កំពង់ធំៈ នៅសាលប្រជុំតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបើកវគ្គផ្សព្វផ្សាយ ដើម្បីអប់រំសុខភាពស្តីពីជម្ងឺគ្រុនចាញ់ ដែល អាចនឹងកើតឡើងក្នុងរដូវភ្លៀងនាពេលខាងមុខនេះ គឺក្នុងគោលបំណងបង្ការការពារជម្ងឺគ្រុនចាញ់ និងការរាត្បាតផ្សេងៗដែលនាំអោយមានផលប៉ះពាលសុខភាពរបស់កងកម្លាំង។
នៅព្រឹកថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៦ លោកឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ព្រមទាំងមេបញ្ជាការង និងនាយទាហាន ពលទាហាន ចូលរួមក្នុងកម្មវិធីផ្សព្វផ្សាយអប់រំ ចំណេះដឹងស្តីអំពីសុខភាព និងជម្ងឺឆ្លងនានា ដល់កងកម្លាំងចំណុះអោយតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងគ្រួសារយោធិនដែលស្នាក់នៅក្នុងបន្ទាយ រួមទាំងបាន ចែកមុងជ្រលក់ថ្នាំដែលមានប្រសិទ្ធិភាព ជូនយោធិននិងគ្រួសារចំនួន105នាក់ ការពារមូសបានចំនួន៣ឆ្នាំ សម្រាប់ឲ្យយកទៅប្រើប្រាស់ ដើម្បីកាត់បន្ថយការកើត ជម្ងឺគ្រុនចាញ់។
ក្នុងឳកាសនៃពិធីផ្សព្វផ្សាយអប់រំ លោកឧត្តមសេនីយ៍ត្រី សោម ស៊ុន បានធ្វើការផ្តាំផ្ញើរដល់កងកម្លាំង និងគ្រួសារយោធិន ទាំងអស់ ថែរក្សាសុខភាព បរិភោគឲ្យមានលក្ខណៈអនាម័យ ទាំងការស្នាក់នៅ ពេលយប់ព្រលប់ និងពេលថ្ងៃ រួមទាំងធ្វើពលកម្មដើម្បីសំអាត បរិវេណទីធ្លាជំវិញអាគារ ឬជម្រកស្នាក់នៅ ឲ្យមានលក្ខណៈល្អប្រសើរ ដែលជាការបញ្ច្រៀសការឆ្លង ជម្ងឺផ្សេងៗ ជាចុងក្រោយបានផ្តាំផ្ញើរ កងកម្លាំងនិងគ្រួសារយោធិនរស់នៅ ចេះសាមគ្គីគ្នា ស្រឡាញ់គ្នា ចេះជួយគ្នាទៅវិញ ទៅមក។
ដោយ ប៊ុន រដ្ឋា







































