ទិវា​អន្តរជាតិ​ស្តីពី​យោ​ហ្គា​លើក​ទី​២​នឹង​ប្រារព្ធ​ធ្វើឡើង​នៅលើ​ទឹកដី​សៀមរាប​អង្គរ​ជាថ្មី​ម្តងទៀត​

0

សៀមរាប៖ ដោយមើលឃើញពីអត្ថប្រយោជន៍ដ៏ច្រើនលើសលុបចំពោះសុខភាពមនុស្សគ្រប់គ្នាពីការហាត់យោហ្កា អង្គការសហប្រជាជាតិបានកំណត់ថ្ងៃទី២១ ខែមិថុនា ជាទិវាអន្តរជាតិស្តីពីយោហ្កា (International Day of Yoga) ដែលតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅតាមបណ្តាphoto_2016-06-10_14-29-26ប្រទេសជាច្រើននៅលើពិភពលោក ដើម្បីផ្សព្វផ្សាយអំពីការហាត់សមាធិទាំងផ្លូវកាយ ផ្លូវចិត្តសម្រួលចលនាសាច់ដុំ និងចង្វាក់សរសៃឈាមឱ្យរត់ស្រួលសម្រាប់សុខភាពរាងកាយរបស់យើងគ្រប់គ្នា។ដោយឡែកប្រទេសកម្ពុជា ស្ថានទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា បានសហការជាមួយក្រសួងទេសចរណ៍ សាលាខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា រួមនឹងស្ថាប័នពាក់ព័ន្ធផ្សេងៗ ដើម្បីរៀបចំទិវាអន្តរជាតិស្តីពីយោហ្កាជាលើកទី២នៅលើទឹកដីអង្គរ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង៧.០០ព្រឹក នៅបរិវេណប្រាសាទអង្គរវត្ត។ទាក់ទងនឹងព្រឹត្តិការណ៍ខាងលើនេះ នៅសាលាខេត្តសៀមរាបនារសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០ ១៦ បានបើកសន្និសីទសារព័ត៌មានមួយដើម្បីផ្សព្វផ្សាយអំពីការរៀបចំទិវាអន្តរជាតិស្តីពីយោហ្កានេះឡើង ដោយមានវត្តមានជាអធិបតីរបស់ឯកឧត្តម ប៊ុន ថាឫទ្ធិ អភិបាលរង តំណាងឯកឧត្តមបណ្ឌិតអភិបាលខេត្ត ឯកឧត្តម សុខ សង្វារ អគ្គនាយករងតំណាងឯកឧត្តមអគ្គនាយកនៃអាជ្ញាធរជាតិអប្សរា និងឯកឧត្តម NA VEEN SRIVASTAVA ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំប្រទេសកម្ពុជា ហើយក៏មានការចូលរួមផងដែរពីខាងសេវាករ សហព័ន្ធសហភាពយុវជនខេត្ត ប៉ូលិស ស្ថាប័នពាក់ព័ន្ធជាច្រើនទៀត និងអ្នកសារព័ត៌មានក្នុងស្រុកផង។ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ប៊ុន ថាឫទ្ធិ បានសម្តែងនូវអំណរគុណជាខ្លាំងដល់ឯកឧត្តមឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា ដែលបានជ្រើសរើសយកខេត្តសៀមរាបជាទីតាំងប្រារព្ធទិវាអន្តរជាតិស្តីពីយោហ្កា ឱ្យសាធារណជននិងភ្ញៀវទេសចរទាំងអស់បានចូលរួម ព្រមទាំងជ្រាបពីចំ ណេះដឹងនៃការធ្វើលំហាត់ប្រាណសមាធិសម្រួលអារម្មណ៍ផ្លូវចិត្ត ផ្លូវកាយ លើសពីនោះបានជំរុញឱ្យការផ្សព្វផ្សាយវិស័យទេសចរណ៍របស់កម្ពុជា ឱ្យភ្ញៀវទេសចរក្នុងលោកកាន់តែចូលមកទស្សនាកម្ពុជាកាន់តែមានចំនួនច្រើនឡើងថែមទៀត។ ឯកឧត្តមក៏បានគាំទ្រ ជ្រោមជ្រែង និងចូលរួមបម្រើ ការពារ ធ្វើយ៉ាងណាឱ្យទិវានេះដំណើរការប្រកបដោយភាពរលូនផងដែរ។photo_2016-06-10_14-29-47

