ខ្សែការពារក្លិបអ្នកមានបុណ្យ Barcelona កីឡាករ Javier Mascherano បានបង្ហើបឲ្យដឹងថា គាត់អាចនឹងចាកចេញពីក្លិបនៅរដូវក្តៅនេះ ។ Barcelona លេងបានត្រឹម ០-០ ប៉ុណ្ណោះជាមួយ Elche កាលពីយប់ថ្ងៃអាទិត្យប៉ុន្តែជ័យជម្នះ លើ Atletico Madrid នៅសប្តាហ៍ក្រោយអាចនឹងធ្វើឲ្យពួកគេលើកពាន La Liga បន្ទាប់ពីកូនក្រុម របស់លោក Diego Simeone លេងក្នុងផ្ទះខ្លួនឯងបានត្រឹមស្មើជាមួយ Malaga ដូចគ្នា ។
ទោះបីជា Mascherano មិនទាន់ប្រកាសជាផ្លូវការណ៍ពីការចាកចេញពីក្លិបនៅពេលចប់ រដូវកាលនេះក៏ដោយប៉ុន្តែក្រុមអ្នកសារព័ត៌មានបានអះអាងថា ជំនួបជាមួយ Atletico គឺការប្រកួតចុងក្រោយរបស់គេឲ្យ Barcelona ។ Mascherano ប្រាប់អ្នកសារព័ត៌មានថា “វាពិតជាអស្ចារ្យណាស់សម្រាប់ការប្រកួតនៅ ចុងសប្តាហ៍នេះ វាអាចជាការប្រកួតចុងក្រោយរបស់ខ្ញុំសម្រាប់ Barcelona ហើយវាជាថ្ងៃដែលខ្ញុំត្រូវនិយាយពាក្យថាលា” ។ គួរបញ្ជាក់ថា Napoli ជាក្លិបតែមួយគត់ដែលកំពុងមានការទាក់ទងលើការចង់បានកីឡាករ រូបនេះ ៕