ភ្នំពេញ ជនសង្ស័យចំនួន ២០នាក់ ពាក់ព័ន្ធសកម្មភាពជួញដូរ ចែកចាយ ប្រើប្រាស់គ្រឿង ញៀន និងចោរកម្ម ព្រមទាំងថ្នាំញៀនចំនួន ២៥០កញ្ចប់ ម៉ូតូ២គ្រឿង និងឧបករណ៍សម្រាប់ជក់ជាច្រើនទៀតនោះ ត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងបទល្មើសគ្រឿង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហាញមុខជាសាធារណៈ នៅព្រឹកទី២១ ខែមករា ឆ្នាំ២០១៦ ក្រោយពីត្រូវបានកម្លាំងនគរបាល បើកប្រតិបត្តិការចុះបង្ក្រាប និងចាប់ខ្លួនទាំង១២ខណ្ឌ នារយៈពេល២ថ្ងៃកន្លងមកនេះ ។
លោក ប៊ន សំអាត ស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួលបន្ទុកការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជាក់ថា ជនសង្ស័យទាំងនេះ ត្រូវបានកម្លាំងនគរបាលជំនាញ សហការជាមួយកម្លាំងនគរបាលខណ្ឌទាំង១២ ចុះទៅបង្ក្រាប និងចាប់ខ្លួនបានជនសង្សយ័ចំនួន២០នាក់ កាលពីថ្ងៃទី១៩ និងថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ ព្រមទាំងដកហូតថ្នាំញៀនចំនួន ២៥០បញ្ចប់ ម៉ូតូ ២គ្រឿង និងឧបករណ៏សម្រាប់ប្រើប្រាស់មួយចំនួនទៀត ។
លោក ប៊ន សំអាត បានឲ្យដឹងទៀតថា បញ្ហាគ្រឿងញៀន គឺជាបញ្ហា សំខាន់ដែលយើងត្រូវតែបង្ក្រាប ។ ក្រោមការបញ្ជាផ្ទាល់ពីសំណាក់ ស្នងការនគរបាលរាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៏ឯក ជួន សុវណ្ណ កម្លាំងជំនាញសហការជាមួយនគរបាលមូលដ្ឋាន នឹងបន្តប្រតិបត្តិចុះបង្ក្រាបជាបន្តបន្ទាប់នៅតំបន់មិនរៀបរយ ក៏ដូចជាតាមផ្ទះសំណាក់ សណ្ធាគា ឲ្យកាន់តែខ្លាំងឡើង មិនឲ្យលាក់ខ្លួន ហើយបន្តធ្វើសកម្មភាពនោះឡើយ ដើម្បីស្វែងសន្តិសុខជូនប្រជាពលរដ្ឋ ។
ក្រោយបញ្ចប់ការបង្ហាញមុខរួចមក ជនសង្ស័យទាំងនេះ ត្រូវបានបញ្ជូនទៅកាន់តុលាការ ដើម្បីបន្តការសួរនាំ និងចាត់ការតាមនីតិវិធី ៕




































