បន្ទាយមានជ័យ៖បទល្មើសជួញដូរនិងចែកចាយគ្រឿងញៀននៅតាមបណ្ដាស្រុក-ក្រុងក្នុងខេត្តបន្ទាយមានជ័យពិសេសក្រុងប៉ោយប៉ែតត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាំងសំបុកជាបន្តបន្ទាប់ដែលគេមើលឃើញថា បានចូលរួមអនុវត្ត គោលនយោបាយភូមិឃុំមានសុវត្ថិភាព ឱ្យកាន់តែប្រសើរឡើង។តែការបង្ក្រាបរបស់សមត្ថកិច្ចភាគច្រើនឃាត់បានតែអ្នកចែកចាយប្រើប្រាស់ប៉ុណ្ណោះចំពោះមេក្លោងធំសមត្ថកិច្ចកម្របង្ក្រាប់បាន។
តាមការបង្ក្រាបបន្តបន្ទាបនេះនៅថ្ងៃទី២៣ខែមីនាឆ្នាំ២០១៦ កម្លាំងប៉ុស្តិ៍ផ្សារកណ្តាលបានចុះបង្ក្រាប ជនចែកចាយនៅចំណុចមណ្ឌល២ ភូមិប្រជាធម្មលិច បានចំនួន ៣ នាក់ ១.ឈ្មោះ ហេង ពៅ ភេទ ប្រុស អាយុ ២៦ ឆ្នាំ ស្នាក់នៅផ្ទះជួល មណ្ឌល១ ភូមិប្រជាធម្មលិច ២.ឈ្មោះ មឿន ឃត់ ភេទ ប្រុស អាយុ ២៦ ឆ្នាំ ស្នាក់នៅផ្ទះជួល មណ្ឌល១ ភូមិប្រជាធម្មលិច ៣.ឈ្មោះ សៅ សារ៉ន ភេទ ប្រុស អាយុ ២៥ ឆ្នាំ នៅមណ្ឌល២ ភូមិប្រជាធម្មលិច (ម្ចាស់ផ្ទះ ) បានរកឃើញម្ស៉ៅក្រាមពណ៌ស ៤ ថង់ តូច និងប្រដាប់ជក់គ្រឿងញៀនមួយចំនួន។
ក្នុងថ្ងៃនេះដែរអាវុធហត្ថមូលដ្ឋានក្រុងប៉ោយប៉ែតក៏បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យម្នាក់ដែរឈ្មោះ ម៉េង ចេក ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតជាមួយថ្នាំញៀន១៣គ្រាប់ទៅតុលាការខេត្តបន្ទាយមានជ័យពីបទចែកចាយគ្រឿងញៀន។
សូមបញ្ជាក់ថា បទល្មើសគ្រឿងញៀនត្រូវគេ និយាយថាជាផ្នែកមួយសម្រាប់ឱ្យ ជនល្មើសឈានទៅ ប្រព្រឹត្ត អំពើលួច ឆក់ ប្លន់ និងបង្ក អសន្តិសុខក្នុងមូលដ្ឋានផ្សេងៗទៀតជាដើម។ហើយតាមរយះការចាប់ភាគច្រើនសមត្ថកិច្ចចាប់តែអ្នកចែកចាយនិងប្រើប្រាស់ ធ្វើអោយពន្ធនាគារស្ទើគ្មានកន្លែងដាក់អ្នកទាំងអស់នោះដែរ។
លោក ហ៊ិន សុផល ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យបាននិយាយថានៅក្នុងពន្ធនាគារដែលលោកកំពុងគ្រប់គ្រងបច្ចុប្បន្នមានអ្នកពិរុទ្ធជន ទណ្ឌិតនិងជនជាប់សង្ស័យប្រមាណជិត១០០០នាក់ក្នុងនោះមានជាង៦០%ដែលជាប់ដោយបទល្មើសគ្រឿងញៀននេះលោកមិនលើកពីមណ្ឌលអប់រំបន្សាបពីរផ្សេងទៀតផង។
ដោយឡែកលោក គោស៊ុំ សារឿត ប្រធានគណៈកម្មការត្រួតពិនិត្យគ្រឿងញៀននិងជាអភិបាលខេត្តបន្ទាយមានជ័យក៏ធ្លាប់លើកឡើងផងដែរថាខេត្តបន្ទាយមានជ័យជាខេត្តដែលសំបូរគ្រឿងនឹងជាខេត្តដែលជាប់លំដាប់ថ្នាក់លេខ២ផ្នែកគ្រឿងញៀនបន្ទាប់ពីរាជធានីភ្នំពេញ ៕







































