រថយន្ត ហ៊ីយ៉ាន់ដាយ​ដឹក​ម៉ាស៊ីន​ស្រូត​ស្រូវ បុក​រថយន្ត​HIGHLANDER បណ្តាលឱ្យ ក្មេង ចាស់ ប្រុស ស្រី ស្លាប់ ២​នាក់ របួស ធ្ងន់ ស្រាល ៥​នាក់ បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ

0

​សៀមរាប​៖ យ៉ាងហោចណាស់​មនុស្ស ក្មេង ចាស់ ប្រុស ស្រី ២​នាក់ បាន​ស្លាប់​និង​៥​នាក់ រងរបួស ធ្ងន់ និង​ស្រាល​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត​ហ៊ីយ៉ាន់ដាយ ដឹក​ម៉ាស៊ីន​ច្រូតស្រូវ បាន​បុក​ជាមួយ​រថយន្ត​HIGHLANDER នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​០៦ A
ធ្វើឱ្យ​ធ្លាក់​ទៅ​ម្ខាង​ថ្នល់ ២ ទៅ​៣ ត្រឡប់ ហេតុការណ៍ នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​២២ និង​៣០​នាទី ថ្ងៃទី​៣០​ខែមករា​ឆ្នាំ​២០១៧ ស្ថិតនៅ ក្នុងភូមិ​ស្វាយ ឃុំ​សសរស្តម្ភ ស្រុក​ពួក ខេត្តសៀមរាប ។​
តាម​ប្រភពពី​កន្លែងកើតហេតុ​បាន​ប្រាប់​ឱ្យដឹងថា មុន​កើតហេតុ​ឃើញ​រថយន្ត (HIGHLANDER)​ពណ៌​ស ពាក់​ផ្លាកលេខ​ភ្នំពេញ 2Z-5863 បើកបរ​ស្រប​ទិស​គ្នា ពី​លិចទៅ​កើត ក្នុង​ល្បឿន​លឿន​ហើយ រ៉េ ពេញ​ផ្លូវ មកដល់​ចំណុចកើតហេតុ ពួកគេ​ក៏​បានឃើញ​រថយន្ត​ម៉ាក​ហ៊ីយ៉ានដាយ ពណ៌​ស លាយ ខៀវ ពាក់​ផ្លាកលេខ​÷​ព្រះសីហនុ 3A-3512 បាន​បើក​កៀរ​ជាមួយ​រថយន្ត​(HIGHLANDER)​ធ្វើឱ្យ​(HIGHLANDER)​ធ្លាក់​ទៅ​ម្ខាង​ថ្នល់ជាតិ បណ្តាល​ស្លាប់ មនុស្ស​២​នាក់ និង​របួសធ្ងន់ ស្រាល ចំនួន​៥​នាក់ ។​
លោក​វរសេនីយ៍ត្រី ទេព ពុំសែន អធិការដ្ឋាន​នគរបាល​ស្រុក​ពួក​បាន​ប្រាប់​នៅ​ព្រឹក​ថ្ងៃទី​៣១​ខែ​មករ​ឆ្នាំ​២០១៧​ក្រោយពី​ទទួលបាន​ព​ត័​មាន​ថា មាន​គ្រោះថ្នាក់​ចរាចរ ស្លាប់​មនុស្ស​នៅតាម​ដងផ្លូវ​ជាតិ​លេខ​៦A លោក​បានដាក់​កម្លាំង​ជំនាញ​ឱ្យ​ចុះទៅពិនិត្យ​ដល់​កន្លែងកើតហេតុ​ទាំងយប់ ដើម្បី ជួយ​យក​អ្នករងគ្រោះ​បញ្ជូន ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​សម្រាក​ព្យាបាល ឯកជន ស៊ឹង រិទ្ធី រ៉េត រួច​ធ្វើការ​វាស់វែង ដើម្បី​យក​រថយន្ត​ទាំង​២​គ្រឿង​ចេញពី​កន្លែងកើតហេតុ កុំឱ្យ​កកស្ទះ​ចរាចរណ៍​។​
ជនរងគ្រោះ​ខាង​រថយន្ដ (HIGHLANDER )​មាន​គ្នា​៧ ទី​១/​ឈ្មោះ លេង តុលា ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ជា​ប្ដី មុខរបរ​រត់​តាក់ស៊ី ( ស្លាប់ )​ទី​២/​ឈ្មោះ ម៉ាន់ ម៉ា​រី​ន ភេទ​ស្រី អាយុ​៤១​ឆ្នាំ របួសធ្ងន់ បាក់ឆ្អឹង ជំនី ចំនួន​២ ជា​ប្រពន្ធ ទី​៣/​ឈ្មោះ លេង តុង​លុច ភេទ​ប្រុស អាយុ​១៣​ឆ្នាំ ត្រូវជា​កូន (​ស្លាប់​) ទី​៤/​ឈ្មោះ អឿន សុខ​ចាន់ ភេទ​ស្រី អាយុ​៣៤​ឆ្នាំ អ្នករួមដំណើរ របួសធ្ងន់​(​បាក់​ភ្លៅ​) ទី​៥/​ឈ្មោះ ផៃ សុផាត ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ អ្នករួមដំណើរ របួសធ្ងន់ ទី​៦/​ឈ្មោះ​ផាត ម៉េង ហួរ ភេទ​ប្រុស អាយុ​៥​ឆ្នាំ (​របួសស្រាល​) និង​ទី​៧/​ឈ្មោះ ផាត ម៉េង ហ៊​ង ភេទ​ប្រុស​អាយុ ៤​ឆ្នាំកន្លះ (​របួសធ្ងន់ ត្រង់ ក្បាល ជើង​)​អ្នក​ទាំងអស់គ្នា​រស់នៅ​ភូមិ​កិត្តិយស ឃុំ​ព្រៃ​ជ្រូក ស្រុក​ពួក ខេត្តសៀមរាប​។​
ចំណែក រថយន្ត​បង្ក បើក​គេច​យក​រថយន្ត​ទៅ​លាក់ទុក​នៅ​ខាងក្រោម​ផ្លូវជាតិ ចំណុច​ត្រពាំង​ខ្ទឹម ក្នុងភូមិ​សាស្ត្រ ឃុំ​សសរស្តម្ភ រួច​គេចខ្លួនបាត់ បន្សល់ទុក​នៅ​កម្មករ​ចំនួន​៤​នាក់ និង​រថយន្ត​តែប៉ុណ្ណោះ​។ បច្ចុប្បន្ន​រថយន្ត​ទាំងសងខាង ត្រូវបាន កម្លាំង​ជំនាញ​អូស​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពួក ដើម្បី​រងចាំ​ភាគី​សងខាង​ចូលខ្លួន​មក​ដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់ ចំណែក​អ្នកស្លាប់​សមត្ថកិច្ច​ប្រគល់អោយ​សាច់ញាតិ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​ប៊ុន រិទ្ធី