ជនសង្ស័យពាក់ព័ន្ធសារធាតុញៀនបីនាក់ត្រូវសមត្ថកិច្ចឆ្មក់ចូលចាប់ដល់បន្ទប់ជួលក្រោយមានការសង្ស័យ

0

មាស~ វីរៈ: តាកែវ ៖ ជនសង្ស័យជាប់ពាក់ព័ន្ធករណីចែកចាយនិងប្រើប្រាស់សារធាតុញៀនខុសច្បាប់៣នាក់ត្រូវបានសមត្ថកិច្ចស្រុកបាទីចុះឆ្មក់ចាប់ដល់បន្ទប់ជួលស្នាក់នៅបន្ទាប់ពីមានការសង្ស័យ។

ហេតុការណ៍ចុះបង្ក្រាបនេះបានធ្វើឡើងកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង១២និង០០នាទីនៅចំណុចបន្ទប់ជួលស្ថិតនៅភូមិទួលល្ហុង ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ ដោយកម្លាំងជំនាញ អធិការស្រុកសហការនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាំងដូង។ តាមការឲ្យដឹងពីសមត្ថកិច្ចដែលចុះទៅបង្ក្រាបនោះប្រាប់ថា ក្នុងប្រតិបត្តការណ៍បង្ក្រាបនេះកម្លាំងជំនាញបានឃាត់ខ្លួនជនជាប់សង្ស័យបាន៣នាក់ដែលមានឈ្មោះ៖ ទី១ឈ្មោះ អ៊ូ ចាន់ វាសនា ប្រុស អាយុ២៩ឆ្នាំ រស់នៅស្រុកត្រាំកក់ ។
ទី២ឈ្មោះ ឆុំ សុវណ្ណធូ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅឃុំតាំងដូង ស្រុកបាទី។
ទី៣ឈ្មោះ អុិន សុវណ្ណារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ចំណែកវត្ថុតាងដកហូតបានរួមមាន ម៉ូតូ១គ្រឿង ស្បោងសម្រាប់វិចខ្ចប់ និងសម្ភារៈសម្រាប់ជក់មួយចំនួនផងដែរ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ដែលឃាត់ខ្លួនបាននេះត្រូវកម្លាំងជំនាញស្រុកកសាងសំណុំរឿងបញ្ជូនទៅស្នងការខេត្តតាកែវចាត់ការបន្តតាមនីតិវិធី៕ (វីរៈ)