នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ ២០១៦ វេលាម៉ោង៨ និង៣០នាទី នៅវិមានសន្តិភាព មានបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងអាណត្តិទី៥ ដើម្បីឆ្លង៖
១- សេចក្តីព្រាងគោលនយោបាយជាតិប្រជាជន ២០១៦-២០៣០។
២-សេចក្តីព្រាងអនុក្រឹត្យ ស្តីពីវិធានការហាម ការជក់ ឬការបង្ហុយផ្សែងផលិតផលថ្នាំជក់នៅកន្លែងធ្វើការ ឬកន្លែងសារធារណៈ។
៣- បញ្ហាផ្សេងៗ ៖
ក្រោយពីបានស្តាប់របាយការណ៍ និងមតិពិភាក្សាផ្លាស់ប្តូរយោបល់រួចមក កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានសម្រេចអនុម័ត៖
១- សេចក្តីព្រាងគោលនយោបាយជាតិប្រជាជន ២០១៦-២០៣០
ជាងមួយទសវត្សរ៍កន្លងទៅ គិតចាប់តាំងពីឆ្នាំ ២០០៣ មក ដែលគោលនយោបាយជាតិប្រជាជនត្រូវបានដាក់ឲ្យប្រើប្រាស់ រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងជាលក្ខណៈពហុវិស័យ ក្នុងការដោះស្រាយបញ្ហាប្រឈមទាំងឡាយដែលពាក់ព័ន្ធនឹងប្រជាជន និងការអភិវឌ្ឍ។
វឌ្ឍនភាពគួរឲ្យកត់សម្គាល់ជាច្រើនដែលសម្រេចបានរហូតមកទល់ពេលនេះ គឺការធ្វើឲ្យប្រសើរឡើងនូវគុណភាពនៃជីវិតរបស់ប្រជាជន ជាពិសេស អាយុកាលសង្ឃឹមរស់ (កើនឡើងពី ៥៨ឆ្នាំ សម្រាប់បុរស និង៦៤ឆ្នាំ សម្រាប់ស្ត្រីនៅឆ្នាំ ២០០៤ ដល់ ៦៧ឆ្នាំ សម្រាប់បុរស និង៧១ឆ្នាំសម្រាប់ស្ត្រីនៅឆ្នាំ២០១៣)។
ស្ថានភាពសុខភាពរបស់ មាតា ទារក និងកុមារ មានភាពប្រសើរឡើងជាលំដាប់ ដែលស្តែងឡើងតាមការធ្លាក់ចុះយ៉ាងច្រើននៃអត្រាមរណៈភាពមាតា ទារក និងកុមារ។ ការទទួលបានការអប់រំបានប្រសើរឡើងជាលំដាប់ ទាំងបរិមាណ ទាំងគុណភាព ដោយបានកាត់បន្ថយ ទាំងគម្លាតរវាងតំបន់ទីប្រជុំជន និងតំបន់ជនបទ ទាំងយុគភាពយេនឌ័រក្នុងវិស័យអប់រំ។ សេដ្ឋកិច្ចជាតិមានការរីកលូតលាស់យ៉ាងឆាប់រហ័ស ទាំងបរិមាណ ទាំងគុណភាព។ ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តជាច្រើនត្រូវបានបង្កើតឡើងដោយបានជំរុញឲ្យមានកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស (ផ.ស.ស. ក្នុងប្រជាជនម្នាក់បានកើនឡើងពី ៣៦៧ដុល្លារក្នុងឆ្នាំ២០០៣ ដល់ ១១៣៦ដុល្លារក្នុងឆ្នាំ២០១៤និង២២១៧ដុល្លារក្នុងឆ្នាំ២០១៥) និងដែលបានបង្កើតការងារជាច្រើនថែមទៀត ហើយបានរួមចំណែកយ៉ាងច្រើនក្នុងការកាត់បន្ថយភាពក្រីក្រ (អត្រាភាពក្រីក្រត្រូវបានកាត់បន្ថយពី ២២,៩% ក្នុងឆ្នាំ២០០៩ មកនៅជុំវិញ១៤%ក្នុងឆ្នាំ ២០១៤)។
គោលនយោបាយជាតិប្រជាជន (២០១៦-២០៣០) រៀបចំឡើងដោយក្រសួងផែនការផ្តោតលើក្របខ័ណ្ឌទស្សនៈពីរ ៖ (ទី១) បន្តឈរលើគោលការណ៍ដែលមានចែងនៅក្នុងគោលនយោបាយជាតិប្រជាជនឆ្នាំ ២០០៣ ដោយទទួលស្គាល់និងគាំទ្រចំពោះសិទ្ធិរបស់គូស្វាមីភរិយា និងបុគ្គលទាំងអស់ឲ្យមានសិទ្ធិជាមូលដ្ឋានក្នុងការសម្រេចចិត្តដោយសេរី និងដោយទទួលខុសត្រូវលើចំនួនកូន និងការពន្យារកំណើត ហើយឲ្យមានលទ្ធភាពទទួលបាននូវព័ត៌មាន ការអប់រំ សេវា និងមធ្យោបាយ ដើម្បីធ្វើការសម្រេចចិត្តនេះ និង(ទី២) បង្ហាញអំពីស្ថានភាពបច្ចុប្បន្ននៃការអភិវឌ្ឍសេដ្ឋកិច្ច និងស្ថានភាពប្រជាសាស្ត្រ, វិភាគអំពីផលវិបាកចម្បងៗផ្នែកប្រជាសាស្ត្រមកលើការអភិវឌ្ឍក្នុងពេលបច្ចុប្បន្ន និងអនាគត, កំណត់នូវការតម្រង់ទិសមួយចំនួនដែលមានលក្ខណៈគោលនយោបាយ និងកម្មវិធី។
