ខេត្តរតនគិរី៖ ក្រុមហ៊ុន ជា ច័ន្ទរិទ្ធ ជាក្រុមហ៊ុន ដីសម្បទាន សេដ្ឋកិច្ចមួយកន្លែង ស្ថិតនៅភូមិ សាស្ត្រ ក្នុងភូមិ សាគ្រៀង ឃុំ កិចុង ស្រុកបរកែវ និងឃុំ សោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បាននឹងកំពុងលួច ធ្វើអាជីវកម្ម ឈើដោយគ្មានច្បាប់ អនុញ្ញាតិពីរាជរដ្ឋាភិបាល។ នេះបើតាមការបញ្ជាក់ពី កំណត់ហេតុ លោក ស៊ីម លីន អភិបាលរងស្រុកអូយ៉ាដាវ បានចុះទៅត្រួតពិនិត្យ សុពលភាព រោងម៉ាស៊ីន អារឈើ កែច្នៃនិងផលិតគ្រឿង សង្ហារឹម របស់ក្រុមហ៊ុនខាងលើ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០១៧នេះ។ តាមការបញ្ជាក់របស់កំណត់ហេតុក្រុមការងារ ក្រុមហ៊ុន ជា ច័ន្ទរិទ្ធ មានលិខិតអនុញ្ញាតិពីក្រសួង កសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ឲ្យធ្វើអាជីវកម្មក្នុងឆ្នាំ ២០១៥-២០១៦ មានន័យថា លិខិតអនុញ្ញាតិបានផុតសុពលភាព ហើយ មិនមានលិខិតបន្តសុពលភាពច ក្នុងឆ្នាំ២០១៧នេះទេ។ តែក្រុមហ៊ុនខាងលើ នៅតែកាប់ឈើ មកធ្វើការកែច្នៃ ដោយគ្មានការអនុញ្ញាតិ និងមិនមានសមត្ថកិច្ចណា ធ្វើការទប់ស្កាត់ និងបង្ក្រាបឡើយ ។
តាមការបំភ្លឺពីឈ្មោះ គឹម អាននាគថា ហៅម៉ាប់ ជាម្ចាស់រោងម៉ាស៊ីនអារឈើ បានឲ្យដឹងក្នុងកំណត់ហេតុថា ខ្លួនកំពុងធ្វើលិខិតស្នើសុំ អារឈើ កែច្នៃឈើ ហើយតែមិនទាន់ធ្លាក់មកទេ។
បន្ទាប់ពី ពិនិត្យឯកសារ និងធ្វើកំណត់ហេតុ រួចរាល់ក្រុមការងារ ថ្នាក់ស្រុក បានធ្វើកិច្ចសន្យាឲ្យ លោក គឹម អាននាគថា ហៅម៉ាប់ ដែលជាម្ចាស់រោងម៉ាស៊ីន ផ្អាកសកម្មភាព អារឈើទាំងស្រុង រងចាំមានលិខិត អនុញ្ញាតិពីថ្នាក់ក្រសួង និងអាជ្ញាធរ ពាក់ព័ន្ធ និងតម្រូវ ឲ្យក្រុមហ៊ុន រុះរើបារ៉ាស់ ដែលខ្លួន បានដាក់បិទផ្លូវ មុខរោងម៉ាស៊ីន ផងដែរ។
គួបញ្ជាក់ផងដែរថា មូលហេតុដែលនាំឲ្យបែកធ្លាយក្រុមហ៊ុន ជា ច័ន្ទរិទ្ធ ធ្វើអាជិវកម្មឈើគ្មានលិខិតអនុញ្ញាតិ គឺដោយសារក្រុមហ៊ុនមួយនេះ បានធ្វើការដាក់ បារ៉ាស់ បិទផ្លូវ មិនឲ្យប្រជាពលរដ្ឋធ្វើដំណើរ ឆ្លងកាត់។
