VIDEO ឯកឧត្តមច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវកៅស៊ូ ចំនួន០៣ខ្សែក្នុងទីប្រជុំជនស្រុកកំរៀងប្រវែងជាង៤.០០០ម៉ែត្រ

0

ខេត្តបាត់ដំបង  ពិធីបើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូ ចំនួន ០៣ខ្សែ ស្ថិតក្នុងឃុំចំនួន ០២ នៃ ស្រុកកំរៀង ខេត្តបាត់ដំបង ដែលមានប្រវែង សរុប៤.៣៩២ម៉ែត្រ និងទទឹងផ្លូវវែង០៥ម៉ែត្រ ឆ្លងកាត់ឃុំកំរៀងនិងឃុំបឹងរាំងនិងផ្លូវកាត់ផ្សារ.ខេ.អ.ឌី(KRD) ក្នុងស្រុកកំរៀង របស់ខេត្តបាត់ដំបង ត្រូវបានបើកការដ្ឋានស្ថាបនាសាងសង់ ក្រោមអធិបតីភាព ឯកឧត្តម ច័ន្ទ សុផល អភិបាល នៃ គណៈអភិបាលខេត្តបាត់ដំបង និងវត្តមានឯកឧត្តម សុខ គង់ អភិបាលខេត្តបាត់ដំបងនិងលោកឧកញ៉ា ស៊ិន ឃីម ដែលជាសប្បុរសជនក្នុងការបរិច្ចាគថវិកាចូលរួមស្ថាបនាផ្លូវនៅទីនោះផងដែរ។
តាមការគូសបញ្ជាក់របស់លោក ជា សុផាត អភិបាលស្រុកកំរៀង បានឲ្យដឹងថា៖ ការបើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូចំនួន០៣ខ្សែ នៅក្នុងឃុំទាំង២របស់ស្រុកកំរៀង ក្នុងនោះឃុំកំរៀងឆ្លងកាត់ភូមិស្វាយវែង និងភូមិស្វាយស ដែលមានប្រវែង២.៥១៦ម៉ែត្រ ,និងឃុំបឹងរាំង ឆ្លងកាត់ភូមិស្វាយធំ ភូមិអូរដាលើ ប្រវែង១.៦១១ម៉ែត្រ និងផ្លូវកាត់ផ្សារKRDមួយខ្សែទៀតប្រវែង២៦៥ម៉ែត្រ។
លោកអភិបាលស្រុកកំរៀង បានសង្កត់ធ្ងន់ទៀតថា៖ដោយកត្តាសុខសន្តិភាព និងសន្តិសុខត្រូវបានពង្រឹងជាប់ជាប្រចាំ និងកាន់តែមានស្ថេរភាព រឹងមាំ ភាពកក់ក្តៅជំនឿជឿជាក់ពីប្រជាពលរដ្ឋ និងពីគ្រប់មជ្ឈដ្ឋាននានា បានផ្តល់ឳកាសធ្វើឲ្យស្រុកកំរៀង ប្រែមុខមាត់ថ្មី តាមរយៈការអភិវឌ្ឍ និង បានបង្កបរិយាកាសដល់ការវិនិយោគកាន់តែប្រសើរឡើង ជាពិសេសលើវិស័យកសិឧស្សាហកម្ម សិប្បកម្ម និងទេសចរណ៍។
ឯកឧត្តម ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា៖ការបន្តស្តារនិងកសាង
នូវហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍គឺជាកិច្ចការអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាបន្ទាប់ពីស្ទើរតែបញ្ចប់ទាំងស្រុងក្នុងការកសាងនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាតិសំខាន់ៗ ហើយនិងកំពុងតែកែលម្អផ្លូវខេត្ត និងផ្លូវលំជនបទជាបន្តទៀត។
ឯកឧត្តមអភិបាលខេត្តបាត់ដំបង បានសង្កត់ធ្ងន់ទៀតថាដោយថវិការបស់ស្រុកនៅមានកម្រិត
ហើយតម្រូវការចាំបាច់និងប្រឈមចំពោះមុខជាអាទីភាពត្រូវតែដោះស្រាយនោះ ទើបរដ្ឋបាលខេត្តបាត់ដំបង បានចែករំលែកថវិកាមួយចំនួនរបស់ខេត្ត និងថវិកាមួយផ្នែកទៀតពីការចូលរួម របស់ឯកឧត្តម សុខ គង់ អភិបាលរងខេត្តបាត់ដំបង និងលោកឧកញ៉ា ស៊ិន ឃីម ចូលរួមនូវថវិកាចំនួន ២២.៥០០ដុល្លារអាមេរិក (ពីរម៉ឺនពីរពាន់ប្រាំរយដុល្លារ) ក្នុងការរួមចំណែកស្ថាបនាផ្លូវកៅស៊ូថ្ងៃនេះ។
ឯកឧត្តម ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង បានបន្ថែមទៀតថាដើម្បីឆ្លើយតបទៅនិងសេចក្តីត្រូវការនៃការអភិវឌ្ឍន៍។ រដ្ឋបាលខេត្តបាត់ដំបង បានកំណត់ជាយុទ្ធសាស្ត្រចម្បង ក្នុងការអភិវឌ្ឍខេត្ត ស្របតាមទិសស្លោក “ មានផ្លូវ គឺ មានសង្ឃឹម ”។ ជាមួយគ្នានេះផងដែរ ឯកឧត្តម ក៏បានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់និងប្រជាពលរដ្ឋទាំងអស់ក្នុងមូលដ្ឋាននេះ ត្រូវអនុវត្តវិធានការតឹងរ៉ឹងបំផុតនូវបទល្មើសចរាចរណ៍ ដោយផ្តោតសំខាន់លើសុវត្ថិភាពចរាចរណ៍ តាមរយៈ នៃការពង្រឹងការអនុវត្ត “ ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ”ប្រកបដោយប្រសិទ្ធភាពនិងចូលរួមគោរពឲ្យបានម៉ឺងម៉ាត់។ឯកឧត្តមក៏បានជម្រុញឲ្យជំនាញអនុវត្តការងាររបស់ខ្លួនឲ្យបានត្រឹមត្រូវស្របតាមបទដ្ឋានបច្ចេកទេសក្នុងការស្ថាបនាផ្លូវក្រាលកៅស៊ូនេះ ព្រមទាំងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវលើកម្ពស់ក្នុងការចូលរួមថែរក្សានូវសមិទ្ធផលដែលមាននៅក្នុងមូលដ្ឋាន ជាពិសេសស្មារតីចូល
រួមថែរក្សាផ្លូវថ្នល់ដែលឆ្លងកាត់នៅក្នុងភូមិឃុំស្រុកខ្លួននិងមានវិធានការទប់ស្កាត់រាល់សកម្មភាពដឹកជញ្ជូនលើសទម្ងន់កំណត់៕.