គោលនយោបាយជាតិប្រជាជន (២០១៦-២០៣០) នេះក៏បានផ្តោតការយកចិត្តទុកដាក់លើចំណងទាក់ទងគ្នារវាងបម្រែបម្រួលប្រជាសាស្ត្រ និងការធ្វើផែនការអភិវឌ្ឍន៍ ដោយផ្តោតលើវិស័យអាទិភាពបួន ៖ (១)ការអភិវឌ្ឍ និងការពង្រីកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត, (២)ការគ្រប់គ្រងទេសន្តរប្រវេសន៍ និងនគរូបនីយកម្ម, (៣)ការពង្រីកវិស័យកសិកម្ម និងសកម្មភាពពាក់ព័ន្ធ, និង(៤) ការវិនិយោគលើវិស័យសង្គមកិច្ច និងការអភិវឌ្ឍមូលធនមនុស្ស។
២- សេចក្តីព្រាងអនុក្រឹត្យ ស្តីពីវិធានការហាម ការជក់ ឬការបង្ហុយផ្សែងផលិតផលថ្នាំជក់នៅកន្លែងធ្វើការ ឬកន្លែងសាធារណៈ ។
ក្រសួងសុខាភិបាលបានរៀបចំតាក់តែងសេចក្តីព្រាងអនុក្រឹត្យ ស្តីពីវិធានការហាមឃាត់ការជក់ ឬការបង្ហុយផ្សែងផលិតផលថ្នាំជក់នៅកន្លែងធ្វើការឬកន្លែងសាធារណៈដោយអនុលោមតាមមាត្រា១៩ នៃច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ ដែលប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥១៥/០០៤ ចុះថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០១៥ ដែលបានចែងថា វិធានការហាមឃាត់ការជក់ ឬការបង្ហុយផ្សែងផលិតផលថ្នាំជក់នៅកន្លែងធ្វើការ ឬកន្លែងទីសាធារណៈ ត្រូវតំណត់ដោយអនុក្រឹត្យ។
សេចក្តីព្រាងអនុក្រឹត្យនេះមាន៧ជំពូក និង១៧មាត្រាមានគោលបំណងសំខាន់ៗដូចតទៅ៖
– ការចូលរួមការពារសុខុមាលភាពរបស់ប្រជាពលរដ្ឋ
– ការពារ និងទប់ស្កាត់ការរងផ្សែងផលិតផលថ្នាំជក់ដែលបង្កឲ្យមានហានិភ័យសុខភាពដល់អ្នកនៅជុំវិញ និងបរិស្ថាន
– កាត់បន្ថយការប្រើប្រាស់ផលិតផលថ្នាំជក់។
នៅក្នុងសេចក្តីព្រាងអនុក្រឹត្យនេះ ក៏មានចែងអំពីការផាកពិន័យកំរិតស្រាលដល់បុគ្គលដែលប្រព្រឹត្តល្មើសគឺ ២០.០០០រៀល (ពីរម៉ឺនរៀល) ចំពោះអ្នកជក់បារីនៅកន្លែងហាមឃាត់ និង៥០.០០០រៀល (ប្រាំម៉ឺនរៀល) ចំពោះម្ចាស់កន្លែងដែលមិនព្រមបិទសញ្ញាហាមជក់បារី ឬនៅតែបន្តដាក់បង្ហាញចានគោះបារី។ បើប្រៀបធៀបជាមួយបណ្តាប្រទេសក្នុងអាស៊ាន ទំហំនៃប្រាក់ពិន័យនេះមានលក្ខណៈអនុគ្រោះជាងគេ ក្នុងគោលបំណងជំរុញការចាប់អារម្មណ៍ និងដើម្បីអប់រំដល់ប្រជាជនអំពីគ្រោះថ្នាក់នៃការជក់បារី។
៣-បញ្ហាផ្សេងៗ៖
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានក្រើនរំលឹកដល់ក្រសួងសាធារណៈការនិងដឹកជញ្ជូនឲ្យបង្កើនល្បឿន និងបង្កលក្ខណៈងាយស្រួលក្នុងការធ្វើប័ណ្ណ និងការផ្ទេរប័ណ្ណសំគាល់យានយន្តក៏ដូចជាប័ណ្ណបើកបរជូនប្រជាពលរដ្ឋដែលជាម្ចាស់យានយន្តទៅតាមការកំណត់នៃច្បាប់ចរាចរណ៍ផ្លូវគោកថ្មី។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្តាំផ្ញើរសួរសុខទុក្ខ និងជូនពរ សុខភាពល្អដល់មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់តាមរយៈ Video Conference ផងដែរ។
អង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានបិទសម័យប្រជុំនៅវេលាម៉ោង១០ និង ២៥នាទី។
រាជធានីភ្នំពេញ, ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៦






