លោក ឡេង យុគ នាយផ្នែករដ្ឋបាលព្រៃឈើ បរកែវ បានប្រាប់អ្នកសារព័ត៌មាន តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី១១ ខែ កក្កដានេះ ថា លោកបានដឹងអំពីការផុត អជ្ញាប័ណ្ណ ឈប់ឲ្យក្រុមហ៊ុន ជា ច័ន្ទរិទ្ធ ធ្វើអាជីវកម្មអារឈើ កែច្នៃឈើ នោះហើយ តែឈើ នៅក្នុងរោងចក្រ ជាឈើចាស់ នៅសល់ ប្រហែល ៧០០ ម៉ែត្រគូប ចំណែកគំនរឈើ ដែលនៅខាងក្រោយរោងចក្រ គឺជាឈើដែលលោក និងកម្លាំងអាវុធហត្ថចាប់បាន កាល ពីឆ្នាំទៅមិញ គឺមិនមានការកាប់ឈើថ្មីចូលរោងចក្រនោះឡើយ។
ទាក់ទងនិងករណីនេះ លោក កែប កត់ នាយខណ្ឌ រដ្ឋបាលព្រៃឈើខេត្ត បាននិយាយតាមទូរស័ព្ទ នៅព្រឹកថ្ងៃដដែលនេះថា (អាញ់នៅវៀតណាម មកព្យាបាលជំងឺ រួចក៍បិទទូរស័ព្ទទៅ)។
ចំណែកលោក សយ សូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ ខេត្ត នៅពេលអ្នកសារព័ត៌មាន សួរតាមទូរស័ព្ទ សុំការបំភ្លឺ ករណីខាងលើនេះ លោក ឆ្លើយយ៉ាងខ្លីថា កំពុងជាប់ប្រជុំ។
លោក គឹម អាននាគថា ហៅម៉ាប់ តំណាងក្រុមហ៊ុនជា ច័ន្ទរិទ្ធ ក៍បានឲ្យដឹងនៅថ្ងៃដដែលថា លោក បានរត់ច្បាប់ដើម្បីបន្តអជ្ញាប័ណ្ណ ធ្វើអាជីវកម្ម ក្នុងឆ្នាំ ២០១៧ រយៈពេល ៤ ទៅ ៥ ខែហើយ តែមិនទាន់ធ្លាក់ច្បាប់មកទៀត។ ហើយក្រុមហ៊ុន ក៍មិនទាន់មានការកាប់ឈើថ្មី ចូលមកក្នុងរោងចក្រទៀតដែរ ពោលគឺឈើនៅក្នុង រោងចក្រទាំង ប៉ុន្មានគឺសុទ្ធតែជាឈើចាស់នៅសល់ ប្រហែល ៧០០ ទៅ ៨០០ ម៉ែត្រគូប។ លោកតំណាងរោងចក្រក៍បានសំណូមពរដល់ សមត្ថកិច្ចពាក់ព័ន្ធ ជួយទប់ស្កាត់ ប្រជាពលរដ្ឋដឹកឈើ តាមម៉ូតូ កាត់មុខរោងចក្រផង ដើម្បីកុំឲ្យ មានការយល់ច្រឡំថា រោងចក្រដឹកឈើចេញដោយគ្មានច្បាប់អនុញ្ញាតិ។
តាមប្រភពពីប្រជាពលរដ្ឋ ជាជនជាតិដើមភាគតិចទំពួន ក្នុងភូមិសាគ្រៀង ឃុំកិចុង ស្រុកបរកែវបានលើកឡើងថា ខុសពីអ្វីដែលក្រុមហ៊ុនបានអះអាងថា គ្មានការកាប់ឈើថ្មីចូល ក្នុងរោងចក្រ។ តែកន្លងមកថ្មីៗនេះ ពួកគាត់បានឃើញ ការកាប់ឈើថ្មី អូសចូល ក្នុងរោងចក្រទាំងថ្ងៃទំាងយប់ យ៉ាងអណាធិបតេយ្យ ទៅវិញ មិនតែប៉ុណ្ណោះ បានដាក់បារ៉ាស់ ហាមឃាត់ ពួកគាត់មិនឲ្យធ្វើដំណើរផ្លូវ មុខរោងចក្រថែមទៀតផង តែពេលនេះ ពួកគាត់អស់ក្តីកង្វល់ទៀតហើយ ដោយបានការអន្តាគមន៍ ពីអាជ្ញាធរស្រុកអូយ៉ាដាវ ចុះ រុះរើបារ៉ាស់ មុខរោងចក្រនោះ ចោលអស់ហើយ ៕ដោយ: យក្ខឡោម