត្តម អ៊ុត សំអន អភិបាលខេត្តកំពង់ធំ បានប្រគល់ភារៈកិច្ច ឲ្យឯកឧត្តម គង់ វិមាន អភិបាលរង ខេត្តកំពង់ធំ និងលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ ដឹកនាំកម្លាំងចម្រុះចុះបង្ក្រាប ការជីករុករករ៉ែមាស និងការកាប់រុករានដីព្រៃយកមកធ្វើជាកម្មសិទ្ធក្នុងតំបន់ព្រៃឡង់ ប្រតិបត្តិការចុះបង្ក្រាបនេះត្រូវបានធ្វើឡើងនៅក្នុង តំបន់ភ្នំជី ស្ថិតនៅឃុំសុខចិត្ត ស្រុកសណ្តាន់ ខេត្តកំពង់ធំ នៅថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ២០១៥ ។
កម្លាំងសមត្ថកិច្ចចម្រុះបានចុះទៅចំនុចទីតាំងសំខាន់ៗក្នុងនោះមានចំនុច ស្នងអន . បររាត្រី . អូផ្អាវ . កំណប់នាងពៅ ដែលជាទីតាំងដែលប្រជាពលរដ្ឋ និងឈ្មួញមួយចំនួនបានដាក់គ្រឿងចក្រទំនើបៗ សម្រាប់ការជីកកាយយលរ៉ែមាសដោយអានាធិបតេយ្យ ជាពិសេសការបំផ្ទុះដោយគ្រឿងរំសេវដោយពុំមានច្បាប់អនុញ្ញាតិ មិនតែប៉ុណ្ណោះការុករករ៉ែដោយវិធីសាស្ត្រច្រើនប្រភេទ បានធ្វើឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់បរិស្ថាន ជាពិសេសមនុស្សសត្វ ដូចជាការធ្វើអាងស្តប់ទឹកអាស៊ីឌ សម្រាប់រំលាយដីរ៉ែដោយអាស៊ីឌ ដើម្បីប្រមូលរ៉ែ ចំណែកទឹកអាស៊ីដក្រោយពីបានប្រមូលរ៉ែរួចហើយ ត្រូវបានបង្ហូរចូលតាមកន្លែងផ្សេងៗ បង្ករឲ្យមានការព្រួយបារម្ភណ៍នៃផលប៉ះពាល់ពីសុខភាពរបស់ប្រជាពលរដ្ឋ ។
តាមសេចក្តីរាយការណ៍ បានបញ្ជាក់ថា ឈ្មួញដ៏ល្បីឈ្មោះ លឹម តេង ជានាយកអនុវិទ្យាល័យកំពង់ ត្របែន ស្រុកសណ្តាន់ បានការប៉ៅផ្តាច់ក្នុងអជីវកម្មរុករករ៉ែដោយអានាធិបតេយ្យ ថែមទាំងបានបង្កើតជាកូនកញ្រែងក្នុងនោះមានឈ្មោះ លឹម សុធា និងឈ្មោះមាស ដារ៉ា នៅចំនុចបររាត្រី បានឲ្យរុករករ៉ែដោយពុំមានការខ្លាចញញើតពីច្បាប់ឡើយ ទោះជាអាជ្ញាប័ណ្ណអស់សុពលភាពទៅហើយក្តី ក៏នៅតែឆ្លៀតឪកាសអះអាងយកអាជ្ញាប័ណ្ណមករុករករ៉ែយ៉ាងរំភើយ ។
លោក អ៊ិត សុធា ព្រះរាជអាជ្ញាខេត្តកំពង់ធំ បានមានប្រសាសន៍ថាការចុះបង្ក្រាបនេះ គឺយោងទៅតាមគោលការណ៍ ចំនួន២ចំនុច ទី១ គឺទប់ស្កាត់ការជីករុករករ៉ែដោយខុសច្បាប់ និងអានាធិបតេយ្យ ទី២ គឺការទប់ស្កាត់ ការកាប់ឆ្កា និងអាឈើនៅតំបន់ព្រៃឡង់សម្រាប់អ្នកពាក់ព័ន្ឋ និងការកាយដីរុករករ៉ែ និងកាប់រុករាន្ទដីព្រៃ ងាឈើក្នុងតំបន់ព្រៃឡង់ និងចេញដីការឲ្យមកបំភ្លឺជំវិញករណីទាំងនេះ។
ឯកឧត្តម គង់ វិមាន បានឲ្យដឹងថា នៅតំបន់ភ្នំជីដែលជាតំបន់រ៉ែមាសនេះ គឺមានក្រុមហ៊ុនចំនួន២ដែលទទួលបានអាជ្ញាប័ណ្ណក្នុងការរុករកស្រាវជ្រាវរ៉ែ ក្នុងនោះមានក្រហ៊ុនគីរីសសស៍ និងក្រុមហ៊ុនអាឡិចខមប៉រ៉េស័ន ដែលមានការអនុញ្ញាតិពីក្រសួងរ៉ែថាមពល គោលដៅនិងចំណាត់ការ របស់អាជ្ញាខេត្តគឺចុះទៅ បង្ក្រាបនិងត្រួតពិនិត្យ ផ្សព្វផ្សាយទប់ស្កាត់ ហើយឲ្យបងប្អូនដែលប្រកបអាជីពរុករករ៉ែអាណាធិបតេយ្យ និងការកាប់រុករាន្ទដីព្រៃក្នុងព្រៃឡង់ ដើម្បីធ្វើកិច្ចសន្យាបញ្ឈប់ ហើយពុំមានវិធានការក្តៅឬចាប់ចងនោះទេ គឺដោយសារតែអាជ្ញាធរបានស្គាល់អត្តសញ្ញាណអស់ហើយ ក្នុងនោះសមត្ថកិច្ចបានដកហូតរណាយន្តមួយគ្រឿងយកមករក្សាទុក ។ ដោយ ប៊ុន រដ្ឋា




































