សៀមរាប = សមត្ថកិច្ចចាប់បានឃាតក ដែលសម្លាប់នារីម្នាក់យកខ្លួនទៅញាត់ចូលក្រោមគ្រែ ហើយយកក្បាលទៅបាត់នោះ នឹងចាប់អ្នកសមគំនិតជាអ្នកបើកបររថយន្ត ខណៈពេលកំពុងដុតក្បាលនារីនោះចោលនៅវេលាម៉ោង១៧ល្ងាចថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចភូមិ
គោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប ចំណែកអ្នកបើកបររថយន្តត្រូវសមត្ថកិច្ចឃាត់ខ្លួននៅព្រំប្រទល់ខេត្តឧត្តរមានជ័យ។
មេបញ្ជាការអាវុធហត្ថខេត្តសៀមរាបបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីអ្នកគ្រប់គ្រងផ្ទះសំណាក់ ឈ្មោះសាន ស៊ានី ភេទប្រុស អាយុ៣៦ឆ្នាំ បានប្រាប់ថា ឃាតករូបនេះជាសង្សាររបស់នារីរងគ្រោះ ក្រោយពីទទួលបានព័ត៌មាននេះ ទើបសមត្ថកិច្ចបើកការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនឃាតក រួមនឹងអ្នកបើកបរជាអ្នកសមគំនិតផងនោះ បន្ទាប់ពីឃាត់ខ្លួន ឃាតកនោះបានឆ្លើយសារភាពថា ពួកគេមានទំនាក់ទំនងស្នេហាជាមួយគ្នាជាយូរមកហើយ រហូតឈានដល់ការភ្ជាប់ពាក្យ ខណៈខ្លួនមានប្រពន្ធរួចហើយនោះ។
ប៉ុន្តែក្រោយមករឿងខ្លួនមានប្រពន្ធក៏ដឹងដល់នារីជាសង្សារ រួមនឹងគ្រួសាររបស់នាង ហើយម្ដាយនាងក៏បានផ្ដាច់ពាក្យការផ្ដាច់ពាក្យនេះធ្វើឲ្យខ្លួនមានការគុំកួនយ៉ាងខ្លាំងរហូតដល់ថ្ងៃកើតហេតុក៏បានលួងលោមនារីរងគ្រោះទៅដេកផ្ទះសំណាក់ រួចក៏ធ្វើសកម្មភាពកាត់ក្បាលនារីជាសង្សារនោះ រួចយកខ្លួនញាត់ចូលក្រោមគ្រែ ហើយយកក្បាលទៅជាមួយដើម្បីដុតចោល ខណៈពេលកំពុងដុតក្បាលចោលនោះ ស្រាប់តែសមត្ថកិច្ចមកដល់ឃាត់ខ្លួនតែម្ដង ហើយពេលនេះសមត្ថកិច្ចកំពុងសាកសួរនៅឡើយ។
នារីរងគ្រោះ មានឈ្មោះឡេង សិលា អាយុ២៤ឆ្នាំ ពីមុនរស់នៅភូមិបឹងខ្នារ ឃុំខ្នារ ស្រុកពួក ខេត្តសៀមរាប មានម្ដាយឈ្មោះកេង ធីតា ចំណែកឃាតករឈ្មោះ ចាន់ ឆាយយា ហៅសំ ភារ៉ាត មុខរបរជា អ្នកបកប្រែភាសាថៃ ៕ប៊ុន រិទ្ធី










































