អ្នកភូមិ​ក្រវ៉ា​ន់​ប្រារព្ធ​ពិធីបុណ្យ​ឆ្លង​ចេត្រ​តាម​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ​

0

សៀមរាប៖ ទោះជារវល់ការងារច្រើនយ៉ាងណា តែមិនចោលប្រពៃណីទំនៀមទម្លាប់ប្រពៃណីគឺជាអត្តសញ្ញាណមួយ ដែលធ្វើឲ្យអ្នកអង្គរមានភាពប្លែកពីតំបន់ដទៃទៀត។ បើនិយាយពីប្រពៃណីរបស់អ្នកអង្គរសព្វថ្ងៃ យើងសឹងតែអាចនិយាយបានថា វាជាផ្នែកមួយនៃអវៈយវៈរបស់ពួកphoto_2016-05-30_20-08-30គាត់ទៅហើយ ពោលគឺ មិនអាចខ្វះបានក្នុងជីវភាពប្រចាំថ្ងៃ។ ពេលខ្លះ យើងសង្កេតឃើញថា បើគាត់រវល់ណាស់ធ្វើអ្វីធំដុំមិនទាន់ ក៏គង់ធ្វើអ្វីតូចមួយមកជំនួសឲ្យសមនឹងកិច្ចពិធីនោះៗដែរ។ តែទោះយ៉ាងណា ក៏មិនចោលទំនៀមទម្លាប់ប្រពៃណីដែរ។
ជាក់ស្តែង អ្នកភូមិក្រវ៉ាន់ ដែលស្ថិតនៅជាប់នឹងប្រាសាទក្រវ៉ាន់នៃតំបន់រមណីយដ្ឋានអង្គរ ទើបតែប្រារព្ធពិធីឆ្លងចេត្រ ដែលជាបុណ្យប្រពៃណីប្រចាំឆ្នាំរបស់ខ្លួន នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦នេះ។ ពិធីបុណ្យឆ្លងចេត្រ ជាធម្មតា គេតែងសង្កេតឃើញអ្នកអង្គរប្រារព្ធធ្វើក្រោយពីពិធីចូលឆ្នាំហើយមិនយូរប៉ុន្មាន ឬបើយូរណាស់ក៏គង់មិនហួសខាងខ្នើតខែពិសាខនោះដែរ ព្រោះពិធីនេះ ជាពិធីឆ្លងវដ្តរដូវនៃការងារកសិកម្ម ពោលគឺបញ្ចប់រដូវប្រកបរបរស្រែចម្ការក្នុងឆ្នាំចាស់ និងត្រៀមខ្លួនដើម្បីធ្វើស្រែក្នុងឆ្នាំថ្មីទៀត។
តាមការបញ្ជាក់របស់អ្នកភូមិ ការយឺតយ៉ាវប្រារព្ធពិធីឆ្លងចេត្រក្នុងឆ្នាំនេះ ដោយសារអាចារ្យអ្នកដឹកនាំរៀបចំកម្មវិធីមានការរវល់ ដោយអ្នកភូមិអញ្ជើញទៅរៀបចំពិធីបុណ្យផ្សេងៗច្រើនពេក រកពេលទំនេរមិនបាន ទើបចេះតែពន្យារមួយថ្ងៃហើយមួយថ្ងៃទៀត រហូតធ្លាយមកដល់រនោចខែពិសាខដូច្នេះ។ បើទោះជាធ្វើក្នុងខែពិសាខ ហើយស្ទើរតែដល់ចុងខែពិសាខដូច្នេះក្តី ក៏ពិធីនេះ នៅតែមានឈ្មោះថា ពិធីឆ្លងចេត្រដដែល ព្រោះដូចខាងដើមហើយថា ពិធីនេះជាពិធីឆ្លងវដ្តរដូវនៃការធ្វើស្រែចម្ការ មិនសំខាន់តែលើខែចេត្រនោះម្យ៉ាងនោះទេ។
ទោះជារាងយឺតយ៉ាវបន្តិចក្តី អ្នកភូមិក្រវ៉ាន់នៅតែប្រារព្ធពិធីឆ្លងចេត្រយ៉ាងសប្បាយរីករាយដូចរាល់ឆ្នាំដែរ។ ក្នុងរយៈពេលពីរថ្ងៃមួយយប់នៃពិធីនេះ នៅថ្ងៃទី១នៃពិធី យើងឃើញមានការរៀបចំពិធីសំខាន់ៗដូចជា ការរៀបចំពិធីប្រុងពលី លើងទង់ ពិធីបួសួង ពិធីបំបួសភ្នំខ្សាច់ និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត ហើយរាំលែងកម្សាន្តក្នុងពេលរាត្រី។ កម្មវិធីពេលព្រឹក គេរៀបចំប្រគេនយាគូ នំបញ្ចុក នំបាញ់ឆែវចំពោះព្រះសង្ឃពេលព្រឹក សម្តែងព្រះធម៌ទេសនា និងរៀបចំដាក់បាត្រឆ្លងពេលថ្ងៃ ដាក់ទង់ និងផ្សឹកភ្នំខ្សាច់ដើម្បីបញ្ចប់កម្មវិធីបុណ្យ។
នេះជាពិធីមួយ ក្នុងចំណោមពិធីដែលជាទំនៀមទម្លាប់ជាច្រើនរាប់មិនអស់របស់អ្នកស្រុកអង្គរ។ តាមរយៈប្រពៃណីទាំងអស់នេះហើយ ដែលធ្វើឲ្យអង្គរទាំងមូលមានឈ្មោះថា មត៌ករស់។ ការរក្សាបាននូវមត៌ករស់ដែលមានអាយុកាលដ៏យូរលង់នេះ គឺជាមោទនភាពដ៏ក្រៃលែងរបស់ជាតិខ្មែរ ព្រោះថា ជនជាតិខ្មែរមានទំនៀមទម្លាប់ មានវប្បធម៌ មានពូជអំបូរជារបស់ខ្លួនពិតប្រាកដ។ សូមចូលរួមថែរក្សាមត៌កវប្បធម៌របស់យើងទាំងអស់គ្នា! ៕photo_2016-05-30_20-08-42 photo_2016-05-30_20-08-51 photo_2016-05-30_20-08-19 photo_2016-05-30_20-08-37