កំពង់ធំៈ ឯកឧត្តម គង់ វិមាន អភិបាលរងខេត្តកំពង់ធំ តំណាងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ អមដំណើរដោយ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន ដឹកនាំគណៈប្រតិភូយោធា នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដោយមានការចូលរួមពីសំណាក់ បញ្ជាការដ្ឋាន និងអាជ្ញាធរខេត្តក្រចេះផងដែរ នៅព្រឹកថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០១៧។
ដំណើរទស្សនៈសិក្សា របស់ប្រតិភូមិយោធា តំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងតំបន់ប្រតិបត្តិការសឹករងក្រចេះ ក្នុងគោលបំណងផ្លាស់ប្តូរនូវបទពិសោធន៍ និងសិក្សាស្វែងយល់ពីប្រវត្តិសាស្រ្ត នូវកិច្ចសហប្រតិការរវាងកងទ័ពស្ម័គ្រចិត្តប្រជាជនវៀតណាម និងកងទ័ពកម្ពុជា ក្នុងការរួមសហការប្រមូលផ្តុំ វាយរំដោះប្រជាពលរដ្ឋខ្មែរ ដែលកំពុងរងទុក្ខវេទនា នាសម័យ៣ឆ្នាំ ៨ ខែ ២០ ថ្ងៃ ក្នុងរបបបនក្បត់ប៉ុលពត និងការចងសម្ព័ន្ឋមេត្រីភាព ជាចំណងសាមគ្គីភាព មិត្តភាព វៀតណាម កម្ពុជា ស្ថិតស្ថេចិរកាល រហូតមក ដល់បច្ចប្បន្ននេះ។
បន្ទាប់ពីធ្វើការសំណេះសំណាលសួរសុខទុក្ខ គណៈប្រតិភូខេត្តទាំង២ បានអញ្ជើញមកទស្សនាផ្ទះវប្បធម៌ ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ប្រគល់អោយសង្កាត់លុកថាញ់ ដើម្បីសិក្សាពីប្រវត្តិនៃការតស៊ូសម័យសង្រ្គាម ក្រោយមកគណៈប្រតិភូបានអញ្ជើញមកអុចធូបនូវ វិមានប្រវត្តិសាស្រ្ត តាថៀន និងសិក្សាស្វែងយល់ពីបុព្វបុរស របស់វៀតណាម ដែលបានធ្វើសឹកសង្រ្គាមជាមួយសហរដ្ឋអាមេរិក ក្នុងអំឡុងឆ្នាំ ១៩៧៣ ដោយមានការបង្ហាញនូវលេដ្ឋាន និងសម្ភារៈរួមទាំងទីតាំងធ្វើសឹកសង្រ្គាមពិតៗ ដែលបានបន្សល់ទុក និងត្រូវបានបង្កើតជាកន្លែងវិមានរំលឹកគុណសម្រាប់យុវជនគ្រប់ជំនាន់ ក្នុងការសិក្សាពី យុទ្ធត្តិសាស្រ្តក្នុងការធ្វើសង្រ្គាម ។
នៅល្ងាចថ្ងៃដដែល គណៈប្រតិភូបានអញ្ជើញចូលរួមប្រជុំ ដើម្បីសំណេះសំណាល ជាមួយនឹងទាហាន វ័យក្មេង របស់តំបន់ប្រតិបត្តិការសឹករងខេត្តក្រចេះ និងទាហានវ័យក្មេង បញ្ជាការដ្ឋានយោធភូមិភាគទី ៧ ខេត្តប៊ិញភឿក ដោយផ្អែកលើខ្លឹមសារ ប្រជាជនទាំងប្រទេសទាំងពីរ គោរពឯករាជ្យ អធិបតេយ្យភាព បូរណភាពដែនដី មិនជ្រៀតជ្រែកចូលការងារផ្ទៃក្នុងរបស់ប្រទេសនីមួយៗ ជួយឧបត្ថម្ភគ្នដើម្បីអភិវឌ្ឍន៍ គ្រប់វិស័យ សេដ្ឋកិច្ច វប្បធម៌ និង សន្តិសុខការពារជាតិ រួមគ្នាដោះស្រាយ រាល់ការលំបាក និងមានការទំនាក់ទំនងសហការល្អប្រសើរជាមួយគ្នា រវាងប្រទេសទាំងពីរ ដើម្បីប្រយោជន៍ផ្ទាល់របស់ប្រជាជនទាំងពីរ ដែលពិធីប្រជុំនេះ ត្រូវបានធ្វើឡើងនៅសាលប្រជុំ បញ្ជាការដ្ឋានយោធភូមិភាគទី៧ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ក្នុងភូមិទី៣ សង្កាត់ថាញ់ទាន ក្រុងដុងស្វ័យ ខេត្តប៊ិញភៀក ។
ដោយ ប៊ុន រដ្ឋា








































