ក្លិប Borussia Dortmund នឹងត្រូវបាត់បង់កីឡាករ Marco Reus (ម៉ាកូ រ៉ូស) សម្រាប់ការប្រកួតលើកក្រោយដោយសារតែរបួសសាច់ដុំ ។ កីឡាករអន្តរជាតិអាល្លឺម៉ង់រូបនេះត្រូវបានដូរចេញនៅនាទីទី ៦៥ ក្នុងការប្រកួតដែល Dortmund (ដតម៉ាន់) យកឈ្នះលើ Werder Bremen (វើឌឺ ប្រ៊ីមេន) ៥-១ កាលពីយប់ថ្ងៃសៅរ៍ ។ បន្ទាប់ពីធ្វើការស្កេនពិនិត្យរួច Reus ត្រូវបានគេបញ្ជាក់ឲ្យដឹងថា បានទទួលរងរបួសរហែកសាច់ដុំជាហេតុធ្វើឲ្យកីឡាករវ័យ ២៤ ឆ្នាំរូបនេះត្រូវអវត្តមានរហូតដល់ចប់ខែនេះពោលគឺចំនួន ២ សប្តាហ៍ ។ ដូចនេះមានន័យថា Reus នឹងខកខានមិនបានចូលលេងឲ្យ Dortmundស្របពេលដែល
ក្លិបត្រូវប្រកួតជាមួយ Frankfurt (ហ្វ្រេងហ្វឺត) និង Hamburg (ហាំប៊ឺក) ។ ទន្ទឹមជាមួយគ្នានោះ ក្លិប Dortmund ក៏បានប្រកាសផងដែរថា ខ្សែបម្រើមួយរូបទៀតគឺកីឡាករ Sven Bender (ស្វេន បេនឌឺ) បានរងរបួសសរសៃភ្លៅផងដែរធ្វើឲ្យរូបគេត្រូវអវត្តមានប្រហែលជា១សប្តាហ៍ ៕