រដ្ឋបាលខេត្តរតនគិរីប្រារព្ធខួបអនុស្សាវរីយ៍លើកទី ៦៤ ទិវាឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣- ៩ វិច្ឆិកា ២០១៧

0

ខេត្តរតនគិរី    ៖ដូចគ្នាតាមបណ្តាខេត្តទាំង ២៥ រាជធានីទូទាំងព្រះរាជាណាចក្រកម្ពុជា ទិវាបុណ្យ ឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០១៧ ត្រូវបានរដ្ឋបាលខេត្តរតនគិរីប្រារព្ធធ្វើ ឡើងយ៉ាងមហោឡារិកនៅស្តូបវិមានអនុស្សាវរីយ៍ នៅព្រឹកថ្ងៃទី ០៩ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្រ្តីរាជការគ្រប់អង្គភាព កងកម្លាំងប្រដាប់អាវុធ ទាំង ៣ ប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ សរុបប្រមាណជាង ១០០០ នាក់។
ពិធីជាប្រវត្តិសាស្រ្តនេះក៏មានការអញ្ជើញដុតទានជ័យពីសំណាក់ លោក
ថង សាវុន អភិបាលខេត្ត និងលោក មួង ប៉យ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងអញ្ជើញ ដាក់កំរងផ្កាគោរពវិញ្ញាណខ័ន្ធដល់យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតក្នុងបុព្ធហេតុ ឯករាជ្យជាតិផងដែរ។
ថ្លែងទៅកាន់អង្គពិធីទាំងមូល លោក ថង សាវុន អភិបាលខេត្តរតនគិរីបានលើក ឡើងថា ខួបអនុស្សាវរីយ៍លើកទី ៦៤ នៃពិធីបុណ្យឯករាជ្យជាតិ និងជាទិវាកំណើតនៃកង យោធិពលខេមរភូមិន្ទ ៩ វិច្ឆិកា ១៩៥៣- ៩ វិច្ឆិកា ២០១៧ គឺជាទិវាប្រវត្តិសាស្រ្តដែល កម្លាំងមហាសាមគ្គីជាតិទាំងមូលដណ្តើមបានទាំងស្រុងមកវិញ ពីអាណានិគមនិយម បារាំងក្រោមព្រះរាជបូជនីយកិច្ចដ៏ថ្លៃថ្លាឧត្តុង្គឧត្តមបំផុត នៃព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជ្យបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ។
ឯកឧត្តមអភិបាលខេត្តក៏បានរំលឹកឡើងវិញនៅ ប្រវត្តិសង្ខេបរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះមហាវីរក្សត្រ ព្រះវររាជ្យបិតា ព្រះបរមរតនកោដ្ឋ ក្នុងព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យជាតិ ដែលព្រះអង្គបានលះបង់ ព្រះរាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀក្លាបំផុត ធ្វើការតស៊ូក្នុងក្របខ័ណ្ឌ ដើម្បីទាមទា ឯករាជ្យជាតិជូនជាតិមាតុភូមិ និងប្រជារាស្រ្តខ្មែរអោយរួចផុតពីអាណានិគមនិយមបារាំង រហូតទទួលបានឯករាជ្យពេញបរិបូរនៅថ្ងៃទី៩ ខែ វិច្ឆិកា ឆ្នាំ ១៩៥៣ ហើយព្រះអង្គបានដឹក នាំកសាងប្រទេស បន្សល់ទុកនូវស្នាព្រះហស្ថធំៗជាច្រើនវិស័យរាប់មិនអស់នៅក្នុងសម័យ រជ្ជកាលដែលព្រះអង្គគ្រងរាជ្យ ហើយត្រូវបានប្រជារាស្រ្តថ្វាយព្រះកិត្តិនាមដល់ព្រះ ជាព្រះបិតាឯករាជ្យជាតិ ព្រះបិតាសិក្សាធិការជាតិ ព្រះបិតាសុខាភិបាលជាតិ ព្រះបិតាកីឡាជាតិ ព្រះបិតាស្ថាបនាជាតិ។
តំណាងឲ្យថ្នាក់ដឹកនាំរដ្ឋបាលខេត្តគ្រប់លំដាប់ថ្នាក់ មន្រ្តីរាជការ កងកម្លាំងប្រដាប់ អាវុធ និងប្រជាពលរដ្ឋ ឯកឧត្តមអភិបាលរតនគិរីបានប្តេជ្ញាចិត្តយ៉ាងម៉ុតមាំ នូវកិច្ចពង្រឹង សាមគ្គីភាពជាតិ ឯកភាពជាតិយ៉ាងម៉ឺងម៉ាត អនុវត្តន៍តួនាទីថែក្សាការពារឯករាជ្យជាតិ បូរណភាពទឹកដី សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម គ្រប់កាលៈទេសៈ ឲ្យស្ថិតស្ថេរគង់វង្សជានិច្ចនិរន្តន៍ ដោយពុំអនុញាតិអោយជនអគតិ មួយចំនួនធ្វើបដិវត្តព័ណ៌ដោយយកដៃបរទេសមកបំផ្លាញសុខសន្តិភាព ឯករាជ្យជាតិ បូរណភាពទឹកដីនៃមាតុភូមិអង្គរដ៏រុងរឿងដាច់ខាត។
ជាចុងបញ្ចប់នៃអង្គពិធីក៏មានការបង្ហោះប៉ោងៗជានិមត្តិរូបនៃឯករាជ្យជាតិ សុខសន្តិភាព សេរីភាព និងការអភិវឌ្ឍន៍ផងដែរ៕ យក្ខឡោម