មានមតិចាប់អារម្មណ៍ក្នុងសន្និសីទសារព័ត៌មាននោះដែរ ឯកឧត្តម សុខ សង្វារ បានលើកឡើងថា មនុស្សយើងអាចរស់នៅបានសុខស្រួល លុះត្រាទាំងផ្លូវចិត្តនិងផ្លូវកាយល្អប្រសើរដូចគ្នា មិនអាចខ្វះមួយណាបានឡើយ ដូច្នេះយោហ្កាជាវិធីហាត់សមាធិដ៏ល្អមួយ ដែលធ្វើឱ្យមានតុល្យភាពផ្លូវចិត្តនិងផ្លូវកាយ។ ម្យ៉ាងវិញទៀតតាមការស្រាវជ្រាវពីអ្នកជំនាញបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរាបានបង្ហាញថា យោហ្កានៅតំបន់អង្គរនិងប្រាសាទអង្គរមានទំនាក់ទំនងគ្នាច្បាស់លាស់ ដូចជារូបចម្លាក់នៅប្រាសាទបន្ទាយស្រី និងតាមរយៈសិលាចារិកនិយាយថានៅសតវត្សទី១០ មានព្រះរាជគ្រូបានដឹកនាំធ្វើយោហ្កានៅតំបន់អង្គរផងដែរ។ បន្ថែមពីនោះតាងនាមឱ្យស្ថាប័នអាជ្ញាធរជាតិអប្សរាដែលមានតួនាទីថែរក្សា ការពារ អភិរក្សតំបន់អង្គរ ក៏បានបង្ហាញពីគោលជំហរគាំទ្រទាំងស្រុងចំពោះការរៀបចំទិវាអន្តរជាតិយោហ្កានៅលើទឹកដីអង្គរ។ ក្នុងនោះអាជ្ញាធរជាតិអប្សរា ក៏បានចូលរួមចំណែកក្នុងការជ្រើសរើសទីតាំងឱ្យសមរម្យ ការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ ផ្តល់អ្នកជំនាញថតរូបអំពីព្រឹត្តិការអន្តរជាតិនេះ ពិសេសគឺផ្តល់ទឹកស្អាតសម្រាប់អ្នកចូលរួមទាំងអស់ពិសារដោយឥតគិតថ្លៃផងដែរ។ឯកឧត្តម NA VEEN SRIVASTAVA ក៏បានរំឭកដែរអំពីព្រឹត្តិការណ៍នេះកាលពីឆ្នាំមុនដែលទទួលបានការចូលរួមយ៉ាងច្រើនពីសាធារណជននិងការសហការល្អពីអាជ្ញាធរពាក់ព័ន្ធ។ ឯកឧត្តមបញ្ជាក់ទៀតថា ទិវាអន្តរជាតិស្តីពីយោហ្កានឹងធ្វើឡើងជារៀងរាល់ឆ្នាំនៅលើទឹកដីអង្គរ ដើម្បីជួយផ្សព្វផ្សាយទេសចរណ៍កម្ពុជានិងផ្តល់ចំណូលសេដ្ឋកិច្ចដល់ប្រជាជនក្នុងខេត្តសៀមរាបផងដែរ។ ឯកឧត្តមក៏សង្ឃឹមថា ព្រឹត្តិការណ៍ឆ្នាំនេះនឹងទាក់ទាញសាធារណជននិងទេសចរបានកាន់តែច្រើនមកចូលរួមហាត់យោហ្កា ហើយយោហ្កានេះដែរត្រូវបានហាត់ធ្វើជារៀងរាល់ថ្ងៃ ដោយមិនចាំបាច់តែថ្ងៃពិសេសទេ ដើម្បីសុខភាព។ ម្យ៉ាងវិញទៀតយោហ្កាមិនមែនជំរុញឬធ្វើឱ្យមានកម្លាំងខ្លាំងទេ តែវាធ្វើឱ្យមានតុល្យភាពផ្លូវកាយនិងផ្លូវចិត្ត ពិសេសអារម្មណ៍យើងស្ងប់ល្អ ដែលមនុស្សគ្រប់គ្នាគួរតែធ្វើនិងឈ្វេងយល់ពីវ៕photo_2016-06-10_14-29-41 photo_2016-06-10_14-29-47 photo_2016-06-10_14-29-33 photo_2016-06-10_14-30-07 photo_2016-06-10_14-30-03 photo_2016-06-10_14-29-37