សៀមរាប ៖ ថវិកាចំនួន ១ម៉ឺន៥ពាន់ដុល្លា ដែលទទួលបានពីស្មារតីនៃខួបលើកទី១៥១ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៤ ពីបងប្អូនសប្បុរសជន ត្រូវបានឯ.ឧ ឃឹម ប៊ុនសុង ប្រធានគណៈ កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និង ជាអភិបាល
នៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងលោកជំទាវ អស់លោក លោកស្រី ជាសមាជិក សមាជិកា គណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ដើម្បីយកមកទ្រទ្រង់មន្ទីរពេទ្យកុមារ គន្ធបុប្ផាសាខាទី៣ ( ក្រុងសៀមរាប ) ដែលគេស្គាល់ថា ជាមន្ទីរពេទ្យកុមារជ័យវរ្ម័នទី៧នោះ ក្នុងការឆ្លើយតបទៅនឹង តម្រូវការរបស់កុមារ និង ស្ត្រី ដែលកំពុងជួបនូវបញ្ហាសុខភាព ។ ម្យ៉ាងទៀតដោយមន្ទីរពេទ្យគន្ធបុប្ផា ដែលបានកំពុង ជួបវិបត្តិ ខ្វះខាតមូលនិធិ ដើម្បីដំណើរការជួយពិនិត្យព្យាបាលកុមារ និង ស្ត្រីកម្ពុជា ដោយឥតគិតថ្លៃនោះ ។
ក្នុងកិច្ចស្វាគមន៍ និង ទទួលថវិកាសប្បុរសនោះដោយផ្ទាល់ របស់លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ប៊ិត រិចឆើ ប្រធានមន្ទីរពេទ្យគន្ធបុប្ផា បានថ្លែងអំណរគុណចំពោះគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ដែល បានខិតខំកៀងគរប្រមូលថវិកា ដើម្បីយកមកទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប ។ ក្នុងនោះលោកក៏បានគូសបញ្ជាក់ថា មន្ទីរពេទ្យកុមារគន្ធបុប្ផាទាំង៥កន្លែង បានកំពុងទទួលកុមារ មកសម្រាក់ព្យាបាល ពិនិត្យជម្ងឺ នៅមន្ទីរពេទ្យគន្ធបុប្ជា ទាំងនៅខេត្តសៀមរាប និង នៅរាជធានីភ្នំពេញ ក្នុងមួយថ្ងៃ ៣ពាន់នាក់។ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ក៏បានឲ្យដឹងផងដែរ អំពីចំនួនកុមារចូលមកសម្រាកព្យាបាលក្នុង១ថ្ងៃ ២ពាន់នាក់ ស្ត្រីចូល មកសម្រាលកូន ជាមធ្យម ៦០នាក់ និង ធ្វើការវះកាត់ជាមធ្យម មួយថ្ងៃពី៥០ ទៅ៦០នាក់ ហើយក្នុងនោះវះកាត់ជម្ងឺ បេះដូង មួយថ្ងៃ មានពីករណី ទាំងនៅខេត្តសៀមរាប និង រាជធានីភ្នំពេញ ។ តាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត បានឲ្យដឹងទៀតថា ចំពោះករណីវះកាត់លើកុមារមានការថយចុះ តែជម្ងឺទូទៅមានការកើនឡើង ១៥% ។ ចំពោះការ ចំណាយក្នុងការព្យាបាលរបស់មន្ទីរពេទ្យ ក្នុងមួយថ្ងៃត្រូវចំណាយអស់ថវិកា ១២ម៉ឺនដុល្លា ហើយមួយឆ្នាំចំណាយអស់៤០លានដុល្លា ។ ដោយកត្តានេះហើយ ក្នុងពេលបច្ចុប្បន្ននេះមន្ទីរពេទ្យគុន្ធបុប្ផា បានជួបចំណោទបញ្ហានៅថវិកា ដើម្បីទ្រទ្រង់សេវាព្យាបាលដល់ កុមារ និងស្ត្រីកម្ពុជា និង ទ្រទ្រង់ជីវភាពបុគ្គលិកពេទ្យ កម្មករក្នុងមន្ទីរពេទ្យផងដែរ ។
ក្នុងពិធីប្រគល់ថវិកានោះឯ.ឧ ឃឹម ប៊ុនសុង ក៏បានសម្តែងនូវអំណរគុណផងដែរ អំពីគុណបំណាច់របស់លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ប៊ិត រិចឆើ និង ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកុមារជ័យវរ្ម័នទី៧ ដែលបានខិតខំយកចិត្តទុកដាក់លើការព្យាបាលដល់កុមារ និង ស្ត្រីកម្ពុជា ដែលចូលមកទទួលសេវាព្យាបាល ក្នុងមន្ទីរពេទ្យគន្ធបុប្ជាខេត្ត សៀមរាប ។ ឯកឧត្តមក៏បានលើកផងដែរថា មន្ទីរពេទ្យគុន្ធបុប្ជា បានជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជា ជារៀងរាល់ថ្ងៃ ហើយត្រូវបានប្រជាពល រដ្ឋបាន ដាក់ឈ្មោះជាមន្ទីរពេទ្យទេវតា ដែលបានជួយពិនិត្យ ព្យាបាលជម្ងឺដោយឥតគិត ថ្លៃ ព្រមទាំងមានកាយវិកាប្រកប ដោយមនុស្សធម៌ទៀតផង ។ ឯ.ឧ ឃឹម ប៊ុនសុង ក៏បានបន្តទៀតថា ដោយការ អំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងតម្រូវការចាំបាច់របស់មន្ទីរពេទ្យគន្ធបុប្ផា ដែលបានកំពុងជួបវិបត្តិ កង្វះខាតមូលនិធិ ដើម្បីដំណើរការជួយពិនិត្យព្យាបាល កុមារ និង ស្ត្រីកម្ពុជា ទើបថ្ងៃនេះគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជា បានធ្វើការចែករំលែកនូវថវិកាមួយចំនួន ដែលទទួលបានពីបងប្អូនសប្បុរសជន ក្នុងទិវា ពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា លើកទី១៥១ ដើម្បីយកមកទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប បានដំណើរការបម្រើសេវាព្យាបាលជូនកុមារ និង ស្ត្រីកម្ពុជា ក្នុងការចូលរួមកាត់បន្ថយភាពក្រីក្រនៅកម្ពុជាទៀតផង ៕