សៀមរាប៖ ដើមជ្រៃមួយដើមដែលមានអង្កត់ផ្ចិតប្រហែល៣០សង់ទីម៉ែត្រ ដុះលើរោងទងនៅខាងក្នុងប្រាសាទបេងមាលា ត្រង់ថែវផ្នែកខាងត្បូង ត្រូវបានភ្នាក់ងារអភិរក្សប្រាសាទបេងមាលា រួមនឹងភ្នាក់ងារព្រៃឈើកាប់លះមែកធំតូចដើម្បីសម្រាលទម្ងន់មកលើរចនាសម្ព័ន្ធប្រាសាទ។ ការសម្រេចកាប់លះមែកនៅពេលនេះ ត្រូវបានធ្វើឡើងក្រោយពីក្រុមអភិរក្សប្រាសាទ មើលឃើញថា ដើមជ្រៃមួយដើមធំនេះ បានពុកផុយពាក់កណ្តាលដើម ដោយសារមេខ្មូតស៊ី និងមានមែកសាខាទោរទន់ខ្លាំង ដែលអាចនឹងបាក់រលំធ្វើឲ្យប៉ះពាល់ដល់រចនាសម្ព័ន្ធប្រាសាទ និងបង្កគ្រោះថ្នាក់ដល់ភ្ញៀវទេសចរ។ ការងារនេះដឹកនាំដោយឯកឧត្តម ឈរ ថាណាត អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន និងលោក ឈាន រដ្ឋា ប្រធានស្តីទីនៃនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ។
លោក ឈាន រដ្ឋា បានឲ្យដឹងនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦នេះថា ស្ថានភាពដើមជ្រៃដែលក្រុមការងារសម្រេចកាប់លះមែកនៅពេលនេះ ត្រូវបានក្រុមអភិរក្សប្រាសាទតាមដានជាច្រើនថ្ងៃមកហើយ និងបានបិទផ្លូវទស្សនាមួយរយៈដោយសារឃើញស្ថានភាពនៃដើមជ្រៃធំនេះមានលក្ខណៈពុកផុយខ្លាំង ឈានដល់ការបាក់រលំក្នុងពេលដ៏ខ្លីខាងមុខ។ លោកបញ្ជាក់ថា “ដើមឈើដែលដុះនៅតាមប្រាសាទ គឺជាទេសភាពវប្បធម៌ដ៏ត្រកាលជួយជាម្លប់ និងរក្សាសំណើមនៅក្នុងថ្មប្រាសាទ ព្រមទាំងជួយលម្អសោភណភាពប្រាសាទជួយទាក់ទាញចំណាប់អារម្មណ៍ពីភ្ញៀវទេសចរ។ ប៉ុន្តែករណីខ្លះ វាបង្កហានិភ័យដល់ប្រាសាទដែរ តែយើងយកប្រាសាទជាកត្តាអាទិភាព។ ក្នុងករណីនេះ យើងត្រូវកាប់យកចេញតែមែកដែលពុកផុយ គឺយើងមិនបានកាប់ដកហូតដើមទាំងស្រុងទេ ក្នុងគោលបំណងរក្សាលំនឹងដើមឈើ និងប្រាសាទ រក្សាទេសភាពវប្បធម៌ និងការពារសុវត្ថិភាពប្រាសាទ និងភ្ញៀវទេសចរ”។
លោក រដ្ឋា បន្ថែមថា បច្ចុប្បន្នក្រុមការងារកំពុងតែរៀបចំផែនការ ដោយសហការជាមួយនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន ដើម្បីធ្វើផែនទីហានិភ័យដើមឈើ។ ក្រោយបញ្ចប់ការងាររៀបចំផែនទី ក្រុមការងារនឹងត្រូវកាត់ក្រីមែក ឬកាប់ដកហូតនូវដើមឈើមួយចំនួនទៀត តាមស្ថានភាពជាក់ស្តែងក្នុងប្រាសាទ និងបរិវេណប្រាសាទបេងមាលា ដើម្បីការពារហានិភ័យដល់រចនាសម្ព័ន្ធប្រាសាទ ព្រមទាំងការពារសុវត្ថិភាពភ្ញៀវទេសចរផង៕