សៀមរាបៈមន្ត្រីនៃមន្ទីរសាធារណៈការខេត្ត កាលពីថ្ងៃទី១៩ខែឧសភា ឆ្នាំ២០១៤បានចុះទៅស្ទាក់ចាប់ឡានដឹកដី ១២គ្រឿង របស់ក្រុមហ៊ុនជីកដីលក់ចំនួន៤ មកធ្វើកិច្ចសន្យា បន្ទាប់ពីពលរដ្ឋច្រើនភូមិបានប្តឹងថា ឡានដឹកដី កំពុងបំផ្លាញផ្លូវនិងរំខានការរស់នៅប្រចាំថ្ងៃ។
លោកជួត ចន្ទ័តារា អនុប្រធានមន្ទីរសាធារណៈការខេត្ត បានឲ្យដឹងថា ក្រុមហ៊ុនដែលជីកនិងដឹកជញ្ជូន ដី ដែលកំពុងបំផ្លាញផ្លូវនេះ គឺមានរហូតដល់៤ក្រុមហ៊ុន។ ពួកគេបានជីកដីនៅចំណុចខាងលិចវត្តចេតីយ៏ ហើយ ដឹកជញ្ជូនតាមផ្លូវលំនិងផ្លូវជាតិ ដែលតភ្ជាប់ពីផ្លូវក្រវ៉ាត់ក្រុង ទៅសង្កាត់សំបួរ។
ក្នុងប្រតិបត្តិការនោះ គឺចាប់បាន ឡាន១២គ្រឿង យកមកធ្វើកិច្ចសន្យា ចំនួន៤ចំណុច ទី១ឲ្យក្រុមហ៊ុនដឹកជញ្ជូនដីខាងលើស្រោចទឺកជាប្រចាំ ទី២ ក្នុងពេលដឹកជញ្ជូនត្រូវគ្របឲ្យជិតមិនឲ្យហុយ ទី៣សំអាតកំទេចដីដែលធ្លាក់លើផ្លូវកៅស៊ូ និងទី៤ ជួសជុលផ្លូវ ដែលរងការខូចខាតដោយសាការដឹកជញ្ជូននោះ ទាំងស្រុងឡើងវិញ។
លោកបានបន្តថា ការចុះចាប់ឡានដឹកដីមកធ្វើកិច្ចសន្យា គឺជាបញ្ជារបស់លោកអភិបាលខេត្ត និងលោក ប្រធានមន្ទីសាធារណៈការខេត្ត។ ក្រោយធ្វើកិច្ចសន្យា ក៏បានអនុញាតិឲ្យបន្តអាជីវកម្មជាធម្មតា។ ប៉ុន្តែប្រសិនបើ ពលរដ្ឋនៅមិនយល់ព្រមនៅចំណុចណាមួយ ហើយនៅតែបន្តប្តឹងទៀតនោះ ខាងលោកត្រូវតែអនុវត្តទៅតាម ភាពជាក់ស្តែងជាបន្តទៀតដែរ។ ក្រុមប្រជាពលរដ្ឋក្នុងសង្កាត់សំបួរ បាននិយាយថា ជារៀងរាល់ថ្ងៃពួកគាត់រស់នៅរងការ ស្រូបលំអង ធូលីពីសំណាក់ក្រុមហ៊ុនជីកដីលក់ ស្ទើទាំងយប់ទាំងថ្ងៃ។
បញ្ហានេះបានធ្វើឲ្យអ្នកភូមិ ពិសេសក្មេងតូចៗ មានជម្ងឺ ប្រចាំកាយ ។ ប្រភពបន្តថា ក្នុងពេលខាងមុខនេះ មុនរដូវវស្សាចូលមកដល់ ប្រសិនបើក្រុមហ៊ុនខាងលើ មិនជួសជុលផ្លូវឲ្យវិញទេ ពួកគាត់នឹងប្តឹងម្តងទៀត ហើយបើគ្មានដំណោះស្រាយ គឺសម្រេចបិទផ្លូវតែម្តង។
គួរបញ្ជាក់ថា ការដឹកជញ្ជូនដីរបស់ក្រុមហ៊ុនខាងលើ ក្រៅពីបានបំផ្លាញផ្លូវលំ និងផ្លូវជាតិដែលតភ្ជាប់ ពីផ្លូវក្រវ៉ាត់ក្រុងទៅកាន់សង្កាត់សំបួរ គឺបានបំផ្លាញផ្លូវជាតិក្នុងក្រុងសៀមរាប ជាច្រើនខ្សែទៀត ហើយមកទល់ ពេលនេះផ្លូវដែលរងការខូចខាតទាំងនោះ នៅមិនទាន់មានការជួសជុលឡើងវិញនៅឡើយទេ៕