កំពង់ឆ្នាំង៖ ជម្ងឺគ្រុនឈាមជាជម្ងឺកាចសាហាវដែលអាចសម្លាប់កុមារក្នុងរយៈពេលតែ១សប្តាហ៍តែប៉ុណ្ណោះ ប្រធានបទការប្រយុទ្ធប្រឆាំងនឹងជម្ងឺគ្រុនឈាម វាជាតួនាទីរបស់យើងទាំងអស់គ្នា ត្រូវបានផ្សព្វផ្សាយនៅក្នុងទិវាប្រយុទ្ធប្រឆាំងគ្រុនឈាមនៅក្នុងវិទ្យាល័យក្រុង កំពង់ឆ្នាំងនាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៤ ក្រោមអធិបតីភាពលោកស្រី ដោក សុទ្ធា អភិបាលរងខេត្តកំពង់ឆ្នាំង លោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្ត និងមានការចូលរួមពីប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ សិស្សានុសិស្សប្រមាណ៥០០នាក់។
លោក ប្រាក់ វ៉ុនបានថ្លែងអោយដឹងថា៖ការប្រារព្វធ្វើពិធីនេះឡើងក្នុងគោលបំណងបំផុសការយល់ដឹង និងការជំរុញការខិតខំប្រឹងប្រែងជាសកលក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជម្ងឺគ្រុនឈាម និងគាំទ្រសកម្មភាព កាត់បន្ថយអត្រាជម្ងឺ រំលឹកដល់ប្រជាពលរដ្ឋ អំពីធ្វើដែលត្រូវធ្វើដើម្បីលុបបំបាត់ជម្ងឺគ្រុនឈាម។ដោយឡែកនៅក្នុងខេត្តកំពង់ឆ្នាំង ករណីអ្នកជម្ងឺសង្ស័យគ្រុនឈាម ដែលបានចូលមកសំរាកនៅសេវាសាធារណៈនៅឆ្នាំ២០១២បានថយចុះពី៧៣២ករណីមក១៦៧ករណីនៅឆ្នាំ២០១៣។
ក្នុងនោះមន្ទីរសុខាភិបាលបានបង្ការទប់ស្កាត់ការ រាតត្បាតនៃជម្ងឺគ្រុនឈាម ដោយបានចុះយុទ្ធនាការដាក់ថ្នាំអាបែតនៅតាមភូមិឃុំដែលប្រ ឈមមុខខ្ពស់ នៅក្នុងក្រុងកំពង់ឆ្នាំងបានដាក់ថ្នាំអាបែតបានចំនួនដង មានចំនួន៥១ភូមិ ស្មើនឹង១១៩៧២ផ្ទះ ៦១២០៦ អាងពាងទឹក ការពារប្រជាពលរដ្ឋបាន៣៣៩៤៣នាក់ ដោយប្រើប្រាស់ថ្នាំអាបែតអស់២៤៩៥គ.ក។
លោកស្រី ដោក សុទ្ធា បានមានប្រសាសន៍អប់រំប្រជាពលរដ្ឋសិស្សានុសិស្សថា៖ជម្ងឺ គ្រុនឈាមគឺជាជម្ងឺម្យ៉ាងដែលបង្កដោយវីរុសដាំង វាឆ្លងដោយការខាំនៃមូសខ្លាពិសេសក្នុង ពេលថ្ងៃ វាជាជម្ងឺកាចសាហាវ និងជាជម្ងឺឆ្លងដែលអាចមានគ្រោះថ្នាក់ដល់អាយុជីវិតលើមនុស្សគ្រប់វ័យ ភាគច្រើនកុមារតូចៗ។ដើម្បីទប់ស្កាត់ការពារកុំអោយកើតជម្ងឺនេះត្រូវយកចិត្តទុកដាក់ថែរទាំសុខភាព ត្រូវគេងក្នុងមុងជាប្រចាំ បើមានរោគសញ្ញាសង្ស័យត្រូវបញ្ជូនអ្នកជម្ងឺទៅមណ្ឌលសុខភាពជាបន្ទាន់។
អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវសហការជាមួយមន្ត្រីសុខាភិបាលក្នុងការជំរុញផ្សព្វផ្សាយ អប់រំដើម្បីទប់ស្កាត់អោយបានទាន់ពេលវេលានិងគ្រប់ទីកន្លែងនូវជម្ងឺរាតត្បាតនេះ។កាប់ព្រៃស៊ប់ទ្រុប លុបបំបាត់កន្លែងដក់ទឹក ភក់ជ្រាំ សំបកកំប៉ុង សំបកដូង ចានទ្រជើងទូ ថូផ្កា និងវត្ថុទាំងឡាយដែលអាចដក់ទឹក បង្កជាកន្លែងមូសខ្លាពងកូនបាន។
អាជ្ញាធរត្រូវចូលរួមរាយការណ៍ អំពីករណីជម្ងឺគ្រុនឈាមនេះមកសាលាខេត្តនិងមន្ទីរសុខាភិបាល អោយបានទាន់ពេលវេលាដើម្បីអោយជំនាញចាត់ការដោះស្រាយ និងការពារអាយុជីវិតប្រជាពលរដ្ឋទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពខ្ពស់៕