កំពង់ឆ្នាំង ៖ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងប្រៃសនីយ៍និងទូរគមនាគមន៍និងឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានប្រារព្ធពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការមន្ទីរប្រៃសនីយ៍និងទូរគមនាគមន៍ខេត្តកំពង់ឆ្នាំង នៅព្រឹកថៃ្ងទី២០ខែឧសភាឆ្នាំ២០១៤ដើម្បីពង្រឹងការងារអោយមានការរីកចំរើន ដោយការចូលរួមពីប្រតិភូក្រសួង និងថ្នាក់ដឹកនាំមន្ទីរនិងមន្ត្រីរាជការមន្ទីរប្រៃសនីយ៍និងទូរគមនាគមន៍ខេត្តកំពង់ឆ្នាំងចំនួន៣៧នាក់។
លោកចាន់ផលប្រធានមន្ទីរប្រៃសនីយ៍ខេត្តកំពង់ឆ្នាំងបានអានរបាយការណ៍ស្វាគមន៍ដោយបានបញ្ជាក់ថា៖មន្ទីប្រៃសនីយ៍ខេត្តកំពង់ឆ្នាំងមានមន្ត្រីរាជការសរុបចំនួន៣៧នាក់ក្នុងនោះមន្ត្រីបំរើការងារនៅខេត្តមានចំនួន៧នាក់ស្រី៣នាក់,នៅស្រុកចំនួន៦នាក់ស្រីចំនួន៣នាក់,មន្ត្រីនៅក្រៅក្របខ័ណ្ឌដើម១នាក់,មន្ត្រីរាជការព្យួរក្របខ័ណ្ឌទៅបំរើការងារនៅប្រៃសនីយ៍កម្ពុជាចំនួន១២នាក់ស្រី៣នាក់,និយោជិកទូរគមនាគមន៍កម្ពុជាចំនួន៦នាក់ស្រី២នាក់,មន្ត្រីជាប់កិច្ចសន្យាចំនួន១នាក់និងបុគ្គលិកអណ្តែតចំនួន៤នាក់ស្រី២នាក់។
លោកប្រធានមន្ទីរក៏បានសំណូមពរសុំដល់ ឯកឧត្តមរដ្ឋមន្ត្រីជួយដោះស្រាយនូវបញ្ហាលំបាកមួយចំនួនដូចជាក្រុមហ៊ុនទូរស័ព្ទចល័តពេលជីកនិងតម្លើងមិនបានឆ្លងកាត់ច្បាប់អនុញ្ញាតនិងសុំការសហការជាមួយមន្ទីរ,ដីស្ថានីយ៍វិទ្យុវីបានៅភូមិកណ្តាលសង្កាត់កំពង់ឆ្នាំងត្រូវបានតុលាការប្រគល់អោយប្រជាពលរដ្ឋនៅថៃ្ងទី១៧ខែឧសភាឆ្នាំ២០១២ហើយប្រជាពលរដ្ឋសុំអោយមន្ទីររុះរើអង់តែន ចេញនិងសុំក្របខ័ណ្ឌថ្មីសំរាប់ជំនួសមន្ត្រីចាស់ចូលនិវត្តន៍។
មានប្រសាសន៍សំណេះសំណាលនៅក្នុងពិធីនោះ ឯកឧត្តម ប្រាក់សុខុន បានសង្កត់ធ្ងន់លើការអនុវត្តគោលនយោបាយកំណែទម្រង់ស៊ីជំរៅរបស់រាជរដ្ឋាភិបាលនិងការបំរើសេវាជូនប្រជាពលរដ្ឋ។ ឯកឧត្តមរដ្ឋមន្ត្រីបានផ្ដាំផ្ញើដល់លោកប្រធានមន្ទីរនិងមន្ត្រីរាជការក្នុងមន្ទីរប្រៃសនីយ៍និងទូរគមនាគមន៍ទាំងអស់អោយខិតខំបំពេញភារកិច្ចអោយបានល្អតាមភារកិច្ចរៀងៗខ្លួនដែលថ្នាក់លើប្រគល់អោយ។
ពិសេសលោកប្រធានមន្ទីរត្រូវគ្រប់គ្រងបែងចែកតួនាទីភារកិច្ចដល់មន្ត្រីក្រោមឱវាទអោយបានច្បាស់លាស់ត្រឹមត្រូវ តាមសមត្ថភាពនិងអនុវត្តកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាលអាណត្តិទី៥ដែលមានសម្តេចតេជោសែនជាប្រមុខ។ការធ្វើកំណែទម្រង់វាមានសារៈសំខាន់ជាច្រើនចំពោះមន្ត្រីរាជការពិសេសគឺការលុបបំបាត់ភាពអសកម្មលុបបំបាត់អំពើពុករលួយនិងមានតម្លាភាពចំពោះមន្ត្រីរាជការរបស់ខ្លួន។
ត្រូវសហការជាមួយអាជ្ញាដែនដីគ្រប់លំដាប់ថ្នាក់ ឆ្ពោះទៅអភិវឌ្ឍន៍នៅមូលដ្ឋានដើម្បីរួមចំណែកយ៉ាងសកម្មសំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។ ចំពោះបញ្ហាលំបាកនិងសំណូមពររបស់មន្ទីរដែលបានលើកឡើងឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ថា៖និងដោះស្រាយជូនជាពិសេសបញ្ហារុះរើអង់តែន ឯកឧត្តមនិងជំរុញអោយបានឆាប់រហ័សដើម្បីប្រគល់ដីជូនប្រជាពលរដ្ឋបានធ្វើលំនៅដ្ឋានតាមសាលក្រមរបស់តុលាការ។ក្នុងឱកាសនោះដែរឯកឧត្តមបានឧបត្ថម្ភម៉ូតូចំនួន១គ្រឿង ថវិកា១លានរៀលដល់មន្ទីរនិងចែកជូនមន្ត្រីរាជការទាំង៣៧នាក់ម្នាក់ៗទទួលបាន សារុង១និងអាវយឺត១ផងដែរ៕