នៅក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា ប្រតិភូបានអញ្ជើញទៅដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានរំលឹកគុណមិត្តភាពកម្ពុជា-វៀតណាម នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុរួចមក ភាគីអគ្គសេនាធិការកងទ័ពទាំងពីរ ក៏បានជួបប្រជុំ
ពិភាក្សាឆ្លងរបាយការណ៍ បូកសរុបការងារ នៃការអនុវត្តកិច្ចព្រមព្រៀងប្រចាំឆ្នាំ រវាងក្រសួងការពារជាតិ នៅសណ្ឋាគារសុខា ក្រុងព្រះសីហនុ ខេត្តព្រះសីហនុបន្តទៀត ។
កិច្ចប្រជុំចរចាររវាងថ្នាក់ដឹកនាំអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ជាមួយថ្នាក់ដឹកនាំ អគ្គសេនាធិការកងទ័ព ប្រជាជនវៀតណាមនាពេលនោះ បានប្រព្រឹត្តិទៅដោយមានការអញ្ជើញចូលរួមជាអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងឯកឧត្តម ឧត្តមសេនីយ៍ឯកបំរុង ដូ បាទីក អនុរដ្ឋមន្ត្រីក្រសួងការពារ ប្រទេស និងជានាយកអគ្គសេនាធិការ កងទ័ពប្រជាជនវៀតណាម ព្រមទាំងមានការចូលរួម ពីសំណាក់ឯកឧត្តម អស់លោកជា អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពទាំងបីប្រភេទ គ្រប់មេបញ្ជាការយោធភូមិភាគ កងពលរបស់ភាគីកម្ពុជា-វៀតណាមជាច្រើនរូប ។ ក្នុងកិច្ចប្រជុំទ្វេរភាគី រវាងថ្នាក់ដឹកនាំអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងថ្នាក់ដឹកនាំអគ្គសេនាធិការកងទ័ព ប្រជាជនវៀតណាម នៅឯខេត្តព្រះសីហនុនោះ ភាគីទាំងពីរបានធ្វើនូវរបាយការណ៍ បូកសរុបបញ្ជាក់ពីលទ្ធផល សមិទ្ធិផលនៃកិច្ច សហប្រតិបត្តិការ ទំនាក់ទំនងរវាងកងទ័ពទាំងពីរ កម្ពុជា-វៀតណាម ក្នុងរយៈពេលកន្លងមក ទៅតាមអ្វីដែលក្រសួងការពារជាតិ ប្រទេសទាំងពីរ បានចុះពិធីសារនៃអនុសារណៈ កិច្ចព្រមព្រៀងយោគយល់ ទៅលើកិច្ចសហប្រតិបត្តិការ នៃការពង្រឹងពង្រីកចំណង សាមគ្គីភាពរវាងរដ្ឋាភិបាលកងទ័ពទាំងពីរឲ្យកាន់តែប្រសើរ ។ កិច្ចប្រជុំក៏បានលើកយកមកពិភាក្សាផងដែរ អំពីលទ្ធផលនៃកិច្ច សហប្រតិបត្តិការរវាងកងទ័ព ក្នុងការរក្សាសន្តិសុខតាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម រួមមានការចូលរួម កសាងអភិវឌ្ឍន៍តំបន់ព្រំដែនសន្តិភាព ការបោះបង្គោលព្រំដែន ការចូលរួមទប់ស្កាត់គ្រប់បទល្មើសនានា តាមបណ្តោយព្រំដែន ការប្រឆាំងអំពីភារវកម្ម ការជួញដូរមនុស្សឆ្លងដែនខុសច្បាប់ រួមនិងបទល្មើសជាច្រើន ដែលភាគីទាំងពីរបានរួមគ្នាធ្វើ ដែលប្រកបដោយលទ្ធផលល្អ សំរាប់ឆ្នាំ២០១៣-២០១៤កន្លងមកនេះ ។ ពាក់ព័ន្ធដល់កិច្ចសហប្រតិបត្តិការ រវាងគ្រប់បណ្តោយោធភូមិភាគ ជាប់ព្រំដែនប្រទេសទាំងពីរ កម្ពុជា-វៀតណាមនោះ របាយការណ៍ក៏បានគូសបញ្ជាក់ច្បាស់ថា យើងបានសហការគ្នាយ៉ាងល្អ ពិសេសភាគីវៀតណាមកន្លងមកបានជួយយ៉ាងច្រើនដល់កម្ពុជា ទាំងការកសាងសមិទ្ធិផល ជូនកងយោធពលខេមរភូមិន្ទ ការជួយបណ្តុះបណ្តាល និងហ្វឹកហ្វឺនគ្រប់ជំនាញដល់កងយោធពលខេមរភូមិន្ទ ដែលវគ្គហ្វឹកហ្វឺននៅវៀតណាម មានរយៈពេលវែង និងរយៈពេលខ្លី ដើម្បីជំរុញឲ្យកម្ពុជា ពិសេសកងយោធពលខេមរភូមិន្ទ កាន់តែមានធនធានមនុស្សកាន់តែច្រើន សំរាប់វិស័យការពារជាតិរបស់ខ្លួន កាន់តែរីកចំរើន និងរឹងមាំ ។ ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯកបំរុង ដូ បាទីក ជំនួសមុខឲ្យបក្ស រដ្ឋាភិបាលកងទ័ពប្រជាជនវៀតណម បានថ្លែងអំណរគុណដល់កងយោធពលខេមរភូមិន្ទ ដែលបានសហការយ៉ាងល្អក្នុងការធ្វើ ឲ្យព្រំដែនប្រទេសទាំងពីរ មានសន្តិភាព ស្ថេរភាពយ៉ាងល្អពិតប្រាកដ ពិសេសបានសហការយ៉ាងល្អក្នុងការជួយស្វះស្វែងរុករក នូវអដ្ឋិធាតុ កងទ័ពស្ម័គ្រចិត្តវៀតណាមនៅកម្ពុជាទទួលបានជោគជ័យ ។ ឯកឧត្តម ដូ បាទីក ក៏បានស្នើឲ្យភាគីកងយោធពល ខេមរភូមិន្ទបន្តកិច្ចសហប្រតិបត្តិការល្អនេះបន្តទៀត ។ ជាការឆ្លើយតបឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុល សារឿន ជំនួសមុខឲ្យ សម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏បានវាយតំលៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងកងទ័ពទាំងពីរ ដែលពីមួយថ្ងៃទៅមួយថ្ងៃ កងទ័ពយើងកាន់តែមានភាពរីកចំរើន ព្រមទាំងបានពង្រឹងពង្រីកកាន់តែរឹងមាំ នូវចំណងសាមគ្គីភាព មិត្តភាព ជាបងប្អូនកាន់តែរីកចំរើនរឹងមាំ ។ ពាក់ព័ន្ធដល់បញ្ហានយោបាយនៅកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ័ ប៉ុល សារឿន បានបញ្ជាក់ថាៈ ទោះបីនៅកម្ពុជាមានច្រើនគណៈបក្ស ឈរឈ្មោះបោះឆ្នោតក៏ពិតមែន ប៉ុន្តែមិនបានធ្វើឲ្យចំណងសាមគ្គីភាព មិត្តភាពនៃប្រទេសទាំងពីរត្រូវបែកបាក់នោះឡើយ ប៉ុន្តែផ្ទុយទៅវិញកាន់តែពង្រឹង ពង្រីកបានកាន់តែជិតស្និទ្ធិបន្ថែមទ្វេដង ។ ចំពោះបញ្ហានយោបាយនៅកម្ពុជាប្រមុខរាជរដ្ឋាភិបាលកំពុងដំណើរការដោះស្រាយ ដោយសន្តិវិធីក្នុងការផ្សះផ្សារ បង្រួបបង្រួមគ្នាកសាង និងអភិវឌ្ឍន៍ប្រទេសឲ្យកាន់តែរីកចំរើន ។
ឯកឧត្តម ប៉ុល សារឿន បានឯកភាពចំពោះរបាយការណ៍បូកសរុប របស់ភាគីទាំងពីរ កម្ពុជា-វៀតណាម សំរាប់ឆ្នាំ២០១៤ នេះព្រមទាំងបានស្នើដល់ភាគីវៀតណាម ឲ្យបន្តជួយដល់កងយោធពលខេមរភូមិន្ទ លើការងារបណ្តុះបណ្តាលធនធានមនុស្ស សំរាប់នាយទាហានដែលមានវ័យក្មេងៗ លើជំនាញព្រំដែន ជំនាញទ័ពពិសេសរបស់បញ្ជាការដ្ឋានអង្គរក្ស ទ័ពពិសេសសំរាប់ អង្គភាពយោធភូមិភាគទី៣ ទ៤ និងទី៥ របស់កម្ពុជា ដើម្បីឲ្យកងយោធពលខេមរភូមិន្ទមានគ្រប់លទ្ធភាព ក្នុងកិច្ចការពារជាតិ មាតុភូមិកម្ពុជាកាន់តែរឹងមាំ ៕